Monday, June 26, 2017

គណ​បក្ស​ប្រជាជន​កម្ពុជា​ បានសង្រ្គោះ​អាយុ​ជីវិតជាតិ​ពិតប្រាកដ ​កម្ពុជាពេលនេះ​គឺត្រូវការ​បន្តនិរន្តរភាព​នៃការអភិវឌ្ឍឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់​នៅក្នុងទំព័រហ្វេស​ប៊ុកផ្លូវ​ការរបស់លោ​កកាលពីថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៧ ​ថា ​គណបក្សប្រជាជនកម្ពុជា ​គឺជា​គណបក្សដែលបាន​ជួយសង្រ្គោះអាយុ​ជីវិតជាតិ​​ពិតប្រាកដ ហើយកម្ពុជាពេលនេះគឺត្រូវការបន្តនិរន្តរភាពនៃការអភិវឌ្ឍឱ្យកាន់​តែរីកចម្រើនទៅមុខជាបន្តទៀត។

 នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រវត្តិសាស្រ្តពិត គឺបានលាតត្រដាងបង្ហាញច្បាស់ដល់ប្រជាពលរដ្ឋឱ្យបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាលនីមួយៗដែលមិនអាចប្រឌិតបាន។ ទន្ទឹមនឹងនេះកូនខ្មែរត្រូវយល់ដឹង និងចងចាំឱ្យបានច្បាស់ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។ ជាក់​ស្តែង នៅក្នុងពេលដែលប្រទេសជាតិទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹង និងចងចាំច្បាស់បំផុតនោះគឺនៅក្នុងឆ្នាំ ១៩៧៥ ដែលពេលនោះកម្ពុជា ត្រូវបានធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានដកសិទ្ធិសេរីភាពទាំងស្រុង សាសនាត្រូវបានកំទេច សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ត្រូវបានកំទេចចោលដែរ។ ក្រុមគ្រួសារប្តីប្រពន្ធកូនចៅបងប្អូនត្រូវបានបំបែកចាប់បង្ខំឱ្យធ្វើការហួសកម្លាំង លើសពីសត្វធាតុ និងត្រូវបានសម្លាប់ចោលរាប់លាននាក់។ អ្នកចេះដឹង អ្នកជំនួញ ជនបរទេស មន្រ្តីរាជការ ទាហាន ព្រះសង្ឃ និស្សិតបញ្ញវ័ន្ត និងកូនសិស្សគ្រប់កម្រិតត្រូវបានប្រមូលហើយកំទេចចោលនៅពាសពេញប្រទេស។

កម្ពុជា ពេលនោះគឺត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពីពិភពលោក ដែលគ្មានឮសម្លេងអ្វីក្រៅពីការភ័យខ្លាច រន្ធត់ ឈឺចាប់ កាប់សម្លាប់ ជាមួយទឹកភ្នែករាប់លានដំណក់ហើយម្នាក់ៗ រង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។ រយៈពេលជាង៣ឆ្នាំ ៨ ខែ ២០ថ្ងៃពេលនោះ តើមានអ្នកណា ឬបក្ស​​នយោបាយណាដែលបានចេញមុខមកជួយសង្រ្គោះកម្ពុជា? ប្រជាពលរដ្ឋរងគ្រោះមានតែការបន់ស្រន់ដល់ព្រះ និងបន់ស្រន់បារមីស័ក្តិសិទ្ធិសុំបានរស់រានមានជីវិតចាកផុតពីការស្លាប់។ កម្ពុជានៅពេលនោះ គឺត្រូវការសង្រ្គោះបន្ទាន់បំផុត។

នៅពេលនោះហើយដែល សម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិរបស់គណបក្សប្រជាជន បានយកជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុនមកចំណាយក្នុងការសង្រ្គោះកម្ពុជាពីរបបកាប់ស​ម្លាប់​។ ដំណាក់កាលពេលនោះ គឺជាដំណាក់កាលសង្រ្គោះអាយុជីវិតជាតិពិតប្រាកដ។ បើគ្មានការចំណាយអាយុជីវិតជាដើមទុនរបស់គណបក្សប្រជាជនទេ គឺកម្ពុជាគ្មានថ្ងៃនេះដែរ។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលបានចំណាយអាយុជីវិតជាដើមទុន ត្រូវរបួសជាច្រើនដង រហូតពិការភ្នែក និងបែកបាក់ប្តីប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីបុព្វហេតុសង្រ្គោះជាតិ។ យើងទាំងអស់គ្នាចងចាំនូវគម្រូវីរភាពជាប្រវត្តិសាស្រ្តនេះគ្រប់ពេលជានិច្ច»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា «នៅពេលនេះ គឺកម្ពុជាកំពុងមានសុខសន្តិភាព រីកចម្រើនបោះជំហានទៅមុខ ដែលពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរធ្វើការតូចធំគ្រប់កម្រិត ក្មួយៗចៅៗសិស្សា​នុសិស្ស មានឱកាសសិក្សារៀនសូត្រគ្រប់ទីកន្លែង វត្តអារាម ព្រះវិហារតូចធំត្រូវបានកើតឡើងព្រោងព្រាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានតូចធំត្រូវបានកសាងជាបន្តបន្ទាប់ រថយន្តតូចធំចរាចរណ៍ពាសពេញប្រទេស ទេសចរបរទេសរាប់លាននាក់បានមកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ។ កម្ពុជាពេលនេះមិនមែននៅក្នុងភ្នក់ភ្លើងសង្រ្គាមឬរបបប្រល័យពូជសាសន៍ដែលត្រូវការការសង្រ្គោះអ្វីឡើយ។ កម្ពុជាពេលនេះ គឺត្រូវបន្តនិរន្តរភាពនៃការអភិវឌ្ឍឱ្យកាន់​តែរីកចម្រើនរុងរឿងទៅមុខ ហើយយើងទាំងអស់គ្នាបន្តចូលរួមថែរក្សាការពារសន្តិភាពជាមួយ សម្តេច​តេជោ ហ៊ុន សែន ដើម្បីកម្ពុជាកាន់តែមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើង»៕


No comments:

Post a Comment