Monday, May 08, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍តន្រ្តីទំនើបៗឱ្យជនពិការ យកទៅប្រគំនៅទីតាំងចំនួន៣ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សា សកម្មភាព ជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្រុមតន្រ្តីជនពិការ រីករាយក្នុងការប្រើ ប្រាស់ឧបករណ៍តន្រ្តី ជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញជាឧបករណ៍តន្រ្តី ជូនដល់ជនពិការប្រមាណជា២០០នាក់ និងបានមកពីការជួយជ្រោមជ្រែងបន្ថែមពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់ យកទៅប្រើប្រាស់ និងប្រគំតន្រ្តីនៅតាមទីតាំងចំនួន៣ នៅរាជធានីភ្នំពេញ ជាការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងដើម្បីបញ្ចៀស និងជំរុញឲ្យ ក្រុមជនពិការទៅប្រគុំតន្រ្តីនៅតាមទីសាធារណៈ។
លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំក្រុមការងារ ក្រោមការបញ្ជាផ្ទាល់ពីលោក វង សូត ចូលរួមនៅក្នុងពិធីសម្ពោធ កម្មវិធីប្រគំតន្រ្តីជូនជនពិការ នៅមុខសួនវត្តបុទុមវត្តី។
លោក ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមថា «ការប្រគំតន្រ្តីរបស់ក្រុមជនពិការនេះ លោកបានកត់សំគាល់ឃើញថា ទី១-គឺការបញ្ចេញ នូវសមត្ថភាពរបស់គាត់សម្រាប់ប្រជាពលរដ្ឋ សាធារណជន អ្វីដែលយើងចង់ឃើញ និងចង់បាន គឺការបញ្ចេញសមត្ថភាពហើយ យើងចង់ឲ្យប្រជាពលរដ្ឋឃើញថា ក្រុមតន្រ្តីជនពិការមានសមត្ថភាពគ្រប់គ្រាន់លេង ដូចក្រុមតន្រ្តីមិនមែនជាជនពិការដូចគ្នាដែរ។ ទី២-យើងកត់សំគាល់ឃើញថា ការបរិច្ចាគថវិកាជូនក្រុមតន្រ្តីជនពិការ ហាក់ដូចជា មានចំនួនច្រើនជាងលេង នៅតាមផ្លូវសាធារណៈ ប៉ុន្តែនេះមិនមែនជាគោលដៅដែលយើង ដាក់ធុងមូលនិធិ របស់ពួកគាត់លេងដើម្បីវៃអង្គាសថវិកានោះទេ គឺយើងចង់ឲ្យសាធារណជន បានដឹងពីសមត្ថភាពរបស់ជនពិការ និងហៅពួកគាត់ទៅប្រគំនៅតាមកម្មវិធីជប់លៀង ពិធីមង្គលការ ឡើងផ្ទះជាដើម»។
លោក ឯម ច័ន្ទមករា សង្ឃឹមថា នៅថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋ នឹងកាន់តែគាំទ្របងប្អូនជនពិការដែលបានសម្តែងបន្តទៀត។ លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងតែជំរុញឲ្យក្រុមតន្រ្តីជនពិការនីមួយៗ ប្រមែប្រមូលក្រុមដទៃទៀត សែលគាត់កំពុងតែលេង នៅតាមដងផ្លូវមកលេងជួបជុំគ្នា ហើយក៏រំពឹងថា មានអ្នកគាំទ្រ និងជួយឧបត្ថម្ភពួកគាត់បន្តទៀត ដើម្បីធ្វើឲ្យជីវិតរបស់ពួកគាត់ កាន់តែប្រសើរជាងនេះ។
លោក ឯម ច័ន្ទមករា បានសំណូមពរ ដល់បងប្អូនជនពិការ ដែលលេងនៅតាមដងផ្លូវ មកចូលរួមជាមួយបងប្អូនជនពិការដែលកំពុង សម្តែងសមត្ថភាពនៅទីកន្លែងមួយដែលសមរម្យ មានឆាកសម្តែងត្រឹមត្រូវ មិនក្តៅ មានផាសុខភាពល្អ ហើយក៏មានការ ត្រួតពិនិត្យ ពីសមត្ថកិច្ចប្រចាំនៅតំបន់ និងមានការតាមដានមើលពីប្រធានមន្ទីរសង្គមកិច្ច និងក្រុមការងារ។ សកម្មភាពទាំងនេះ បានជួយឲ្យក្រុមជនពិការទាំងអស់ មានស្ថានភាពល្អប្រសើរជាងមុន និងក៏ល្អជាងដែលពួកគាត់ ធ្វើសកម្មភាព នៅតាមទីសាធារណៈ។
ជាមួយគ្នានោះលោក ជា ហ៊ន ប្រធានក្រុមតន្រ្តីចម្រៀងជនពិការ និងជាតំណាងឲ្យជនពិការទាំងនោះ បានស្នើឲ្យសាលារាជធានីភ្នំពេញ ជួយឧបត្ថម្ភជាឆាកប្រគុំតន្រ្តីសមរម្យមួយ ជូនបងប្អូនជនពិការឲ្យបានសម្តែងជាអចិន្រ្តៃយ៍ នៅតាមទីតាំងសមរម្យ រួមមាន សួនបុទុមវតី វត្តភ្នំ និងអតីតទីលានប្រជាធិបតេយ្យជាដើម។
គួរបញ្ជាក់ថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានលះបង់នូវថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍តន្រ្តីទំនើបៗជូនជនពិការ យកទៅប្រគុំតន្រ្តីនៅទីតាំងចំនួន៣ក្នុងរាជធានីភ្នំពេញរួមមាន នៅមុខវត្តបុទុមវត្តី វត្តភ្នំ និងអតីតទីលានប្រជាធិបតេយ្យ។
ឧបករណ៍តន្រ្តីទំនើបៗ បានប្រគល់ ជូនដល់ក្រុមតន្រ្តីជនពិការចំនួនជិត២០០នាក់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីជាការជួយដោះស្រាយជីវភាព រស់នៅសម្រាលនូវទុក្ខលំបាក ដែលបងប្អូនក្រុមតន្រ្តី ជនពិការខ្វះខាត។មានឧបករណ៍ភ្លេងលេងទំនើបៗ ក្នុងនោះរួមមាន៖ ឧបករណ៍ ស្គរ ហ្គីតាសូឡូ ហ្គីតាបាស អ័ក គ្រឿងបំពងសម្លេង មេក្រូ អំភ្លី និងឧបករណ៍ភ្លេងទំនើបៗជាច្រើនមុខទៀត៕




No comments:

Post a Comment