នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ចន ឃី (John Key) អតីតនាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ បានកោតសរសើរ ពីការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំមកនេះ ដោយសារ កាលពីឆ្នាំ២០១២ ក្នុងពេល ដែលលោក ជានាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ ធ្លាប់បានមកកាន់ប្រទេសកម្ពុជាជាលើកទីមួយ ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ។ បន្ទាប់មក លោកក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ក្នុងប្រទេសប្រ៊ុយណាយឌេរ៉ូសាឡឹម ម្តងទៀត។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់ក្រោយជំនួបនេះ។
ចំណែកការជួបពិភាក្សា រវាងលោក ចន ឃី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ គឺក្នុងនាមលោក ជាប្រជាពលរដ្ឋសាមញ្ញ និងក្នុងន័យរាប់អានជាមិត្តភាពប៉ុណ្ណោះ។ បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សាជុំវិញបញ្ហាតំបន់ និងពិភពលោកផងដែរដោយប្រទេសណូវ៉េហ្សេឡង់ គឺជាដៃគូសន្ទនារបស់អាស៊ាន។ ក្នុងដំណើរទស្សនកិច្ចរបស់ លោក ចន ឃី នៅកម្ពុជាពេលនេះ គឺដើម្បីមកពិនិត្យមើលគម្រោងមួយចំនួន ដែលគាំទ្រដោយបណ្ឌិត ហ៊ីរ៉ុ ហ៊ីស្សាហាន់ដា ដែលជាសប្បុរសជន ជប៉ុនមួយរូប តែងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ នៅកម្ពុជា។ ដូចគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្នុងមួយជីវិតរបស់លោកតែងអោយអាទិភាពចំបងទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយកន្លងមក លោកតែងជម្រុញអោយវិស័យនេះមានការរីកចម្រើន នៅពេលជួបជាមួយមេដឹកនាំនៃបណ្តាប្រទេសផ្សេងៗ។ ជាក់ស្តែងជារៀងរាល់ឆ្នាំ គឺ បណ្ឌិត ហ៊ីរ៉ុ ហ៊ីស្សាហាន់ដា តែងផ្តល់អាហារូបករណ៌លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយចំនួន សម្រាប់និស្សិតកម្ពុជា តែម្តង ។ ជាងនេះទៀត ផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងទ្វេភាគី ប្រទេសណូវ៉ែហ្សែឡង់ ក៏បានផ្តល់អាហារូបករណ៌៣៥កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅទីនោះផងដែរ៕
No comments:
Post a Comment