Thursday, December 15, 2016

គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ បើកសិក្ខាសាលាស្តីពីការរៀបចំការវិនិយោគលើហានិភ័យគួរឱ្យភ័យខ្លាច

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ (គជគម) តំណាងលោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានអញ្ជើញបើកសិក្ខាសាលាស្តីពីការរៀបចំការវិនិយោគលើហានិភ័យគួរឱ្យភ័យខ្លាច នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។
អង្គសិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៦ គឺដើម្បីជួយដល់បណ្តាប្រទេសនានាក្នុងការលើកកម្ពស់សមត្ថភាព ក្នុងការរៀបចំផែនការវិនិយោគលើហានិភ័យគួរអោយភ័យខ្លាច UNISDR ដោយមានការគាំទ្រពីគណៈកម្មការអ៊ឺរ៉ុប ដែលបាននិងកំពុងរៀបចំកម្មវិធីគាំទ្រដល់បណ្តាប្រទេសនានា ដើម្បីធ្វើការប៉ាន់ប្រមាណហានិភ័យ និងរៀបចំផែនការវិនិយោគបានប្រសើរ ដើម្បីដោះស្រាយនូវហានិភ័យទាំងនេះ។
គួរបញ្ជក់ថា កម្មវិធីនេះ បានចាប់ផ្តើមនៅដើមឆ្នាំ២០១៤ ដោយផ្តោតសំខាន់លើសមាសភាពចំនួន៤គឺ៖ ទី១៖ ការកសាងប្រព័ន្ធទិន្នន័យការបាត់បង់ដោយគ្រោះមហន្តរាយថ្នាក់ជាតិ ដែលអាចផលិតនូវព័ត៌មានសំខាន់ៗសម្រាប់ការប៉ាន់ប្រមាណហានិភ័យ និងជូនដំណឹងដល់ការវិនិយោគសាធារណៈស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ទី២៖ ការប៉ាន់ប្រមាណបឋម ទទួលបានពីដំណើរការខាងលើ នឹងត្រូវបានដាក់បញ្ជូលជាមួយការវិភាគហានិភ័យ (ទឹកជំនន់ ខ្យល់ព្យុះ បាក់ដី រាំងស្ងួត និងមុខសញ្ញាគ្រោះថ្នាក់ពាក់ព័ន្ធអាកាសធាតុ ក៏ដូចជាមុខសញ្ញាគ្រោះថ្នាក់បង្កឡើងពីភូមិសាស្ត្រ ដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ)។ ការប៉ាន់ប្រមាណនេះ នឹងជាមូលដ្ឋានសម្រាប់ការគណនាហានិភ័យ ដែលប្រទេសនីមួយៗអាចទប់ទល់បាន និងទំហំដែលអាចផ្ទេរតាមរយៈយន្តការធានារ៉ាប់រង និងមធ្យោបាយផ្សេងទៀត។ ការប៉ាន់ប្រមាណនេះ ក៏ផ្តល់ជាគោលគំនិតថា តើប្រទេសនីមួយៗគួរតែអាចវិនិយោគទៅក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងតើការវិនិយោគទៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយមានទម្រង់ដូចម្តេច។ ទី៣៖ ការពិនិត្យឡើងវិញលើការវិនិយោគដែលមានស្រាប់ពាក់ព័ន្ធនឹង ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមមានការកសាងនូវ យន្តការសម្រាប់តាមដានការវិនិយោគ ដែលត្រួសត្រាយផ្លូវសម្រាប់ការដាក់បញ្ជូលការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ទៅក្នុងប្រព័ន្ធនៃការធ្វើផែនការវិនិយោគរបស់ប្រទេស។ ការពិនិត្យឡើងវិញនេះ នឹងផ្អែកទៅលើការប៉ាន់ប្រមាណហានិភ័យ និងការងារគ្រប់គ្រងហានិភ័យដូចបានរៀបរាប់ខាងលើ និង ទី៤៖ ការចែករំលែកឱ្យបានទូលំទូលាយនូវចំណេះដឹង និងព័ត៌មាន ដែលទទួលបានពីដំណើរការខាងលើ។
អង្គសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖ – បង្ហាញនូវលទ្ធផលសំខាន់ៗ ពីការវិភាគការប៉ាន់ប្រមាណហានិភ័យ និងទិន្នន័យបាត់បង់ -បង្ហាញនូវលទ្ធផលសំខាន់ៗ នៃរបាយការណ៍ថ្នាក់ជាតិ -ចែករំលែកបទពិសោធន៍ដល់អ្នកចូលរួម ស្តីពីការវិភាគថវិកាសម្រាប់ហានិភ័យគួរឱ្យភ័យខ្លាច -បង្ហាញពីវិធីសាស្ត្រនៃការវិភាគអត្ថប្រយោជន៍ថ្លៃដើម -រិះរកជំហានបន្ទាប់ សម្រាប់ការផ្ទេរការអនុវត្តការវិនិយោគហានិភ័យសាធារណៈទៅក្នុងគោលនយោបាយ។ សិក្ខាសាលានេះ ក៏ផ្តោតលើគោលនយោបាយការធ្វើផែនការហិរញ្ញវត្ថុសហគមន៍ និងការវិនិយោគ    សាធារណៈ ក៏ដូចជាអ្នកជំនាញថ្នាក់ជាតិផ្នែកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
លោក ហង្ស សាមឿន បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏បានផ្ដល់នូវការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ដើម្បីការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងធ្វើសុពលភាព  ពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃទម្រង់របាយការណ៍ទិន្នន័យគ្រោះមហន្តរាយជាមួយក្រសួងពាក់ព័ន្ធ ភ្នាក់ងារសហប្រជាជាតិ អង្គការសង្គមស៊ីវិល គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី/ខេត្តស្រុក/ក្រុង/ខណ្ឌនិងឃុំសង្កាត់។
លោកអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ បានបន្ថែមថា ការប្រែប្រួលអាកាសធាតុ នឹងនាំឱ្យមានព្រឹត្ដិការណ៍អាកាសធាតុជលសាស្ដ្រ-ឧតុនិយមកំណាច កាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសងាយរងគ្រោះទៅនឹងមុខសញ្ញាគ្រោះថ្នាក់ទី ២ នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសបង់ក្លាដេស។ ជាសាកល ប្រទេសកម្ពុជាស្ថិ តនៅលំដាប់លេខរៀងទី ៨ ក្នុងចំណោមប្រទេស ដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ។ គ្រោះមហន្ដរាយធំៗ ដែលកើតមានជាញឹកញាប់នៅកម្ពុជា រួមមាន គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅឆ្នាំកន្លងទៅថ្មីៗនេះ បានធ្វើឱ្យមានការបាត់បង់ និងការខូចខាតយ៉ាងច្រើនលើផ្ទះសម្បែង សុខភាព ការអប់រំ ទីផ្សារ ដំណាំកសិកម្ម សត្វពាហនៈ ទ្រព្យសម្បត្ដិ និងហេដ្ឋារចនាសម្ព័ន្ធ៕





No comments:

Post a Comment