Tuesday, December 20, 2016

មេដឹកនាំកម្ពុជា-វៀតណាម ប្តេជ្ញាគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមិនគំរាមកំហែងសន្តិសុខគ្នាទៅវិញមក

(ហាណូយ)៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅជំនួបពិភាក្សាទ្វេភាគី រវាង នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក  បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសរួមកម្ពុជា វៀតណាម ឆ្នាំ១៩៩៩ ឆ្នាំ២០០៥ ឆ្នាំ២០១១ ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងធានាថា មិនឱ្យមានកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរតាមរយៈការពិភាក្សាដោយសន្តិវិធី។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ ការទាក់ទងនិងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញឱ្យមានការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជនជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការអប់រំប្រជាជនទាំងពីរឱ្យយល់ដឹងពីមិត្តភាពជាប្រពៃណី និងការជួយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះមេដឹកនាំទាំងពីរ បានឯកភាពធ្វើការជាមួយគ្នា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរពិសេសរវាងយុវជនជំនាន់ក្រោយ។ មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនានា ដែលបានចុះហត្ថលេខាដោយបានឯកភាពណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលក្នុងការកែសម្រួលយន្តការពាក់ព័ន្ធដើម្បីស្វែងរកវិធានការដែលមានប្រសិទ្ធភាព ក្នុងការបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចតាមគោលដៅ ៥ពាន់លានដុល្លារអាមេរិកនាបណ្តាឆ្នាំខាងមុខ។

ក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការអះអាងសារជាថ្មី នូវការគោរព និងការអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរ។ តាមរយៈនោះមេដឹកនាំទាំងពីរ បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានសម្រេចបានជាង៨៣% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងរយៈពេលកន្លងមកដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបាននោះ ភាគីទាំងពីរបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាប់ព្រំដែននៃសន្តិភាព ស្ថេរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តីវៀតណាម ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧៕





No comments:

Post a Comment