Friday, December 30, 2016

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ ដង្ហែព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងតាមរថភ្លើងទៅកាន់ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧។ ទន្ទឹមនឹងនេះដែរ គឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ពិតណាស់ ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្រ្គាម ផ្លូវរថភ្លើងកម្ពុជា ត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។
លោក ហ៊ុន សែន និងភរិយា ក៏សូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៧៖១៨នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងមកដល់ស្ថានីយ៍រថភ្លើង ដើម្បីយាងតាមរថភ្លើងពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ការយាងតាមរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយលោកនាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា លោកឧបនាយករដ្ឋមន្រ្តី ស ខេង, លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន នឹងដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ខេត្តព្រះសីហនុ។ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយរួចជាស្រេច ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ។
ព្រះទីនាំងរថភ្លើងរបស់ព្រះអង្គទាំងទ្វេ នឹងឈប់ចតនៅស្ថានីយ៍ចំនួន៣កន្លែង, ទី១៖ស្ថានីយ៍រថភ្លើងនៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើងនៅខេត្តកំពត និងទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយរួចជាស្រេច ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុផងដែរ៕





No comments:

Post a Comment