Friday, August 05, 2016

ភស្តុតាង​ជាច្រើនបង្ហាញថា " បក្ស​សង្គ្រោះជាតិ​ក្លែង​ស្នាមមេដៃ បោកប្រាស់​ទាំងព្រះ​មហាក្សត្រ និងប្រជា​ពលរដ្ឋ"

នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃប្រជាពលរដ្ឋ ដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានធ្វើសន្និសីទកាសែត ស្តីពីលទ្ធផលការធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃប្រជាពលរដ្ឋ នៅក្នុងញត្តិ របស់គណបក្សសង្រ្គោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រនាពេលកន្លងទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងសន្និសីទរបស់នាយឧត្តម ខៀវ សុភ័គ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ បានធ្វើកោសល្យវិច្ច័យលើស្នាមមេដៃ ៦ម៉ឺន ក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន របស់ CNRP ដោយក្នុងនោះ រកឃើញថា អត់អាស័យដ្ឋានសោះ ២៦៩៥៣នាក់ មានឈ្មោះ គ្មានស្នាមមេដៃ១៨៨ឈ្មោះ និងមានស្នាមមេដៃ តែអត់ឈ្មោះចំនួន៩ និងមនុស្សម្នាក់ធ្វើការផ្តិតម្រាមដៃរបស់ខ្លួនដល់៧ម្រាមដៃ។ ចំពោះទម្រង់និងខ្លឹមសារនៅក្នុងញត្តិគឺមានលក្ខណៈដូចគ្នាទាំងអស់។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថែមទៀតថា ប្រជាពលរដ្ឋ១២៧នាក់ ចេញមុខតវ៉ាចោទប្រកាន់ថា សកម្មជន CNRP បានបោកប្រាស់ពួកគេឱ្យផ្តិតមេដៃដើម្បីទទួលបានជំនួយ ស្នើសុំធ្វើផ្លូវថ្នល់ ស្នើសុំជីកស្រៈ ស្នើសុំទំនិញចុះថោក និងមានមូលហេតុផ្សេងៗមួយ ចំនួនទៀត ប៉ុន្តែយកទៅបម្រើហេតុផលនយោបាយទៅវិញ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងញត្តិនោះ ត្រូវបានពិនិត្យឃើញថាមានភាពមិនប្រក្រតីមួយចំនួនដូចជា មានឈ្មោះប្រជាពលរដ្ឋចំនួន ១៦២៣ នាក់ គ្មានវត្តមាននៅក្នុងមូលដ្ឋានរស់នៅឡើយក្នុងពេលធ្វើញត្តិនោះ ហើយប្រជាពលរដ្ឋចំនួន ៤៤៥នាក់ បានផ្ទេរទីលំនៅ និង៧៧នាក់បានស្លាប់បាត់បង់ជីវិត។ រហូតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្រ្គោះជាតិ ២៥១នាក់ ត្រូវបានហៅមកធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពរឿងដើរបោកប្រាស់ប្រជាពលរដ្ឋឱ្យផ្តិតមេដៃលើញត្តិ ព្រមទាំងធ្វើកំណត់ហេតុ ។
ដោយឡែក នាយឧត្តមសេនីយ៍ កង សុខន ក៏បានបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ នឹងចាត់ឲ្យអគ្គស្នងការនគរបាលជាតិ ធ្វើការស៊ើបអង្កេតបន្តទៀតលើលទ្ធផលនៃការស៊ើបអង្កេតរបស់ គណៈកម្មការកោសល្យវិច្ច័យ របស់ក្រសួងមហាផ្ទៃដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវថែមទៀត។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ តំណាងរាស្រ្តគណបក្សប្រឆាំង បានដាក់ញត្តិអមដោយស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួនជាង ១៧ម៉ឹនស្នាមមេដៃ ថ្វាយព្រះ មហាក្សត្រដើម្បីទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.បនិងអំពាវនាវឱ្យទម្លាក់ការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិផងដែរ៕







 


 

No comments:

Post a Comment