វិស័យទេសចរណ៍ពិតជាកាតាលីករ ដ៏មានសក្តានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានវឌ្ឍនភាពប្រាកដ។
ក្រោយពីសង្រ្គាមបានបញ្ចប់ទៅក្រោមគោលនយោបាយ យុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល
ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ
ប្រទេសជាតិមានសុខសន្តិភាពពេញលេញធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់
ហើយប្រាសាទបុរាណជាច្រើននៃតំបន់រមណីយដ្ឋានអង្គរក្លាយជាគោលដៅទេសចរណ៍ដែលមានការទាក់ទាញខ្ពស់បំផុតលើពិភពលោក។
តាមរយៈភាពល្បីល្បាញនេះ ភ្ញៀវទេសចរក៏ចាប់ផ្តើមហូរចូលមកទស្សនាប្រាសាទបុរាណខ្មែរកាន់តែច្រើនឡើងៗ
ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុនាំឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងនិងប្រជាពលរដ្ឋមានមុខរបរធ្វើស្ទើរតែគ្រប់ៗគ្នា។
ជាក់ស្តែង អ្នកភូមិរហាលជាភូមិបុរាណមួយដែលមានទីតាំងនៅជាប់ស្រះស្រង់ខាងជើងស្ថិតនៅសង្កាត់អង្គរធំក្រុង/ខេត្តសៀមរាបដែលតាំងតែពីដើមមក
ពួកគាត់ធ្លាប់ធ្វើស្រែចំការតែមុខគត់តាមទម្លាប់ឪពុកមា្តយរបស់ពួកគាត់ ដែលទិន្នផលបានមកស្ទើរតែចិញ្ចឹមជីវិតប្រចាំថ្ងៃមិនគ្រប់
ប៉ុន្តែ បច្ចុប្បន្ននេះ ពួកគាត់មានការប្រែមុខប្រែមាត់ ជីវភាពធូរធារ សាងសង់ផ្ទះធំៗ
មានម៉ូតូ ឡានជិះនិងអាចមានលទ្ធភាពឲ្យកូនរៀនបានខ្ពង់ខ្ពស់ៗថែមទៀតផង។ នេះដោយសាររបរធ្វើសិប្បកម្មរទេះគោនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗបន្ថែមទៀតលើការងារស្រែចំការសម្រាប់ទុកលក់ឲ្យភ្ញៀវទេសចរដែលបានចូលមកទស្សនាក្នុងតំបន់ពួកគាត់កំពុងរស់នៅ។
ប្អូនប្រុស ពើយ ម៉ុន អាយុ១៧ឆ្នាំជាសិស្សរៀនទី១០នៅវិទ្យាល័យមួយក្នុងក្រុងសៀមរាបបានលើកឡើងថាប្អូនប្រុសទំនេរពីការសិក្សា
ឆ្លៀតឱកាសធ្វើរទេះគោទុកលក់ឲ្យភ្ញៀវទេសចរជាតិនិង អន្តរជាតិដើម្បីបានប្រាក់ចំណូលសម្រាប់ចំណាយទៅលើការសិក្សាផ្ទាល់ខ្លួន
និងជួយក្រុមគ្រួសារមួយចំណែកទៀត។ ប្អូនបានបន្តថាក្នុងមួយថ្ងៃប្អូនអាចធ្វើរទេះខ្នាតតូចៗបាន២គ្រឿងដោយមួយគ្រឿងអាចលក់បានពី៣ដុល្លាទៅ៥ដុល្លា។ប្អូនបានបញ្ជាក់ថាការងារនេះអាចរកប្រាក់ចំណូលបានគួរសមដែរ។
ចំណែកលោកអុំ ភាវ សុខ អាយុ ៧០ឆ្នាំជាសិប្បករធ្វើរទេះគោខ្នាតមធ្យមចាប់ពី៥តឹកដល់១ម៉ែត្រជាង២០ឆ្នាំហើយបានប្រសាសន៍ឲ្យដឹងថា
គាត់ធ្វើរទេះគោទៅតាមខ្នាតមាន៥តឹកតម្លៃ៧០ដុល្លា ៦តឹកតម្លៃ៨០ដុល្លា ៨តឹកតម្លៃ១២០ដុល្លានិង១ម៉ែត្រតម្លៃ១៨០ដុល្លានិងធ្វើទៅតាមការកុម្ម៉ង់របស់ភ្ញៀវដែលចង់បានថែមទៀតផង
ហើយការធ្វើរទេះគោមួយគ្រឿងៗត្រូវចំណាយពេល១សប្តាហ៍ទៅកន្លះខែឬក៏មួយខែតាមប្រភេទរទេះតូចធំ
ទើបរួច។លោកអុំបានបញ្ជាក់ថាប្រាក់ចំណូលបានមក អាចជួយផ្គត់ផ្គង់គ្រួសារគាត់រស់នៅបានស្រួល។
រយៈកាលកន្លងមក អាជា្ញធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មក្នុងជួយជ្រោមជ្រែងបង្កើតឲ្យមានសហគមន៍សិប្បកម្មនិងសហគមន៍រទេះគោសម្រាប់ដឹកភ្ញៀវដើរលេងកម្សាន្តតាមភូមិរបស់ពួកគាត់ផ្ទាល់ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មានដល់ក្រុមហ៊ុនទេសចរណ៍
និងមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បីប្រាប់និងនាំភ្ញៀវទេសចរមកទស្សនានិងជិះរទះគោទៀតផង។ម្យ៉ាងវិញទៀត
អាជ្ញាធរជាតិអប្សរា សូមគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសកម្មភាពទាំងនេះ
ព្រោះមិនត្រឹមតែអាចទាញយកប្រាក់ចំណូលបន្ថែមសម្រាប់ជួយផ្គត់ផ្គង់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ
ប៉ុន្តែវាថែមទាំងជួយថែរក្សានូវទំនៀមទម្លាប់សិប្បកម្មបុរាណដែលជាអត្តសញ្ញាណជាតិ
និងជាកេរដំណែលដូនតាតាំងពីយូរលង់ណាស់មកហើយទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់
ក៏ដូចជាបង្ហាញអន្តរជាតិឲ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ឡើង៕
No comments:
Post a Comment