Saturday, March 12, 2016

សម្តេច​តេជោ អញ្ជើញ​មកដល់​អាកាស​យាន​ដ្ឋាន​វ៉ាត់តៃ ទីក្រុង​វៀងច័ន្ទ ដើម្បី​អញ្ជើញ​បំពេញ​ទស្សន​កិច្ច កា​រងាររយៈ​ពេល​២ថ្ងៃ នៅ​ប្រទេសឡាវ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៩និង១៥នាទី នៅព្រឹកថ្ងៃដដែលនេះ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ យន្តពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ធ្វើការចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ ប្រកបដោយសុវត្តិភាព ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍យ៉ាង ស្និតស្នាលរ៉ាក់ទាក់បំផុត ពីលោកជំទាវ Sounthone XAYACHACK ប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ ឯកឧត្តម ហោ សិរីធន ឯកអគ្គរាជទូតវិសាមញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ និងមន្រ្តីការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។

ដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេស ឡាវ នៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ។ ដំណើរទស្សនកិច្ចការងារនេះសោត គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង ពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឲ្យកាន់តែរឹងមាំរីកចំរើនទ្វេ ឡើងថែមទៀត ពិសេសការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ កីឡា រួមទាំងការ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក្នុងការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែជិតស្និត ទ្វេឡើងថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។







No comments:

Post a Comment