Wednesday, March 23, 2016

អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ ច្រានចោលការឃោសនា​អកុសលរបស់ជន ខិលខូច មួយចំនួន រួមទាំងវិទ្យុអាស៊ីសេរី ជុំវិញបញ្ហារបស់ប្រជាពលរដ្ឋភូមិស្វាយជ្រុំ

អាជ្ញាធរជាតិព្រះវិហារ ដែលមានលោក គង់ ពុទ្ធិកា ជាប្រធាន និងអាជ្ញាធរខេត្តព្រះវិហារ ដែលចុះហត្ថលេខាលោក សុខ ហៃ អភិបាលរងខេត្ត បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដោយបានធ្វើការបំភ្លឺចំពោះការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ថា ប្រជាពលរដ្ឋដែលធ្លាប់នៅចំណុចស្វាយជ្រុំនឹងអាចវិលត្រលប់មករស់នៅចំណុចស្វាយជ្រុំ ដែលស្ថិតនៅតំបន់អភិរក្សប្រសាទព្រះវិហារវិញ គឺអាជ្ញាធរទាំងពីរនេះ បានហៅការចុះផ្សាយនោះថាជារឿងប្រឌិតទាំងស្រុង។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមរយៈលិខិតលេខ ១១២ ស.ជ.ណ. ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ របស់សម្តេចក្រឡាហោម ស ខេង ស្តីពីសំណើសុំជួយរកដំណោះស្រាយឲ្យបានវិលត្រឡប់ទៅរស់នៅក្នុងភូមិស្វាយជ្រុំ ឬភូមិឬស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវិញ ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គឺជានីតិវិធីបញ្ជូនសុំណុំរឿងរបស់ក្រសួងមហាផ្ទៃទៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពុំមែនជាការសម្រេចរបស់ក្រសួងមហាផ្ទៃឡើយ ហើយទីតាំងនេះត្រូវបានគ្រប់គ្រងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/៧៥២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់រមណីយដ្ឋានព្រះវិហារ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ករណីនេះផងដែរ ក៏បានទទួលការបញ្ជាក់ពីគណៈកម្មាធិការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភារួចហើយ តាមរយៈលិខិតលេខ ២៩៩ រស.គ១ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ដែលប្រជាពលរដ្ឋយល់ព្រមព្យួរការតវ៉ាទាមទារ និងព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់អាជ្ញាធរខេត្តព្រះវិហារហើយ។ ចំពោះប្រជាពលរដ្ឋដែលបានផ្ទេរពីតំបន់ស្វាយជ្រុំមករស់នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន អាជ្ញាធរមានសមត្ថកិច្ចក៏បាននឹងបន្តដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រគល់ដីលំនៅដ្ឋាន និងដីកសិកម្ម សម្រាប់ការតាំងទីលំនៅថ្មីនេះ មានហេដ្ឋារចនាសម្ព័នល្អប្រសើររួមមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទំនប់ទឹក និងរចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។
អាជ្ញាធរព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហា ក៏បានថ្កោលទោសរាល់សកម្មភាពអគតិ និងការបំភ្លៃរបស់ជនខិលខូចទាំងឡាយណា ដែលមានបំណងបង្ខូចតំលៃលេចធ្លោជាសកលរបស់បេតិកភណ្ឌពិភពលោក និងបានសំណូមពរដល់បណ្តាញសារព័ត៌មានទាំងអស់ មេត្តាបន្តផ្សព្វផ្សាយព័ត៌មាន ដែលផ្តល់ភាពវិជ្ជមានដល់សង្គមជាតិ និងរក្សាតំលៃសនតិភាពនៅតំបន់ព្រំដែនប្រាសាទព្រះវិហារដែលយើងទទួលបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមអានខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចតទៅ៖





No comments:

Post a Comment