មន្ទីរសុខាភិបាលរាជធានីភ្នំពេញ
បានចុះបាញ់ថ្នាំសម្លាប់មូសនៅជាយក្រុង
ដើម្បីការពារជំងឺគ្រុនឈាមនិងទប់ស្កាត់ជំងឺគ្រុនម្យ៉ាងដែលឆ្លងពីវិរុស
Zika ។
វីរុស Zika គឺជាវីរុសម្យ៉ាងដែលគេរកឃើញថា
បានឆ្លងមកពីសត្វមូសខាំ ដែលបង្កឱ្យកើតជំងឺគ្រុនម្យ៉ាងធ្ងន់ធ្ងរ
ស្រដៀងនឹងជំងឺគ្រុនឈាមផងដែរ ។
បរិមាណមូសនៅប្រទេសកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ
ត្រូវក្រុមជំនាញនិយាយថា មានចំនួនច្រើនបើប្រៀបធៀបទៅនឹងឆ្នាំមុន
ដែលនាំឲ្យក្រសួងសុខាភិបាល
បារម្ភចំពោះការឆ្លងជំងឺមួយចំនួនដោយសារមូសខាំ ។
មន្ទីរសុខាភិបាលនៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៦
បានចាត់មន្ត្រីចុះបាញ់ថ្នាំសម្លាប់មូស នៅតំបន់ជម្រកមូសមួយចំនួន
ក្នុងខណ្ឌសែនសុខរាជ ធានីភ្នំពេញ ។ ប្រធានកម្មវិធីគ្រុនចាញ់
គ្រុនឈាមនៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម
បានបញ្ជាក់ឱ្យដឹងថា
ក្រសួងសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាលរាជធានី និងខេត្ត
ត្រូវអនុវត្តវិធានការកម្ចាត់មូសព្រមៗគ្នា គ្រាដែលវិរុស Zika កំពុងឆ្លងរាលដាលខ្លាំងនៅតំបន់អាម៉េរិកខាងត្បូង
អឺរ៉ុបជាដើម ។
វីរុស Zika ត្រូវបានអង្គការសុខាភពពិភពលោកប្រកាសថា
គឺជាបញ្ហាកង្វល់សម្រាប់សុខភាពសាធារណៈជាអន្តរជាតិ ។ ការប្រកាសនោះ
ដោយសារជំងឺនេះ បានឆ្លងតាមរយៈមូសខាំ
និងបានរីករាលដាលខ្លាំងនារយៈពេលចុងក្រោយនេះ
ជាពិសេសគឺតំបន់អាម៉េរិកខាងត្បូង,… អឺរ៉ុប,… អាហ្វ្រិក
និងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាដើម ។ រោគសញ្ញាអ្នកជំងឺដែលឆ្លងវីរុស Zika បណ្ដាលឱ្យអ្នកជំងឺមានអាការៈក្តៅខ្លួន
ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម ។
អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា គេកំពុងព្រួយបារម្ភថា
ស្ត្រីមានផ្ទៃពោះ ដែលរងវីរុស Zika នឹងអាចបណ្ដាលឱ្យកូនកើតមកមានក្បាលតូច
ខុសពីធម្មតាថែមទៀត ។
អង្គការសុខភាពពិភពលោកបានប្រកាសនៅថា ក្នុងរយៈពេល ១២ខែ ចុងក្រោយ
គ្រាន់តែនៅក្នុងទ្វីបអាម៉េរិកតែមួយ អ្នកជំងឺឆ្លងវីរុស Zika មានប្រមាណពី៣
ទៅ ៤លាននាក់ ហើយ ។
No comments:
Post a Comment