សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
 នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមាគមមិត្តភាពកម្ពុជា-ថៃ 
ធ្វើសកម្មភាពកីឡាកាន់តែសកម្មថែមទៀត 
ដើម្បីចូលរួមប្រកួតជាមួយប្រទេសដទៃទៀត ក្នុងឱកាសដែលសម្តេច 
បានអនុញ្ញាតឱ្យ ឯកឧត្តម ថាណាសាក់ ប៉ាទិម៉ាប្រាកន (Tanasak Patimapragorn) ឧបនាយករដ្ឋមន្ត្រីថៃ ចូលជួបសវនាការ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣មករានេះ។
ក្រោយជំនួបបញ្ចប់
 ឯកឧត្តម អ៊ាង សុផល្លែត 
ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានថា៖ 
នៅក្នុងជំនួបនេះ ឯកឧត្តម ថាណាសាក់ ប៉ាទិម៉ាប្រាកន បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីការប្រកួត
បាល់ទាត់នៅពេលល្ងាចនេះ ហើយលោកបានមានប្រសាសន៍ថា នេះជាលើកទី១ហើយ 
ដែលកម្ពុជា និងថៃ 
បានរៀបចំការប្រកួតនេះឡើងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព 
រវាងប្រទេសទាំងពីរឱ្យមានសន្ទុះកាន់តែខ្លាំងឡើងថែមទៀត ។
ឯកឧត្តម
មានប្រសាសន៍ថា ការប្រកួតបាល់ទាត់នេះ 
គឺមានការចាក់ផ្សាយបន្តផ្ទាល់ទាំងនៅប្រទេសថៃ និងកម្ពុជា ។ ជាងនេះទៀត 
លោកបានគោរពសុំការអនុញ្ញាតផ្តួចផ្តើមគំនិតធ្វើយ៉ាងណារៀបចំ
ឱ្យមានការប្រកួត កីឡាប្រដាល់ កម្ពុជា-ថៃ ជាមួយនឹងប្រទេសដទៃទៀត 
គឺមានន័យថា កម្ពុជា-ថៃ រួមគ្នាប្រកួត ជាមួយប្រទេសដទៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន
ប្រសាសន៍ថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ល្អមួយ 
ដែលឧបនាយករដ្ឋមន្ត្រីទាំងកម្ពុជាផង និងថៃផង បានចូលរួម 
និងចាត់ទុកថាជាឱកាសដ៏កម្រ ហើយព្រឹត្តិការណ៍នេះសោតគឺចាត់ទុកថា 
ជាការយកចិត្តទូកដាក់លើទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ។ 
ចំពោះការផ្តួចផ្តើមរបស់លោក Tanasak ថា ចង់រៀបចំឱ្យមានការប្រកួត 
កីឡាប្រដាល់ កម្ពុជា-ថៃ ជាមួយនឹងប្រទេសដទៃទៀតនោះ សម្តេចបានយល់ស្រប 
ហើយបានចាត់ទុកថា ការផ្តួចផ្តើមនេះ គឺជាការល្អដោយក្រុមកម្ពុជា-ថៃ 
ជាក្រុមរួមគ្នា ដើម្បីប្រកួតជាមួយនឹងប្រទេសដទៃទៀត 
រួមទាំងប្រទេសនៅអឺរ៉ុបផងដែរ។ ជាងនេះទៀត សម្តេចក៏បានប្រគល់តួនាទី 
ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា
ប្រធានសមាគមមិត្តភាព កម្ពុជា-ថៃ 
និងបានផ្តល់អនុសាសន៍ណែនាំឱ្យសមាគមមិត្តភាពកម្ពុជា-ថៃ 
ធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀត៕  
អត្ថបទ៖ ប៊ុនធី
 



No comments:
Post a Comment