នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងដល់ សាធារណជន ទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ តទៅ មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យរាល់បទល្មើសទាំងអស់ដែលមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរួមទាំងការត្រួតពិនិត្យលិខិតស្នាមដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនជាដើម។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណ និងកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះសាធារណជន និងសមត្ថកិច្ច ទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ទាំងពេលធ្វើចរាចណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ការកាន់កាប់ ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទដែលប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ ដើមឡើយ។
យោងតាមសេចក្តីជូនដំណឹងនេះផងដែរក៏បាន សំណូមពរដល់សាធារណជន មេត្តារូតរះទៅបំពេញបែប បទផ្សេងៗ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាម លក្ខខណ្ឌដែលច្បាប់កំណត់ ជាពិសេសការចុះបញ្ជីយានយន្ត និងការធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹក ជញ្ជូន។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តា បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការផ្តល់សេវាជូនសាធារណជនឱ្យបានល្អប្រសើរ។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់បន្ថែមទៀតថា ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមាននៅ រាជធានីភ្នំពេញ (អគ្គនាយកដ្ឋានដឹកជញ្ជូន និងចំការដូង) នៅមន្ទីរសាធារណការនិងដឹកជញ្ជូននៃបណ្តា ខេត្ត រួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦តទៅ៕
No comments:
Post a Comment