នៅថ្ងៃទី១៨ ខែមករា
ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំកីឡាកំពូលៗ
អ្នកស្រាវជ្រាវ និស្សិត ទីប្រឹក្សាកីឡា
និងកីឡាករ-កីឡាការិនីប្រមាណ២១៨នាក់
បានជួបជុំគ្នាធ្វើសិក្ខាសាដែលត្រូវបានគេប្រសិទ្ធិនាមថា «គុណតម្លៃនៃក្បាច់គុនល្បុក្កតោ»
ក្នុងសង្គមវប្បធម៌ជាតិខ្មែរ ។ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៦ ដោយមានវាគ្មិនសំខាន់ៗចូលរួមមានគ្រូគុន
អ្នកស្រាវជ្រាវមកពីរាជបណ្ឌិតសភា
ក្រសួងវប្បធម៌ និងអ្នកមុខ
អ្នកការជាច្រើនទៀត ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
(NOCC) លោក ថោង ខុន,
លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ
និងជាមេបញ្ជាការរងកងទ័ពជើងគោក
បានចូលរួមក្នុងសិក្ខាសាលាដ៏សំខាន់នេះដែរ ដែលទើបដាក់ បញ្ចូលក្បាច់គុនល្បុក្កតោ
ទៅក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ពនោះ ។
លោក ហ៊ុន ម៉ាណែត
បានលើកហេតុផលថា
លោកបានជួបជាមួយកងទ័ពអាមេរិកដែលបំពេញបេសកកម្ម
នៅប្រទេស អាហ្វហ្គានីស្ថាន
ដោយត្រូវបានគេថ្លែងបញ្ជាក់ថា
នៅក្នុងការប្រយុទ្ធ
គេចមិនផុតពីការប្រយុទ្ធតទល់គ្នាដោយផ្ទាល់នោះទេ
ដែលនេះជាកត្តាចាំបាច់តម្រូវឲ្យកងទ័ពត្រូវតែចេះក្បាច់គុននោះ ។
លោកបន្តថា
បញ្ហាដែលល្អបំផុតនោះ គឺយើងត្រូវតែបង្កើតក្បាច់គុនថ្មីមួយ ដែលជាក្បាច់គុនរបស់កងទ័ពដោយ យកក្បាច់គុនទាំងអស់របស់ខ្មែរ មកសំយោគបញ្ចូលគ្នា
។
ទន្ទឹមនោះដែរ
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា
ក៏បានមានប្រសាសន៍ដែរថា
កាលពីឆ្នាំ២០១២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្បង្កើតគណៈកម្មការអន្តរក្រសួងមួយ
ដែលមានក្រសួងទេសចរណ៍វប្បធម៌
អប់រំយុវជន និង កីឡា អង្គការ UNESCO ជាតិ សហព័ន្ធប្រដាល់ សហព័ន្ធល្បុក្កតោ រៀបចំដាក់ បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីវប្បធម៌អរូបិយពិភពលោក តែ
UNESCO គេបានរុញមកវិញ
តែយើងនៅមានឱកាសដាក់ទៅបន្តទៀត ។
លោកបន្តថា
កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡា SEA
Games ឆ្នាំ២០២៣ ហើយកម្ពុជាត្រូវដាក់ក្បាច់គុនល្បុក្កតោនេះ ទៅក្នុងកម្មវិធីប្រកួត
។ ដើម្បីដាក់បាន កម្ពុជាត្រូវការគាំទ្រពីប្រទេសក្នុងតំបន់ចំនួន៥ ហើយកម្ពុជាត្រូវបញ្ជូនគ្រូ
អ្នកបច្ចេកទេសទៅជួយបង្ហាត់ដល់ប្រទេស
ដែលបានគាំទ្រទាំងនោះផង ។ កត្តាសំខាន់គឺជាតិទាំងមូលត្រូវតែឯកភាពគ្នាឲ្យច្បាស់លាស់
ជាមុនសិន ៕
No comments:
Post a Comment