Saturday, December 26, 2015

សង្កថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសទស្សនកិច្ចនៅអង្គការសង្គ្រោះកុមារ និងជនអស់សង្ឃឹមពោធិសែនជ័យ, ភ្នំពេញ

បីសាសនាធំៗ ជួបគ្នានៅថ្ងៃនេះ
ឯកឧត្តម​ លោកជំទាវ អស់លោក លោកស្រី លោកយាយ អ៊ំ​ មីង បងស្រី ប្អូនស្រី ក្មួយស្រី ពិសេស ចៅៗ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានរួមជាមួយភរិយាខ្ញុំ និងថ្នាក់ដឹកនាំដទៃទៀត ដើម្បីមកចូលរួម នៅក្នុង​ពិធី​ជួប​ជុំ​ នៅអង្គការសង្រ្គោះជនអស់សង្ឃឹម។ ភរិយាខ្ញុំបានមកកាន់ទីនេះ ប៉ុន្មានលើករួចមកហើយ។ វាជា​ភ័ព្វ​សំណាងដែលខ្ញុំបានការអនុញ្ញាតពីគាត់ប្តូរកម្មវិធីដែលគ្រោងធ្វើនៅថ្ងៃស្អែកគឺថ្ងៃទី ២៦ មកថ្ងៃទី ២៥ វិញ​។ ការប្តូរពីថ្ងៃ ២៦ មកកាន់ថ្ងៃ ២៥ នេះ វាហាក់ធ្វើឲ្យយើងគាប់ជួនជាមួយនឹងរឿង ៣ ដែលខ្ញុំសុំលើក​យក​មក​និ​យាយ។ ទី ១ គាប់ជួនជាមួយនឹង(ថ្ងៃបុណ្យ) Christmas ដែលគ្រិស្តបរិស័ទគោរព ហើយដែលល្ងាចនេះ នៅ​អំ​ឡុងប្រហែលជាម៉ោង ៣ ខ្ញុំនឹងបង្ហោះនូវសារជូនពររបស់ខ្ញុំមួយចំពោះគ្រិស្តបរិស័ទផងដែរ។ មានរួច​ហើយ​នូវ​អត្ថ​បទ (និងបាន)ដាក់កាលបរិច្ឆេទសម្រាប់បង្ហោះនៅក្នុងម៉ោង ៣ រសៀលល្ងាចនេះ។ រឿងទី ២ ដែលគាប់​ជួន​នោះ គឺចំថ្ងៃពេញបូរមី ខែ មិគសិរ .. ជាថ្ងៃសីលខ្មែរ ជាមួយនឹងថ្ងៃ Christmas…។ គាប់ជួនមួយទៀត​គឺថ្ងៃ​នេះ​ជាថ្ងៃសុក្រ បងប្អូនឥស្លាមតែងចូលព្រះវិហារ។ អញ្ចឹង ៣ សាសនាធំៗ គឺគ្រិស្ត ព្រះពុទ្ធ និង​ឥស្លាម​ ជួបគ្នានៅថ្ងៃនេះតែម្តង។

គ្មានការរើសអើងណាមួយសម្រាប់ប្រទេសកម្ពុជា

អម្បាញ់មិញ ម៉ាក់យាយ ម៉ារី បានធ្វើរបាយការណ៍ (ដែល)ពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់។ ម៉ាក់យាយបាន លើកឡើងពីវត្តមានតាំងពីជិត ៥៥ ឆ្នាំមុន (ដែល)តាំងពីពេលហ្នុង(មក) គិតតាមចំនួនឆ្នាំ ខ្ញុំប្រហែលជា​មាន​អា​យុ​ត្រឹម ៩ ឆ្នាំទេ។ រវាងពី (១៩)៥២ ដល់ (១៩)៦១។ ការស្រឡាញ់ចំពោះប្រទេសកម្ពុជា ក៏មាន​ជា​បន្ត​បន្ទាប់ ដែលធ្វើឲ្យអ្នកមីង ឬក៏ម៉ាក់យាយ បានសុខចិត្តមកទីនេះ។ អម្បាញ់មិញ គឺជាការរន្ធត់ចិត្តសម្រាប់ខ្ញុំ គឺ​(ការលើកឡើងថា) នៅ​ពេលដែល(យាយ)ទទួលមរណកាល គឺនឹងត្រូវកប់នៅក្នុងទឹកដីកម្ពុជា។ តែខ្ញុំសុំស្នើថា​កុំអាលទៅណាអី។ រឿងកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតារបស់មនុស្ស មិនថាតែរឿងនេះ វាទាក់ទងនឹងព្រះ​ពុទ្ធ ឬទាក់ទងនឹងគ្រិស្ត ទាក់ទងនឹងហិណ្ឌូ ឬមូស្លីមអីទេ គ្មានអ្នកណាមួយដែលអាចកើតឡើងហើយ ដែល​អាច​រស់នៅ ១ ពាន់ ២ ពាន់ ឆ្នាំ គឺអត់មានទេ។​ តែរឿងដែលបានធ្វើនៅកិច្ចការ ទាក់ទងជាមួយនឹងការ​ជួយ​សង្រ្គោះ​ចំពោះអ្នកអស់សង្ឃឹម។ ឥឡូវនេះ ខ្ញុំបានឃើញជាក់ស្តែង។ កាលមុននេះ​ ភរិយារបស់ខ្ញុំ ក៏បាន​តែង​តែ​ប្រាប់ខ្ញុំអំពីរឿងនេះ អំពីរឿងនោះនៅក្នុងមណ្ឌលនេះ។ ឥឡូវ យើងបានឃើញមានទីតាំង មិនមែនគ្រាន់តែ​កុមារ​​កំព្រាទេ ចាស់កំព្រាក៏មានច្រើនគួរសមដែរ។ អម្បាញ់មិញ ខ្ញុំក៏បានសួរ។ មាន(អ្នក)នៅតែម្នាក់ឯង ហើយ​ប្រមូលផ្តុំមកនៅទីនេះ។ មានអ្នកដែលផ្ទុកមេរោគអេដស៍ ហើយជាពិសេស ក្មួយៗ ចៅៗ ដែលជា​កុមារ​កំ​ព្រា។ មានខ្លះ ដែលទៅរៀននៅសាកលវិទ្យាល័យ ទទួលបានការអប់រំ ទទួលបានការសិក្សា និងស្នាក់​អា​ស្រ័យ​នៅទីនេះ។

ខ្ញុំពិតជាមានការអរគុណ ជាមួយនឹងការយកចិត្តទុកដាក់ ហើយតាមរយៈអ្នកមីង ម៉ារី ដែលហៅថា ម៉ាក់​យាយ អនុញ្ញាតឲ្យខ្ញុំថ្លែងអំណរគុណពីចម្ងាយជូនចំពោះសប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយតាម​រយៈ​អ្នកមីង​ផ្តល់មកមជ្ឈមណ្ឌលនេះ។ ថ្ងៃនេះ បើតាមដឹង មជ្ឈមណ្ឌលនេះមានទាំងអស់មានបីមណ្ឌល (គឺ) មណ្ឌល(មួយ)​នៅកន្លែងនេះ មណ្ឌលនៅមង្គលបូរី ខេត្តបន្ទាយមានជ័យ និងនៅប៉ៃលិន ក៏បានមក​ដល់ទី​នេះ​ជួបជុំគ្នា។ ពាក្យដែលថា “ធាតុពិតយើងខ្ញុំមិនសមទទួលយកចិត្តទុកដាក់ពីសម្តេច ឯកឧត្តម អស់លោក លោកស្រីរាល់គ្នាទេ។ យើងសួរខ្លួនយើងថា តើយើងជានរណា ដែលសម្តេច ឯកឧត្តម បានមកជួយយើង ច្រើន​បែប​នេះ?”។ ការពិតនេះជាចំណុចមួយ ដែលអ្នកមីងបានលើកឡើង ថាហេតុអ្វីបានជាត្រូវជួយ? យើង​ជាអ្នក​ណា បានជាអ្នកឯងមកជួយខ្ញុំ?

ខ្ញុំគិតថា ខ្ញុំសូមស្នើម៉ាក់យាយឈប់និយាយភាសា​ហ្នឹង​ចុះ។ ដោយសារតែម៉ាក់យាយ ចូលសញ្ជាតិខ្មែរទៅ​ហើយ បូកបន្ថែមដោយនៅស្រុកខ្មែរហ្នឹង តាំងពី ៥៥ ឆ្នាំហើយ ដូច្នេះមិនមែនជារឿងចម្លែកអីទេ។ យើងនៅក្នុង​សហ​គមន៍ ទោះបីថាមកពីណាក៏ដោយ នៅទីនេះ ដូចដែលអ្នកមីងបានលើកឡើងអម្បាញ់មិញ គ្មានការរើស​អើងណាមួយសម្រាប់នៅប្រទេសនេះទេ។ ខ្ញុំអាចនិយាយបានថា ក្នុងដំណាក់កាលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ច្បាស់​ណាស់ថា សាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធ ទាំងគ្រិស្ត ទាំងមូស្លីម និង​សាសនា​ដទៃទៀត អាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខុមដុមរមនា។ ប៉ុន្តែមិនប្រាកដទេថា អ្នកដែល​ទៅ​បន្តពីក្រោយខ្ញុំ គេមានគោលនយោបាយដូចខ្ញុំឬអត់?
នេះក៏ជាបញ្ហាត្រូវធ្វើការពិចារណាផងដែរ។ អ្នកដែល កំពុងធ្វើពិត គឺវាពិត ប៉ុន្តែអ្នកដែលសន្យា គឺវាមិនទាន់ពិតទេ។ អ្នកដែលគ្រាន់តែប្រកាសចេញតាមពាក្យសំដី ឬ​តាមលាយលក្ខណ៍អក្សរ មិនទាន់ជាការពិតទេ។ ប៉ុន្តែអ្នកដែលពិត គឺអ្វីដែលបាននឹងកំពុងកើតមាននេះ គឺវា​ជារឿងពិត។ យើងជាអ្នកណា គឺបានសេចក្តីថា យើងនៅក្នុងសហគមន៍ជាតិមួយរបស់កម្ពុជា ដែលសូមស្វា​គមន៍​អ្នកមីង ឬម៉ាក់យាយ នៅបន្តរៀងរហូតជាមួយយើងខ្ញុំ។ ​ថ្ងៃនេះ ជាមួយនឹងអង្គការ​សង្គ្រោះជនអស់​សង្ឃឹម ក៏នៅមានអង្គការផ្សេងទៀត ដែលបានមកចូលរួម​នៅទី​នេះ​ដែរ គឺមានអង្គការមែកឈើ (ជាសាខាមួយ​របស់សមាគម​ជនអត់​ទី​ពឹង​)។ ថ្ងៃមុនខ្ញុំក៏ត្រូវមណ្ឌលក្រុមគ្រួសារថ្មី នៅ​ភ្នំ​ពេញថ្មី មានដល់ទៅ ៣ អង្គការ មាន ASPECA មានផ្កាម្លិះ។ ថ្ងៃនេះក៏មានការចូលរួមយ៉ាងដូច្នេះ។​

ព្រមជាគោលការណ៍សង់ផ្លូវ តាមសំណូមពរអង្គការសង្គ្រោះជនអស់សង្ឃឹម

សូមអរគុណជាមួយនឹងគ្រូ ដែលជាអ្នកមើលថែទាំកុមារ ក៏ដូចជាមើលថែទាំមនុស្សចាស់ ដែលបានធ្វើកិច្ចការ​ដ៏​ល្អ។ ខ្ញុំពិតជាមានការរីករាយ ណាស់ដែលបានឃើញថា អ្នកមីងបានស្នើឡើងជាសំណូមពរ អោយខ្ញុំដោះ​ស្រាយ គឺទី ១ ការសុំកសាងផ្លូវ ២,៥០០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៤ មកដល់កន្លែងនេះ។ ខ្ញុំបាន​ពិភាក្សា​ជា​មួយ​អភិបាលក្រុងភ្នំពេញ ហើយផ្លូវយើងកន្លែងនេះគឺជាព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ ឯចុះ​ពី​ផ្លូវជាតិលេខ ៤ ចូលមក ជារបស់ខេត្តកណ្តាល រួចបន្តទៅទៀត មកដល់កន្លែងនេះ បានរាជធានីភ្នំពេញ។ ផ្លូវ​ហ្នឹងមានប្រវែងសរុប ៩ គីឡូម៉ែត្រ។ ជាគោលការណ៍ គឺអនុញ្ញាតឲ្យធ្វើផ្លូវនេះចាក់កៅស៊ូ ការចាក់កៅស៊ូនេះ មិន​ត្រឹមតែចាក់កៅស៊ូ ២,៥០០ ម៉ែត្រទេ គឺចាក់ទាំង ៩ គីឡូម៉ែត្រតែម្តង​ ប៉ុន្តែអនុវត្តតាមដំណាក់ៗ ម្តង ៣ គី​ឡូ​ម៉ែត្រ។ ប៉ុន្តែបើមានលុយ បុកម្តង ៩ គីឡូម៉ែត្រម្តងក៏បានដែរ។ ប៉ុន្តែ ហោចណាស់ យើងត្រូវធ្វើផ្លូវហ្នឹង​ចាក់​កៅ​ស៊ូតែម្តងទៅ ព្រោះសូម្បីតែសិស្សវិទ្យាល័យបែកចាន ក៏ត្រូវប្រើប្រាស់ផ្លូវហ្នឹងដែរ។ ប៉ុន្តែខាងខេត្តកណ្តាល គ្រាន់​​តែអនុញ្ញាតឲ្យគេធ្វើបានហើយ។ លុយសាលាក្រុងភ្នំពេញជាអ្នកចេញ …។

សំណូមពរទី ២ សុំបើកអគារទទួលក្មេងនៅខេត្តកណ្តាល

សំណូមពរទី ២ គឺ ការបើកអគារទទួលក្មេងនៅខេត្តកណ្តាល។ សូមជម្រាបជូនម៉ាក់យាយអញ្ចេះ បើសិនជា​ម៉ាក់​យាយសុំបើកបនល្បែង ឬបើកជាបនស្រី ហ្នឹងគឺអត់បានមែនហើយ ប៉ុន្តែបើបើករបៀប(អង្គការ)នេះ គឺវា​អត់​​មានអីពិបាកទេ។ ឥឡូវ អភិបាលខេត្តកណ្តាលនៅហ្នឹងស្រាប់ហើយ។ ឲ្យអភិបាលខេត្តកណ្តាលសុំមក​​ក្រសូងមហាផ្ទៃ។ ប៉ុន្តែនីតិវិធីហ្នឹង​ដូចជាមិនចាំបាច់ដល់មហាផ្ទៃឯណា។ ត្រឹមខេត្តទេតើ។ អភិបាលខេត្តនៅ​នេះ​​ស្រាប់ហើយ មានចាំបាច់ទៅសុំដល់មហាផ្ទៃឯណា នៅក្នុងខេត្តហើយស្រាប់។ អភិបាលខេត្តដោះ​ស្រាយ​បញ្ហាហ្នឹង ដើម្បីទទួលក្មេងៗ ចាប់ដំណើរការតែម្តងទៅ វាអត់មានការចាំបាច់បើកអង្គការអីណា​ទៀត​។ យើង​មាន​សាខារួចហើយ អង្គការរួចហើយ ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ អញ្ចឹងគ្រាន់តែបើកកូន​ផ្ទះមួយ​ទទួល​មនុស្ស​ប៉ុន្មាននាក់ហ្នឹង ត្រឹមខេត្តហ្នឹងទៅ។ ហើយនីតិវិធីស្អីៗ រដ្ឋបាលស្អីៗ ទុកឲ្យខេត្តគេដោះ​ស្រាយទៅ។ ដូច្នេះ ម៉ាកយាយមិនបាច់ពិបាករត់ការទេ។ អញ្ចឹងចៅហ្វាយខេត្តដោះស្រាយការងារហ្នឹងទៅ។

សំណូមពរទី ៣ សង់អគារសិក្សាថ្នាក់មធ្យមសិក្សានៅក្នុងមណ្ឌល

ចំពោះសំណូមពរ ទី ៣ គឺការចង់បង្កើត​មធ្យមសិក្សានៅក្នុងនេះ ដើម្បីងាយស្រួលគ្រប់គ្រងក្មួយៗ ចៅៗ និង​កុំ​ឲ្យ​​ពិបាកទៅរៀននៅខាងក្រៅ។ នេះជាគំនិតមួយដ៏ល្អ ដែលបង្កើតសណ្ឋានមានអនុវិទ្យាល័យ ជាប់នឹងបឋម​សិក្សា។ ប៉ុន្តែ បញ្ហាដែលខ្ញុំចង់សួរ សាលាដែលមានខ្នាត ៦ ម៉ែត្រកន្លះ គុណនឹងទទឹង ៥ ម៉ែត្រ តើវាខុសខ្នាត​ឬទេ? ម៉ាក់យាយ? វាអត់ត្រូវស្តង់ដារសាលា។ តូចពេក។ យើងធ្វើទុកឲ្យធំឲ្យ​ហើយ។ មានដីឬអត់? ដីមាន​តែ​ប៉ុណ្ណឹង ហើយបើធ្វើខុសខ្នាតអញ្ចឹង វាត្រូវ​ស្តង់ដារអប់រំ ឬអត់? សាលាធម្មតា មួយបន្ទប់ទទឹង ៨ ម៉ែត្រ បណ្តោយ ៩ ម៉ែត្រ ក៏ប៉ុន្តែ បន្ទប់នេះតែ ៦ ម៉ែត្រ​កន្លះ គុណនឹង ៥ ម៉ែត្រ វាអត់ត្រូវស្តង់ដារអប់រំ។ ខ្ញុំស្នើអញ្ចេះ បើយើងគិតថា សម្រាប់ឲ្យតែក្មេងនៅក្នុង​មណ្ឌលរបស់យើង វាជាការខាតបង់ទៅវិញទេ យើងគួរត្រៀមរៀបចំ​លក្ខ​ណ​សម្បត្តិ ក្រៅពីក្មេងនៅក្នុងមណ្ឌល​របស់យើង ក៏សម្រាប់ក្មេងនៅជិតខាងនេះ អាចចូលមក​រៀន​បាន​ផង។ (អត់មានដីគ្រប់) ចុះបើឥឡូវ យើងធ្វើ​ជា ២ ជាន់វិញ ទៅរួចទេ? ​(អត់មានថវិកា) អត់ទេ រឿងលុយខ្ញុំ​អ្នក​ចេញ។

​ឥឡូវ អញ្ចេះទៅ។ ខ្ញុំជួយរៀបចំឲ្យ​ដើម្បីនឹងសាងសង់​។ សុំឯកឧត្តម ប៉ា សុជាតិវង្ស ទៅពិនិត្យជាក់ស្តែង បើ​សិន​ជាខ្វះដី យើងលេង ២ ជាន់​វិញ។ បើបាន ២ ជាន់ យើងដាក់ ៨ បន្ទប់ លើ ៤ ក្រោម ៤ ព្រោះគាត់សុំធ្វើ ៧ បន្ទប់ ដោយ​សារវាខ្វះដី … ទទួលយកបានទេប៉ុណ្ណឹង? ខ្ញុំអ្នកចេញលុយ។ យើងត្រៀម​លក្ខណសម្បត្តិ មិន​មែន​គ្រាន់តែសិស្សនៅក្នុងនេះទេ គឺសិស្សដែលនៅជុំវិញនេះដែលចង់ចូលមករៀន ក៏ត្រូវ​អនុញ្ញាតឲ្យរៀនដែរ។ យើង​ធ្វើស្ថានភាពបែបនេះ វាល្អប្រសើរជាងការដែលយើងបិទជិត។ សំណូមពរទាំងបី យើងបានទាំងបីហើយ ហើយបានលើសពីអ្វីដែលស្នើសុំ។ ចម្លើយបាន​ដឹង​ហើយថាបានលុយ។ អញ្ចឹងលុយដែលគេជួយមកហ្នឹង ត្រៀមបំពាក់សំភារៈផ្សេងៗទៅ ឯលុយថ្លៃ​អគារ សម្រាប់មួយខ្នង ពីរជាន់ ៨ បន្ទប់ អាហ្នឹងទុកខ្ញុំ។

ក្រៅពីនោះ ខ្ញុំ និងភរិយា បានពិភាក្សាគ្នាពីម្សិល បានជាជ្រុលមកហើយ វាត្រូវតែជំពាក់ហើយ។ ធម្មតា ខ្ញុំ​មាន​បំ​ណុលជាប់ជានិច្ច។ ឥឡូវនេះ ដើម្បីជួយឲ្យលោកយាយៗ ក្មួយៗ ចៅៗ បានទទួលនូវអាហារ​រូបត្ថម្ភបន្ថែម ខ្ញុំ និងភរិយា សូមចូលរួមចំណែក ក្នុងមួយខែផ្ដល់អង្ករមួយតោន និងលុយ ៣ លានរៀល ហើយចាប់ដំណើរការ​បើក​ពីដើមខែមករាហ្នឹងទៅ។ ឥឡូវនេះថ្ងៃទី ២៥ (ធ្នូ) ហើយ។ អញ្ចឹងទេជារៀងរាល់ខែ សូមឲ្យខុទ្ទកាល័យ​របស់​ខ្ញុំដឹកអង្ករ និងលុយរៀងរាល់ដើមខែ កុំចាំដាច់ខែ ព្រោះគេយកមកសម្រាប់​ទទួលទាន។ ខុសពីប្រាក់ខែ។ អញ្ចឹងទេក្នុងមួយឆ្នាំ ខ្ញុំចេញអង្ករអស់ ១២ តោន បូកនឹងថវិកា ៣៦ លាន​រៀល សម្រាប់មណ្ឌលនេះ …៕

No comments:

Post a Comment