នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ឯកឧត្តម ឡាស្លូ កូវើ (Laszlo Kover) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហុងគ្រី រួមជាមួយនឹងគណៈប្រតិភូមួយចំនួនទៀត បានអញ្ជើញមកដល់ ប្រទេសកម្ពុជាហើយ ដោយមានសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា អញ្ជើញទទួលដំណើរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ស្តីពីការអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា របស់គណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភា នៃប្រទេសហុងគ្រី ដែលដឹកនាំដោយ ឯកឧត្តម ឡាស្លូ កូវើ ដំណើរទស្សនកិច្ចនេះគឺ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភ្នំពេញ និងចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្ត សៀមរាប។
គណៈប្រតិភូនៃប្រទេសហុងគ្រី ក៏គ្រោងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រ កម្ពុជាផងដែរ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ដោយក្នុងនោះគឺគម្រោងចូលជួបទ្វេភាគី ជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ចូលជួបសម្តែងការគួរសមជាមួយ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងចួលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់ក៏គ្រោងនឹងអញ្ជើញទស្សនាសារមន្ទីរជាតិ និងព្រះបរមរាជវាំង, អញ្ជើញទស្សនាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ទស្សនាសារមន្ទីរជាតិអង្គរ និងទស្សនាអាទិសង់អង្គរ៕
No comments:
Post a Comment