ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានសម្តែង ការឈឺចាប់ជាថ្មីដោយរម្លឹកថា សាច់ញាតិរបស់លោកជិត៣០នាក់ ត្រូវបានសម្លាប់ជាបន្តបន្ទាប់នៅក្នុងគុកបឹងត្របែក នាសម័យខ្មែរក្រហម ដោយក្នុងនោះ ក៏មានបងប្អូនមកពីប្រទេសបារាំងផងដែរ។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានជួបជាមួយតំណាងទូតនានា នៅប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយអំពីស្ថានភាពនយោបាយក្នុងប្រទេសដែលមានការវិវត្តនាថ្មីៗនេះ។ នៅក្នុងជំនួបនោះ ឯកឧត្តម ហោ ណាំហុង ក៏បានរម្លឹកផងដែរនូវការឈឺចាប់អំពីការបាត់បង់ សាច់ញាតិនៅក្នុងសម័យខ្មែរក្រហម ហើយលោកបានចោទ លោក សម រង្ស៊ី ថាបានធ្វើឱ្យលោកឈឺចាប់បំផុត កាលពីឆ្នាំ២០០៨ ដោយមេបក្សប្រឆាំងរូបនេះនិយាយថា លោកជាប្រធានគុកបឹងត្របែក។
ឯកឧត្តម ហោ ណាំហុង បាននិយាយថា «ខ្ញុំបានជំរាបជូនអង្គទូតថា មិនមែនជាទំនាស់រវាងគណបក្ស និងគណបក្សទេ មិនមែនបញ្ហានយោបាយទេ ជាបញ្ហារបស់ឯកឧត្តម សម រង្ស៊ីចំពោះខ្ញុំ តាំងពី២០០៨ នៅជើងឯកចំពោះមុខមនុស្សរាប់រយនាក់ឯកឧត្តម សម រង្ស៊ី បានមួលបង្កាច់ខ្ញុំ ដែលខ្ញុំឈឺចាប់ ស្លាប់គ្រួសារយ៉ាងច្រើនក្នុងសម័យខ្មែរក្រហម»។
ឯកឧត្តមបានបន្ថែមថា «ប្អូនស្រី២នាក់ទាំងកូនទាំងប្តីគេ ទាំងក្មួយស្រីមកពីស្រុកបារាំងខ្មែរក្រហមវាសម្លាប់អស់ នៅបឹងត្របែកជាមួយខ្ញុំ ខ្ញុំមិនទាំងដឹងផង ទាល់តែរំដោះពីខ្មែរក្រហមឆ្នាំ១៩៧៩ ហើយជួបមិត្តភ័ក្តិដែលគេនៅម្ខាងរបងនោះដែលហៅថា "ប៣០នោះ" គេនិយាយថាប្អូនរបស់បងឯងនៅជាមួយខ្ញុំ ខ្មែរក្រហមសម្លាប់ហើយ...ជិត១០នាក់មកពីស្រុកបារាំង ហើយនៅក្នុងស្រុកខ្ញុំមិនចង់និយាយទេ បងប្អូន ជីដូនមួយ ក្មួយមាមីង ខ្ញុំមិននិយាយទេ ខ្ញុំនិយាយតែ បងប្អូនបង្កើត កូនចៅរបស់ខ្ញុំ បងប្អូនបង្កើត៥នាក់ ប្អូនស្រី២នាក់នៅស្រុកបារាំង ទាំងកូនចៅគេជិត៣០នាក់ ខ្ញុំមិនចង់រាប់ទេ»។
កាលពីឆ្នាំ២០០៨ ចំពោះរឿងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឱ្យមានការរើងអើង។ តុលាការក្រុងភ្នំពេញ និងសាលាការឧទ្ធរណ៍ បានកាត់ក្តីឱ្យលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឈ្នះក្តីលោក សម រង្ស៊ី ហើយសម្រេចឱ្យប្រធានគណបក្សប្រឆាំង ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ព្រមទាំងពិន័យប្រាក់មួយចំនួន៕
No comments:
Post a Comment