យ៉ាងយូរបំផុតនៅដំណាច់ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមផ្សព្វផ្សាយ
និងដាក់ឲ្យអនុវត្តឲ្យបានខ្លាំងក្លាទៅលើ «ក្រមប្រតិបត្តិអង្គរ» ក្នុងការអប់រំក្រមសីលធម៌ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចេះគោរពតម្លៃប្រាសាទរបស់ខ្មែរ។
នេះបើតាមការបញ្ជាក់របស់លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរា។
ក្រមសីលធម៌ ដែលនឹងត្រូវឲ្យភ្ញៀវអនុវត្តនៅពេលចូលទស្សនាប្រាសាទនោះ
មានដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា
ការចូលទីតាំងដែលហាមឃាត់ឬ ប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារី និងចោលសំរាមពាសវាល ពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ
និង ការប៉ះពាល់ព្រះសង្ឃ។
លោកស្រី ចៅ ស៊ុនកិរិយា ឲ្យដឹងថា អាជ្ញាធរអប្សរា បាន និងកំពុងធ្វើការប្រជុំជាមួយទីភ្នាក់ងារទេសចរណ៍
ក៏ដូចជាអ្នកនាំភ្ញៀវផងដែរ ឲ្យធ្វើការអប់រំទៅដល់ភ្ញៀវទេសចរណ៍ឲ្យគោរពទៅតាម «ក្រមប្រតិបត្តិអង្គរ» ដែលបង្កើតឡើងដោយអាជ្ញាធរអប្សរា។ លោកស្រីបានបន្តថា ក្រមប្រតិបត្តិអង្គរ នឹងត្រូវធ្វើការផ្សព្វផ្សាយ
ហើយដាក់ឲ្យអនុវត្តយ៉ាងទូលំទូលាយនៅដំណាច់ឆ្នាំ២០១៥នេះ ដើម្បីធ្វើការអប់រំដល់ភ្ញៀវទេសចរណ៏ជាតិ
និងអន្តរជាតិ យល់ពីគុណតម្លៃរបស់ប្រាសាទ ដែលជាទីសក្ការៈគោរពបូជារបស់ខ្មែរ។
ការដាក់ចេញវិធានការតឹងរឹងឲ្យអនុវត្តន៍ទៅលើ«ក្រមប្រតិបត្តិអង្គរ»ធ្វើឡើងបន្ទាប់ពីមានការរិះគន់នានាថាអាជ្ញាធរជាតិអប្សរាមិនបានយកចិត្តទុកដាក់ទៅលើការថែទាំប្រាសាទអង្គរ
ព្រមទាំងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ដោយបណ្តែតបណ្តោយឲ្យភ្ញៀវទេសចរណ៏ធ្វើសកម្មភាពមិនគួរគប្បីមួយចំនួនពេលចូលទៅលេង
និង ទស្សនាប្រាសាទ។
អាជ្ញាធរអប្សរា បានបញ្ជាក់ថា ខ្លួនបានបង្កើត «ក្រមប្រតិបត្តិអង្គរ» តាំងពីឆ្នាំ២០១២ តាមរយៈការប្រមូលពត៌មាន កិច្ចសហការ ការស្រាវជ្រាវឯកសារអន្តរជាតិ ការអង្កេត និងការពិគ្រោះយោបល់ រវាងអាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក៏ដូចជាតំណាងមកពីឧស្សាហ៍កម្មទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងព្រះសង្ឃផងដែរ។
អាជ្ញាធរអប្សរា បានបញ្ជាក់ថា ខ្លួនបានបង្កើត «ក្រមប្រតិបត្តិអង្គរ» តាំងពីឆ្នាំ២០១២ តាមរយៈការប្រមូលពត៌មាន កិច្ចសហការ ការស្រាវជ្រាវឯកសារអន្តរជាតិ ការអង្កេត និងការពិគ្រោះយោបល់ រវាងអាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក៏ដូចជាតំណាងមកពីឧស្សាហ៍កម្មទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងព្រះសង្ឃផងដែរ។
អាជ្ញាធរអប្សរា បានពន្យល់ថា «ក្រមប្រតិបត្តិអង្គរ» គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃនៃតំបន់អង្គរ
គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេលទស្សនាប្រាសាទ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើអង្គរ
(ប្រាសាទ វប្បធម៌
និងបរិស្ថាន) និងទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរ។
«ក្រមប្រតិបត្តិអង្គរ»
មិនមែនជាច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំនោះទេ។
ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ»
មានលក្ខណៈជាការអប់រំដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ដោយជំរុញលើកទឹកចិត្តឲ្យភ្ញៀវទេសចរណ៏យល់ និងចៀសវាងនូវរាល់ទង្វើមិនគួរគប្បី ដែលមិនគោរពទៅដល់ទីសក្ការបូជា
និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ
ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ ឬប្រឈមនឹងគ្រោះថ្នាក់
ការពិសាបារី និងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ
និងការប៉ះពាល់ព្រះសង្ឃ។
អាជ្ញាធរអប្សរា ក៏បានរំលឹកផងដែរថា នៅក្នុងសម័យប្រជុំបច្ចេកទេស
ICC Angkor
លើកទី២៤ នាខែមិថុនាឆ្នាំ២០១៥ កន្លង ទៅនេះ អ្នកជំនាញអាដហុក
បានគាំទ្រ និងធ្វើការកោតសសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសិក្សា និងរៀបចំឲ្យមាន
«ក្រមប្រតិបត្តិអង្គរ» ដោយជំរុញឲ្យអាជ្ញាធរជាតិអប្សរា អនុវត្តក្រមប្រតិបត្តិនេះឲ្យបានឆាប់រហ័ស។
លើសពីនេះ «ក្រមប្រតិបត្តិអង្គរ»
ក៏ទទួលបាននូវការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់វិស័យឯកជន
ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសទេសចរណ៍ ផ្នែកពាក់ព័ន្ធដែលកំពុងបំពេញការងារនៅក្នុងតំបន់អង្គរ
ព្រះសង្ឃ សារធារណជនទូទៅ អាជ្ញាធរមូលដ្ឋានក្នុងតំបន់អង្គរ និងស្រទាប់យុវជន។
អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្សព្វផ្សាយនិងអនុវត្ត «ក្រមប្រតិបត្តិអង្គរ» នាពេលឆាប់ខាងមុខ
ដោយសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធរួមទាំងផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ។ អាជ្ញាធរជាតិអប្សរាសង្ឃឹម
និងជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់
នឹងចូលរួមគោរពនិងអនុវត្តតាម «ក្រមប្រតិបត្តិអង្គរ» យ៉ាងខ្ជាប់ខ្ជួន
ដើម្បីរួមចំណែកថែរក្សា តំបន់អង្គរដែលដួងព្រលឹងរបស់ជាតិខ្មែរ និងជាសម្បត្តិរបស់មនុស្សជាតិ៕

No comments:
Post a Comment