ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី
បានមានប្រសាសន៍នៅក្នុងពិធីផ្តល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ និងការប្រកួតកីឡាអន្តរជាតិនានា
នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះថា «ពិធីផ្ដល់ប្រាក់រង្វាន់ថ្ងៃនេះ
គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
ចំពោះវិស័យកីឡា។ ការយកចិត្តទុកដាក់ និងការគាំទ្រទាំងនេះ ស្តែងចេញតាមរយៈការគាំទ្រថវិការដ្ឋ ក៏ដូចជាអនុសាសន៍ណែនាំនិងការផ្តល់ថវិកាផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល ជូនដល់គ្រប់កីឡាករ កីឡាការិនី
និងគ្រូបង្វឹក មុនពេលអញ្ជើញចេញទៅប្រកួត និងផ្តល់ប្រាក់រង្វាន់ដល់ជ័យលាភី។ តាមរយៈសកម្មភាពនេះ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥
សម្តេចតេជោ បានផ្តល់ប្រាក់រង្វាន់ចំនួន ១៤០.៥០០ ដុល្លារ
ដែលជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានលើកឡើងថា វិស័យអប់រំកាយនិងកីឡា គឺជាអាទិភាពមួយដ៏សំខាន់
ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តយកចិត្តទុកដាក់ធ្វើកំណែទម្រង់
ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ទាំងកាយសម្បទា ស្មារតី និងចំណេះដឹង
សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពនិងសមធម៌។ ឯកឧត្តមបន្តថា «កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ
ភាពសប្បាយរីករាយ និងស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាពនិងសហប្រតិបត្តិការរវាងគ្នានិងគ្នា
ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលនានារបស់ជាតិផងដែរ។
ដូច្នេះ កីឡាករ កីឡាការិនី
ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានបន្ថែមថា ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានាកន្លងមក បាននាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត និងបទពិសោធន៍កាន់តែល្អប្រសើរ។ ឯកឧត្តមលើកឡើងថា «កម្ពុជាយើងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់
ដោយបានទទួលចំណាត់ថ្នាក់លេខ៨
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបូរី
បើប្រៀបធៀបនឹងចំណាត់ថ្នាក់លេខ៩ ឬលេខ១០
ដែលយើងធ្លាប់បានទទួលនៅក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមក។ បទពិសោធន៍ទាំងនេះក៏នឹងកីឡាករ
កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត
សម្រាប់ការប្រកួតនាពេលអនាគត ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាមានកិត្តិយសយ៉ាងធំធេងធ្វើជាម្ចាស់ផ្ទះ»។
តាមប្រសាសន៍របស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ
កម្ពុជាក៏អាចនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតពានរង្វាន់ជើងឯកប៉េតង់អាស៊ីឆ្នាំ២០១៥ ផងដែរ។ ដូច្នេះឯកឧត្តមស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ជាមួយគ្នានេះដែរ ដើម្បីពន្លឿនការលូតលាស់របស់វិស័យកីឡា
ឱ្យទទួលបានជោគជ័យកាន់តែធំធេងបន្ថែមទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
សូមគាំទ្រចំពោះវិធានការគន្លឹះទាំង
៧ចំណុច ដែលឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ចេញសម្រាប់ការធ្វើកំណែទម្រង់វិស័យអប់រំកាយនិងកីឡា
ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស
ការកែលម្អសម្ភារៈបរិក្ខារនិងហេដ្ឋារចនាសម្ព័ន្ធកីឡា
ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង
និងការរៀបចំគោលនយោបាយកីឡាជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង
ស្ថាប័នពាក់ព័ន្ធទាំងអស់។ គួរបញ្ជាក់ថា
ប្រាក់រង្វាន់ដែល រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនជ័យលាភីនៃការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ និងការប្រកួតកីឡាអន្តរជាតិនានា នៅថ្ងៃនេះមានចំនួន ១.៤៧៨.៨០០.០០០រៀល៕
No comments:
Post a Comment