នៅថ្ងៃទី ១១
ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្វាយសារលិខិតតប និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើរសារលិខិតអបអរសាទរចំពោះសម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដែលសម្តេច បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម»
ពីសកលវិទ្យាល័យ លីមកុកវីង នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ០៩
ខែកញ្ញា ឆ្នាំ២០១៥។
នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ
សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះបន្ទូលថា ព្រះអង្គសូមអបអរសាទរចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ
និងសូមកោតសរសើរដ៏កក់ក្តៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ
ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរៈភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត
ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិ
រីកចំរើនលើគ្រប់វិស័យ។
តបលិខិតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ សម្តេចតេជោ បានផ្ញើលិខិតថ្វាយជូនព្រះអង្គទាំងពីរវិញថា
សម្តេចតេជោ បានទទួលរួចហើយនូវព្រះរាជសារលិខិតរបស់ព្រះអង្គចុះថ្ងៃទី១០ ខែកញ្ញា
ឆ្នាំ២០១៥ ដែលទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជពរជ័យ ដល់សម្តេចតេជោ
និង ភរិយាព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែលសម្តេច បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស
«ភាពជាអ្នកដឹកនាំឆ្នើម» ពីសកលវិទ្យាល័យ លីមកុកវីង។
សារលិខិតរបស់សម្តេចតេជោ
បានបន្តថា តបចំពោះព្រះរាជហឬទ័យអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុត និងពាក្យពេចន៍ព្រះពរជ័យដ៏មានអត្ថន័យឧត្តុង្គឧត្តម
ខណៈនេះទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជាអនុញ្ញាត ថ្លែងថ្វាយនូវព្រះអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយ ជាអតិប្បរមាថ្វាយព្រះករុណាជាម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងសូមចាត់ទុកថាកិតិ្តយស
ដែលទូលព្រះបង្គំជាខ្ញុំទទួលបាននាឱកាសនេះគឺជាកិត្តិយសរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបផងដែរ។
ជាថ្មីម្តងទៀតសម្តេចតេជោ
និងសម្តេចគតិព្រឹទ្ធបណ្ឌិត សូមថ្វាយព្រះសព្ទសាធុការបវរមហាប្រសើរ សូមព្រះករុណាថ្លៃវិសេស
ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment