ការផ្ទៀងផ្ទាត់ផែនទីកម្ពុជា បោន ខ្នាត១
លើ ១០០.០០០ ដែលផ្តល់ជូនដោយរដ្ឋាភិបាលបារាំង និងផែនទីរបស់រាជរដ្ឋាភិបាលដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទាំង២៦ផ្ទាំង
បានបញ្ចប់ហើយនៅម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ជាលទ្ធផលបង្ហាញថា ខ្សែបន្ទាត់ព្រំដែនកម្ពុជា
នៅលើផែនទីខ្មែរផ្តល់ជូនដោយបារាំង និងផែនទីរបស់រាជរដ្ឋាភិបាល គឺដូចគ្នាបេះបិទ
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជានៅពេលបញ្ចប់ការផ្ទៀងផ្ទាត់
នៅវិមានសន្តិភាព។
ការផ្ទៀងផ្ទាត់ផែនទីនេះ ក្រុមការងារបច្ចេកទេសព្រំដែនរបស់ឯកឧត្តម
វ៉ា គឹមហុង គេបានប្រើវិធីសាស្រ្តដោយយកផែនទីទាំងពីរដាក់ត្រួតលើគ្នា ហើយឆ្លុះជាកាល់
ដើម្បីមើលខ្សែបន្ទាត់ព្រំដែន។ ការផ្ទៀងផ្ទាត់ត្រូវបានធ្វើឡើងម្តងមួយផ្ទាំងៗ តាមវីធីដូចៗគ្នា
រហូតគ្រប់ទាំង ២៦ផ្ទាំង។
ការផ្ទៀងផ្ទាត់ក្រោមក្រសែខ្សែភ្នែកមន្រ្តីកម្ពុជាមកពីគ្រប់ភាគីពាក់ព័ន្ធ
បូករួមទាំងតំណាងគណបក្សនយោបាយប្រឆាំង ក៏ដូចជាអ្នកព័ត៌មានជាសាក្សីជាច្រើននាក់ផងនោះ
បានរកឃើញខ្សែបន្ទាត់ព្រំដែន នៅលើផែនទីផ្តល់ជូនដោយបារាំង អតីតម្ចាស់អាណានិគមកម្ពុជា
និងផែនទី របស់រាជរដ្ឋាភិបាលប្រើសម្រាប់បោះបង្គោលព្រំដែន ជាមួយវៀតណាម គឺដូចគ្នាបេះបិទ។
ឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា
បានបញ្ជាក់ថា ផែនទីបោន ខ្នាត ១ លើ១០០. ០០០ ដែលផ្តល់ដោយបារាំងនេះ មានចំនួនតែ ២៥ផ្ទាំង
បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូនចិន ចន្លោះឆ្នាំ១៩ ៥១-១៩៥៣ ហើយមួយផ្ទាំងទៀតបារាំងរកមិនឃើញនោះទេ ប៉ុន្ត ផែនទីមួយផ្ទាំង ដែលរកមិនឃើញនេះ បារាំង
បានផ្តល់ជំនួសដោយ ផែនទី UTM
ខ្នាត ១ លើ ១០០.០០០ ដែលមានខ្សែព្រំដែនក៏ដូចគ្នាដែរ។
នៅពេលផ្ទៀងផ្ទាត់ បង្ហាញថា ខេត្តរបស់កម្ពុជា
ដែលមានព្រំដែនជាប់ប្រទេសវៀតណាមរួមមាន៖ កណ្តាល ស្វាយរៀង ព្រៃវែង កំពត តាកែវ កំពង់ចាម
ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង រតនគិរី គឺមានខ្សែព្រំដែនច្បាស់លាស់ និងដូចគ្នារវាងផែនទីបានមកពីបារាំង
ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការ ស្របច្បាប់របស់កម្ពុជា។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា
នៃរាជ្យបណ្ឌិត្យសភាកម្ពុជា ក្រោយពីពិនិត្យការផ្ទៀងផ្ទាត់ផែនទីនាព្រឹកនេះ បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន
ដោយធ្វើការអំពាវនាវ ឲ្យខ្មែរមានការឯកភាពជាតិទៅលើបញ្ហាផែនទី និងបញ្ចប់ការចោទប្រកាន់គ្នាក្នុងសំណុំរឿងផែនទីនេះ។
លោកបណ្ឌិត សុខ ទូច បានអំពាវនាវយ៉ាងដូច្នេះ «ត្រូវតែបញ្ចប់បញ្ហាផែនទីគ្រប់និន្នាការនយោបាយ យើងត្រូវតែមានឯកភាពជាតិ
ទៅលើផែនទីក្នុងការកំណត់ព្រំដែនប្រទេសយើង»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម
ផៃ ស៊ីផាន បានថ្លែងផងដែរថា ការផ្ទៀងផ្ទាត់នេះ ដើម្បីធនាតម្លាភាព បញ្ជាក់ឲ្យបានហ្មត់ចត់
ត្រឹមត្រូវពិតប្រាកដ ក្នុងកិច្ចទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះ
បង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម និង បញ្ចប់នូវការញុះញង់ ដោយគ្មានការទទួលខុសត្រូវ
បង្កើតស្មារតីជាតិនិយមជ្រុល ធ្វើឲ្យមានការបែកបាក់ជាតិ។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា ការផ្ទៀងផ្ទាត់នេះ
ក៏ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុង ការកសាងខ្សែបន្ទាត់ព្រំដែនច្បាស់លាស់
ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍន៍ជា មួយប្រទេសជិតខាង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ
អង្គការសហប្រជាជាតិ ក៏បានផ្តល់ផែនទី UTM
ខ្នាត ១ លើ ១០០.០០០ ចំនួន១៨ ផ្ទាំង មកឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលផងដែរ
ដែលការផ្ទៀងផ្ទាត់ ក៏បានរកឃើញថា ខ្សែបន្ទាត់ព្រំដែននៅលើផែនទីប្រើដោយរាជរដ្ឋាភិបាលកម្ពុជា
និង ផែនទី UTM របស់ខ្មែរយកទៅប្រគល់ជូនអង្គការសហប្រជាជាតិឆ្នាំ១៩៦៤
គឺដូចគ្នា។
តាមរយ:ការផ្ទៀងផ្ទាត់ផែនទីពីបារាំង ជាមួយផែនទីរបស់រាជរដ្ឋាភិបាលកំពុងប្រើប្រាស់
ផែនទីបោន ខ្នាត១លើ១០០ពាន់ដូចគ្នានេះ គឺជាការយកគោមកផ្ទៀងផ្ទាត់ជាមួយគោ គឺជាលទ្ធផលនៅតែជាគោ
គឺសូមគណបក្សប្រឆាំងបញ្ឈប់ទៅការយកបញ្ហាព្រំដែន បញ្ហាផែនទី ដែលពួកខ្លួនចេះតែចោទ
ប៉ុន្តែ គ្មានជំនាញព្រំដែនអ្វីបន្តិចទាល់តែសោះ មកកេងចំណេញនយោបាយតទៅទៀត។




No comments:
Post a Comment