នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម Li Xiaojie អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្នើឲ្យភាគីចិន ទទួលយកគម្រោងជួសជុល និងអភិរក្សប្រាសាទបេងមាលា ដែលស្ថិតនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ការស្នើឲ្យភាគីចិន ពិនិត្យ និងទទួលយកការជួសជុលអភិរក្សប្រាសាទបេងមាលានេះ គឺជាលើកទី៣ហើយ បន្ទាប់ពីក្រុមជំនាញការបច្ចេកទេសវប្បធម៌ចិន ធ្លាប់បានជួយកម្ពុជាក្នុងការជួសជុល និងអភិរក្សប្រាសាទចៅសាយ និងបច្ចុប្បន្នចិនកំពុងធ្វើការជួសជុល និងអភិរក្សប្រាសាទតាកែវ ដែលសុទ្ធតែជាក្រុមប្រាសាទក្នុងតំបន់អង្គរ ខេត្តសៀមរាប។
នៅក្នុងជំនួបពិភាក្សានេះ កម្ពុជាទទួលបានលទ្ធផល និងផ្លែផ្កាយ៉ាងខ្លាំង ដោយក្នុងនោះភាគីចិន ដែលមាន ឯកឧត្តម Li Xiaojie ជាតំណាងបានបង្ហាញនូវតំរុយថា បន្ទាប់ពីបញ្ចប់ការជួសជុលនិងអភិរក្សប្រាសាទតាកែវ រួចរាល់នៅចុងឆ្នាំ២០១៨ខាងមុខនេះ ចិននិងពិនិត្យមើលហើយនឹងអាចឈានទៅជួសជុលអភិរក្សប្រាសាទបេងមាលាបន្តទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រាសាសន៍ថា «កម្ពុជាមានសង្ឃឹមថា ភាគីចិននឹងបន្តជួយក្នុងគំរោងទីបីនេះបន្តទៀត ដោយសារកម្ពុជាបានបង្កើតនូវ ICC អង្គរ និង ICCព្រះវិហារ ដើម្បីធ្វើកិច្ចការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ ហើយកាលពីថ្ងៃ ទី០៦ ខែកញ្ញាឆ្នាំ២០១៥ ម្សិលមិញនេះ យើងបានប្រជុំបច្ចេកទេសលើកទី១ ICC ព្រះវិហារប្រកបដោយជោគជ័យដែលមានការចូលរួមពីសហប្រធានឥណ្ឌា នឹងចិន»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបានជោគជ័យច្រើនណាស់លើកគ្រប់វិស័យ ហើយនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ គឺមានការចូលរួមពីសហគមន៍អន្តរជាតិជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីជោគជ័យរបស់ ICC អង្គរ ដែលមានការចូលរួមពីអង្គការធំៗជាង២០អង្គការ ក្នុងការអភិរក្ស និងជួសជុលប្រាសាទឡើងវិញ ហើយនៅក្នុងនោះមានជាង៦០គម្រោង ហើយកន្លងមកនេះថវិកាដែលបានទទួលសម្រាប់ការងារ ICC អង្គរ មិនតិចជាង៥០០លានដុល្លារ ដែលកម្ពុជាបានចំណាយថវិកាទាំងនោះប្រកបដោយតម្លាភាពត្រឹមត្រូវតាមរយៈគណៈកម្មាការ ICC អង្គរនេះ។
គួរបញ្ជាក់ថា តាមប្រាសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន គឺនៅពេលខាងមុខនេះ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំនូវពង្រាវកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាជាមួយក្រសួងវប្បធម៌សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ហាញថាទំនាក់ទំនងរវាងចិន-កម្ពុជា កាន់តែមានភាពស្និតស្នាលផ្នែកបេតិកភណ្ឌវប្បធម៌បន្ថែមទៀត៕



No comments:
Post a Comment