Friday, August 28, 2015

បណ្ឌិត សុខ ទូច ស្នើឲ្យ ឯកឧត្តម អ៊ុំ សំអាន ផ្តល់ផែនទី ដែលរកបានពីអាមេរិកដើម្បីធ្វើការផ្ទៀងផ្ទាត់

យោងតាម​លិខិតរបស់​លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​ចុះថ្ងៃទី ២៧ ​ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម ​អ៊ុំ សំអាន ​តំណាងរាស្រ្តមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីបានទទួលដំ​ណឹងថា ឯកឧត្តម ​អ៊ុំ សំអាន ​ទទួលបានផែន​ទីព្រំដែនប្រទេសកម្ពុជា​ជាមួយប្រទេសវៀ​តណាម ពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក ​ដូច្នេះក្រុមស្រាវ​ជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ស្នើសុំផែនទីដែលឯកឧត្តម ​អ៊ុំ សំអាន ​មានយកមកធ្វើការ​ផ្ទៀងផ្ទាត់ជាមួយផែ​នទី​ដែលរាជបណ្ឌិត្យ​សភាទទួល​បានពីប្រភពនានា។​

នៅក្នុងលិខិត​របស់ លោកបណ្ឌិត ​សុខ ទូច​ បានឲ្យដឹងថា ​តាមរយៈគណនីហ្វេសប៊ុក​ របស់  ឯកឧត្តម​ អ៊ុំ សំអាន​ បង្ហាញថា ​ឯកឧត្តមបានទៅរក​ផែនទី ​នៅបណ្ណាល័យ​សភា ​សហរដ្ឋអាមេរិក​ នៅ Washington DC ហើយបាន​រកឃើញ និ​ងទទួលផែនទីបោន ​របស់កម្ពុជា​ចំនួន ២៦ផ្ទាំង ​ទាំងផែនទី Digital ​និងផែនទីក្រដាស ​ហើយឯកឧត្តម​ អ៊ុំ សំអាន ​បានអះអាង​ថា ផែនទីទាំងនោះ គឺ​ជាផែនទីដែល​សម្តេចព្រះបរម​កោដ្ឋ នរោត្តម ​សីហនុ ​បានយកទៅសុំឲ្យសហ​រដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែព្រំដែនកម្ពុជា​ នៅថ្ងៃទី ​០២ ខែមេសា ​ឆ្នាំ១៩៦៤។​

ការស្នើសុំឲ្យ ​ឯកឧត្តម ​អ៊ុំ សំអាន ​យកផែនទីដែលរក​បានពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក មក​ផ្ទៀងផ្ទាត់នេះ ​ដើម្បីឯកភាពជាតិ ​និងអាយុជីវិតជាតិ ​និងដើម្បីដោះស្រាយ ​និងការពារព្រំដែនប្រទេស​កម្ពុជាជាមួយ​ប្រទេសជិតខាង។ ​

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ផែនទីដែល​ក្រុមស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យស​ភាកម្ពុជាទទួលបាន​ពីប្រភពនានា​មានដូចជា៖​ ១. ផែនទីផ្លូវការ​ ដែលប្រើប្រាស់ដោ​យរាជរដ្ឋាភិ​បាល ចំនួន​ ២៦ផ្ទាំង, ២.​ ផែនទីពីគណបក្សសង្គ្រោះជាតិ​ ចំនួន២៤ផ្ទាំង ​៣. ផែនទីពីប​ណ្ណាល័យព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ ចំនួន ២៦ផ្ទាំង, ៤.​ ផែនទីពីអង្គការស​ហប្រជាជាតិ ​ចំនួន ១៨ផ្ទាំង, ៥.​ ផែនទីពីប​ណ្ណាល័យវិទ្យា​ស្ថានភូមិសាស្ត្រជាតិ(​បារាំង) ​ចំនួន ​២៦ផ្ទាំង៕



No comments:

Post a Comment