ដោយយោងទៅតាមខ្សែវីដេអូកិច្ចប្រជុំតុមូល ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៥នេះ ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន បានចូលរួមឆ្លើយ បំភ្លឺក្នុងតុមូលស្តីពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមដោយបានបញ្ជាក់ជាថ្មីឡើងវិញអំពីផែនទីខ្នាត១-១០០០០០ដែលទទួលស្គាល់ជាអន្តរជាតិជាមួយប្រទេសជិតខាងគឺជាអាយុជីវិតរបស់ព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍មានគតិបណ្ឌិត និងឆ្លាតវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺបានផ្តល់សារៈសំខាន់ យ៉ាងខ្លាំងដល់ការងារព្រំដែន។ ឯកឧត្តមបានបន្ថែមថា យើងយល់ច្បាស់ថាប្រទេសនីមួយៗត្រូវតែមានព្រំដែនរបស់ខ្លួន ដែលមានលក្ខណៈជាព្រំដែនអន្តរជាតិរឹងមាំ ច្បាស់លាស់ ហើយជាពិសេស គឺប្រទេសតូចដែលនៅចន្លោះប្រទេសធំជាង គឺយើងត្រូវតែការពារខ្លួនតាមផ្លូវច្បាប់និងដែលមានការទទួលស្គាល់ដោយទ្វេរភាគី និង សហគមន៍អន្តរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើការងារព្រំដែន នេះអស់រយៈពេលជាង៣០ឆ្នាំមកហើយហើយសម្តេចតេជោ លោកខិតខំណាស់ គឺចង់បានការការពារអធិបតេយ្យជាតិ ដោយមានការទួលស្គាល់ទាំងអស់គ្នា ទើបឈានដល់ការបោះបង្គោលព្រំដែនរឹងមាំច្បាស់លាស់ដែលទទួលស្គាល់ដោយទ្វេរភាគី និងសហគមន៍អន្តរជាតិ តែត្រូវគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបែរជាខិតខំធ្វើប្រជាភិថុត និយាយដូចជាស្រឡាញ់ជាតិ ស្រឡាញ់ប្រទេសខ្លួនឯងណាស់ ប៉ុន្តែការពិតបង្ករការញុះញង់ និងរារាំងដល់ដំណើរការបោះបង្គោលព្រំដែនទៅវិញដោយពួកគេបានលើកឡើងនូវការទិតៀន យ៉ាងងងើល ដោយមិនសមហេតុផល មើលងាយការងាររបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានលើកឡើង ពីឯកសារការផ្លាស់ប្តូរការទូតកម្រិតជាន់ខ្ពស់រវាងកម្ពុជាជាមួយនឹងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ពីការងារទទួលស្គាល់និងធានាដល់អព្យាក្រិត្យភាពកម្ពុជានៅក្នុងព្រំដែនស្របច្បាប់របស់ខ្លួនពេលនោះរួមមាន សារលិខិតរបស់ព្រះករុណាព្រះបរមរតនកោដឆ្លើយឆ្លងជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសសម័យនោះគឺចង់អោយប្រទេសអង់គ្លេសជួយធានាអាព្យាក្រិត្យភាព ដែលរួមមានទាំងបញ្ហាព្រំដែនផងដែរ។ ហើយទន្ទឹមនឹងនោះក៏មានលិខិតឆ្លើយឆ្លងរវាង លោក ហួត សម្បត្តិ ដែលជារដ្ឋលេខាធិការក្រសួងការបរទេសម័យនោះជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ ដែលបានបញ្ជាក់ថាប្រទេសយើងមានទំនាក់ទំនងតឹងតែងជាមួយអាមេរិក រហូតឆ្នាំ ១៩៦៥ យើងផ្តាច់ទូតជាមួយអាមេរិកហើយនៅពេលនោះ។ ការឆ្លើយឆ្លងផ្លាស់ប្តូរឯកសារការទូតនោះចង់អោយប្រជុំចតុភាគីរវាងកម្ពុជា វៀតណាមខាងត្បូង ថៃ និង អាមេរិកចូលរួម ព្រោះ អាមេរិកជាអ្នកមើលគ្រប់គ្រងវៀតណាមខាងត្បូង និងថៃពេលនោះ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថាការប្រជុំចតុភាគីនោះ គឺដើម្បីស្វែងរកភស្តុតាងដែលផែនទីប្រើប្រាស់ពេលនោះដែលព្រះករុណាទាមទារការទទួលស្គាល់ អព្យាក្រិត្យភាពក្នុងព្រំដែនរបស់ខ្លួន ពេលនោះមានលិខិតស្ថានទូតអាមេរិកផ្ញើរទៅក្រសួងការបរទេសរបស់គេ។ លោកហួត សម្បត្តិ បានប្រគល់ផែនទីបីផ្ទាំងជូនអាមេរិកពេលនោះ គឺទីមួយ ផែនទីបោននេះឯង ដែលយើងប្រើជាមួយវៀតណាម ទីពីរ គឺផែនទីសមុទ្រ១-៣០០០០០ មួយទៀត គឺផែនទីការងារកម្ពុជា ថៃ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានបន្ថែមទៀតថា ឥឡូវយើងផ្តោតមកលើ ផែនទីកម្ពុជា-វៀតណាមវិញ។ យើងទទួលស្គាល់គោលការណ៍ Utiposidentis មានន័យថាប្រទេសដែលទទួលស្គាល់គោលការណ៍នេះ ត្រូវទទួលស្គាល់ព្រំដែនដែលអាណានិគមបន្សល់ទុកអោយ។ ឯកឧត្តមបណ្ឌិត សភាចារ្យ ក៏បានបកស្រាយបន្ថែមទៀតថា មូលហេតុដែលរាជរដ្ឋាភិបាលសរសេរលិខិតសុំខ្ចីផែនទីពី អង្គការសហប្រជាជាតិ និងមហាអំណាចនោះ ដោយសារតែគណបក្សប្រឆាំងចេះចោទប្រកាន់មកលើរដ្ឋា ភិបាល និងធ្វើប្រជាភិថុតញុះញង់សាធារណៈមតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលថានឹងបើកទូលាយ ឱ្យមានការផ្ទៀងផ្ទាត់ផែនទីដោយចំហរ តម្លាភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ដើម្បីបញ្ជាក់ ថាផែនទីដែលប្រើកន្លងមកពិតជាត្រឹមត្រូវ៕
No comments:
Post a Comment