នាពេលថ្មីៗនេះ
មានការចោទប្រកាន់ពីមជ្ឈដ្ឋានខ្លះទៅលើភាពមិនប្រក្រតីរបស់អគ្គីសនីកម្ពុជាដែលមានដូចជា
នាឡិការស្ទង់ដែលកំពុងប្រើប្រាស់មានភាពមិនប្រក្រតី, បរិមាណថាមពលអគ្គីសនីប្រើប្រាស់មានការកើនឡើងខុសប្រក្រតី,
និងអគ្គីសនីកម្ពុជាបានច្នៃនាឡិការស្ទង់ជាដើម។ល។
ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើអគ្គិសនីបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី០៧
ខែកក្កដា ឆ្នាំ២០១៥ ក្នុងគោលបំណងបំភ្លឺដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលព័ត៌មានពីការចោទប្រកាន់ដល់អគ្គីសនីជាតិកម្ពុជាពីសំណាក់អ្នកចោទប្រកាន់ដើម្បីកេងចំណេញនយោបាយ
និងគោលបំណងផ្សេងៗទៀត។
សេចក្តីជូនដំណឹងរបស់អគ្គីសនីកម្ពុជាបានឲ្យដឹងថា
គោលការរបស់អគ្គីសនីកម្ពុជាគឺ អគ្គីសនីកម្ពុជាជាក្រុមហ៊ុនរដ្ឋ ១០០% ហើយពុំមានគោលការណ៍ណាមួយកេងប្រវ័ញ្ចពីអតិថិជនរបស់ខ្លួនយកទៅជូនរដ្ឋនោះទេ
ចំពោះនយោជិតណាមួយរបស់អគ្គីសនីកម្ពុជាណាដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ខាងលើនេះ
នឹងត្រូវមានទោសតាមច្បាប់ជាធរមាន រាប់ទាំងការបញ្ឈប់ពីអង្គភាពជាបន្ទាន់ផងដែរ។
សេចក្តីជូនដំណឹងបានបន្ថែមថា
កន្លងមកអគ្គីសនីកម្ពុជាបានខិតខំប្រឹងប្រែង
និងបន្តការវិនិយោគលើការអភិវឌ្ឍ ទៅលើអគ្គីសនីដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់
២០%ក្នុងមួយឆ្នាំ។ កាត់បន្ថយថ្លៃអគ្គីសនីពីជាង ៣,០០០រៀលក្នុងមួយគីឡូមកត្រឹមតែ
១,០៥០រៀល។ ចំណែកឯនៅក្នុងរាជធានីភ្នំពេញវិញអគ្គីសនីកម្ពុជាបានឧបត្ថម្ភផ្នែកហិរញ្ញវត្តុរបស់ខ្លួនផ្ទាល់
ដើម្បីភ្ជាប់បណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋ ដែលជួលបន្ទប់ស្នាក់នៅបានចំនួន
១១៦,៩១៤បន្ទប់ និងបញ្ចុះថ្ងៃអគ្គីសនីមកត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់
និងមានគំរោងចំណាយទុនរបស់ខ្លួន ប្រមាណ៤៥% នៃប្រាក់ចំណេញ
ដើម្បីកាត់បន្ថយថ្លៃអគ្គីសនីនៅរាជធានីភ្នំពេញបន្ថែមទៀត
ជាពិសេសកាត់បន្ថយថ្លៃអគ្គីសនីនៅតាមជនបទទាំងអស់ ដែលប្រើប្រាស់បណ្តាញអគ្គីសនីកម្ពុជាឲ្យមកត្រឹម
៨០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ចំណែកឯជនក្រីក្រដែលប្រើប្រាស់មិនលើសពី
១០គីឡូវ៉ាត គឺអគ្គីសនីកម្ពុជានិងកាត់បន្ថយថ្លៃអគ្គីសនីមកត្រឹម
៤១០រៀលតែប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង។
អគ្គីសនីកម្ពុជាក៏បានឲ្យដឹងផងដែរថា
ក្នុងយុទ្ធនាការនៃការតភ្ជាប់អគ្គីសនីឲ្យដល់បន្ទប់ជួលរបស់ប្រជាពលរដ្ឋនោះ
អគ្គីសនីកម្ពុជា បានប្រើប្រាស់នាឡិកាស្ទង់ដែលផ្គត់ផ្គង់ដោយអគ្គីសនីកម្ពុជាតែប្រមាណ
១.៩% ស្មើនឹង ២,២៣០ នាឡិកាស្ទង់តែប៉ុណ្ណោះ
ចំពោះនាឡិការស្ទង់ឯទៀតគឺសុទ្ធតែជានាឡិកាស្ទង់ដែលម្ចាស់ផ្ទះជួលបន្ទប់ជួល
បានដាក់តម្លើង និងប្រើប្រាស់ស្រាប់រួចហើយពីមុនដែលស្មើរនឹង ១១៦,៩១៤នាឡិកាស្ទង់។
ក្រៅពីនេះអគ្គីសនីកម្ពុជា
ក៏បានអំពាវនាវដល់អតិថិជនទាំងអស់ដែលឃើញថា ប្លុមបេពីរោងចក្ររបស់នាឡិកាស្ទង់បានដាច់
សូមមេត្តារាយការណ៍ជាប្រញាប់មកភ្នាក់ងារនៅតាមសាខានីមួយៗដើម្បីអគ្គីសនីកម្ពុជាធ្វើការផ្លាស់ប្តូរថ្មីឲ្យវិញ។
លើសពីនេះចំពោះករណីដែលកត់ត្រាលេខអំណាននាឡិកាស្ទង់ខុស
ដោយភ្នាក់ងារណាមួយ ថាមពលដែលខុសនឹងត្រូវបានកាត់កងជាមួយខែបន្ទាប់ដោយស្វ័យប្រវត្តិ។
សំរាប់ភ្នាក់ងារដែលមានបំណងកត់ត្រាលេខអំណាននាឡិការស្ទង់ឲ្យខុសក្នុងគោលបំណងណាមួយ
នោះអគ្គីសនីកម្ពុជានឹងបញ្ឈប់ពីក្របខណ្ឌអគ្គីសនីកម្ពុជាជាបន្ទាន់ ដោយពុំបណ្តែតបណ្តោយឲ្យមានការប្រព្រឹត្តិបែបនេះតទៅទៀតឡើយ។
ជាមួយគ្នានេះដែរអគ្គីសនីកម្ពុជា
កំពុងស្នើរសុំជំនួយបច្ចេកទេសពីទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ឲ្យជួយបង្កើតមជ្ឈមណ្ឌលពិនិត្យនាឡិកាស្ទង់ឯករាជ្យថ្នាក់ជាតិមួយ
ក្រោមការត្រូតពិនិត្យរបស់អ្នកជំនាញជប៉ុនដែលពុំមានការពាក់ព័ន្ធជាមួយអ្នកផ្គត់ផ្គង់អគ្គីសនី
ក្នុងបំណងផ្តល់កន្លែងផ្ទៀងផ្ទាត់ឲ្យកាន់តែមានតម្លាភាពមួយទៀត
ដើម្បីជូនអ្នកប្រើប្រាស់អគ្គីសនីទូទាំងប្រទេសប្រើប្រាស់។
អគ្គីសនីកម្ពុជាក៏បានផ្តាំផ្ញើរដល់អតិថិជនរបស់អគ្គីសនីកម្ពុជា
ដែលមានមន្ទិលពីការប្រើប្រាស់ ឬមន្ទិលរបស់នាឡិកាស្ទង់
សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទដែលមាននៅលើវិក្កយបត្រប្រចាំខែ
ឬមកជួបភ្នាក់ងារទទួលអតិថិជនរបស់អគ្គីសនីកម្ពុជាតាមបណ្តាខេត្តក្រុងទាំងអស់
ដើម្បីឲ្យភ្នាក់ងារមានសមត្ថកិច្ចចុះត្រួតពិនិត្យនាឡិកាស្ទង់ដែលមានមន្ទិលនោះ
ដើម្បីផ្តល់ដំណោះស្រាយដែលប្រជាពលរដ្ឋចង់បានឲ្យទាន់ពេលវេលា។



No comments:
Post a Comment