យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រសួងព្រះបរមរាជវាំង បានបដិសេធ និងទាត់ចោលទាំងស្រុងនូវព័ត៌មានអាក្រក់ប្រាសចាកការពិត ដូចដែលមានចុះផ្សាយក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងសារព័ត៌មាននានា ដែលបានចេញផ្សាយថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានបន្ទូលថា ព្រះមហាក្សត្រគ្រោងនឹងកោះហៅមេដឹកនាំគណបក្សនយោបាយធំៗទាំង៣ មកប្រជុំពិភាក្សាលើបញ្ហាព្រំដែន។
ចំពោះអត្ថបទនេះ ក្រសួងព្រះបរមរាជវាំង សូមប្រកាសជាព័ត៌មាន ជូនសាធារណៈជនប្រាបថា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គពុំមានព្រះរាជតម្រិះ ឬព្រះរាជឱង្ការ ឬមានផែនការកោះហៅមេដឹកនាំគណបក្សធំៗទាំង៣ មកពីភាក្សាអំពីបញ្ហាព្រំដែនឡើយ។
ប៉ុន្តែក្រសួងព្រះបរមរាជវាំង បានបញ្ជាក់យ៉ាងច្បាស់ថា៖ បើមានកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្រតិបត្តិ ហើយព្រះអង្គក៏មិមានទម្លាប់ពិគ្រោះជាមួយគណបក្សនយោបាយឡើយ៕

No comments:
Post a Comment