កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋបានចេញ សេចក្តីថ្លែងការណ៍គាំទ្រចំពោះ ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបន្ទាប់ពីច្បាប់នេះ ត្រូវបានអនុម័តដោយសមាជិករដ្ឋសភាសម្លេងភាគច្រើនក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៥ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។
លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពិតជាមានភាពចាំបាច់យ៉ាងខ្លាំង ដើម្បីឱ្យសមាគម និងអង្គការមិនមែនរដ្ឋា ភិបាលក្លាយជានីតិបុគ្គលស្របច្បាប់ និងទទួលបានការគាំពារដោយច្បាប់ ហើយជាក់ស្តែងការពិគ្រោះ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ជាមួយគ្នានេះដែរសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងក៏ធ្លាប់បានស្នើឱ្យបង្កើតច្បាប់នេះតាំងពីឆ្នាំ១៩៩៩ បើយោងតាមសេចក្តីថ្លែងហេតុ របស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៩ ដោយមានការចុះហត្ថលេខាតំណាងដោយឯកឧត្តម ថាច់ សេដ្ឋា។
លោកប្រធានសមាគមក៏បានបន្តថា លោកមានការសោកស្តាយបំផុតចំពោះអ្នកតំណាងរាស្ត្រគណបក្ស ប្រឆាំង ដែលបានធ្វើពហិការមិនចូលរួមអនុម័តលើសេចក្តីព្រាងច្បាប់ដ៍មានសារៈសំខាន់នេះ ដែលបានធ្វើ ឱ្យខ្លួនប្រាសចាកពីតួនាទីតំណាងរាស្ត្រដែលទទួលអណត្តិក្នុងមុខងាររបស់ខ្លួន។ លោក ប៉ុល សីហា ក៏បានបន្ថែមទៀតថា ទង្វើររបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគឺ បាននិងកំពុងតែដើរផ្ទុយពីគោល ការណ៍នីតិរដ្ឋ។
លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ក៏បានអំពាវនាវដល់សមាគម និងអង្គការមិន មែនរដ្ឋាភិបាល ក៏ដូចជាគណបក្សនយោបាយទាំងអស់ មេត្តាចូលរួមបន្តពិនិត្យតាមដានលើការអនុវត្តន៍ ច្បាប់នេះបន្ទាប់ពីចូលជាធរមាន។ លោកប្រធានសមាគមក៏បានអំពាវនាវបន្ថែមទៀតដល់សមាគម និង អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ឱ្យគោរពតាមខ្លឹមសារច្បាប់ដែលបានអនុម័តដោយសមាជិករដ្ឋសភា ក្នុងសម្លេងគាំទ្រលើសពីពាក់កណ្តាល ព្រោះការអនុម័តច្បាប់នេះគឺជាដំណើរការវិជ្ជមានស្របតាមគោល ការណ៍ប្រជាធិបតេយ្យនីយកម្ម និងនីតិរដ្ឋ៕

No comments:
Post a Comment