នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃទី៣នៃការស្នាក់អាស្រ័យ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគទុនធំៗចំនួន៦ ក្នុងនោះរួមមាន ក្រុមហ៊ុន Mitsui ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea និងក្រុមហ៊ុន Yazaka Comporation ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបដាច់ដោយឡែកពីគ្នានៃក្រុមហ៊ុនវិនិយោគទាំង៦ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនៃក្រុម ហ៊ុនទាំង៦របស់ប្រទេសជប៉ុន ដែលបានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំងក្នុងទាក់ទាញអ្នកវិនិយោគពីគ្រប់ទិសទីទាំងអស់ ក្នុងការទៅបណ្តាទុកក្នុងប្រទេសកម្ពុជា ពិសេសទៅទៀត នោះច្បាប់វិនិយោគរបស់កម្ពុជាបានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំង ដល់គ្រប់ហ៊ុនវិនិយោគបរទេសទាំងអស់ ដែលមានបំណងទៅបណ្តាក់ទុននៅកម្ពុជា ពោលគឺក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន១០០% ដោយមិនចាំបាច់ពីដៃគូក្នុងស្រុក និងដោយមិនមានការកំណត់ទុន។
តាមការគូសបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឲ្យដឹងថា វិនិយោគទុនរបស់ប្រទេសជប៉ុននៅកម្ពុជា កាលពីឆ្នាំ២០១៤មានទឹកប្រាក់៦៨លានដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥ មានទឹកប្រាក់ចំនួនជាង២០លានដុល្លា ការវិនិយោគទាំងអស់នោះ រួមមាន ការវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការកែច្នៃឈើ គ្រឿងចក្រ និងការ តម្លើងរថយន្តជាដើម។
ក្នុងជំនួបពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតរបស់សម្តេច អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ដែលមានវត្តមាននៅពេលនេះ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ពិសេសបានសិក្សាស្វែងយល់ថែមទៀតពីសម្តេច ក្នុងការតំរង់ទិសដល់ការងារវិនិយោគក្នុងប្រទេសកម្ពុជា។
តាមរយៈជំនួបពិភាក្សាគ្នានោះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសកម្មភាពដឹកនាំរបស់សម្តេច ដែលបានផ្តល់អាទិភាពដល់អ្នកវិនិយោគទុនបរទេស មិនថាតែវិនិយោគមកពីប្រទេសជប៉ុននោះទេ ពោល គឺផ្តល់អាទិភាពដល់វិនិយោគទុនបរទេសទាំងអស់ ដែលមានបំណងមកបណ្តាក់ទុនពិតប្រាកដនៅកម្ពុជា។
ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងអស់ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានកំណើនគួរឲ្យកត់សំគាល់ ពិសេសក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន រៀបចំពិធីអាហារពេលល្ងាចជាមហាកិត្តិយស ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។
ឯកឧត្តម Fumiaki Takahashi ក៏បានថ្លែងនូវការគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សានូវកំណើនជាង៧%ក្នុងមួយឆ្នាំ ដែលនោះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេច ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាពបំផុតនោះ។
ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា សមាគមន៍នៃប្រទេសទាំងពីរ បានភ្ជាប់នូវទំនាក់ទំនងជាមិត្តភាពជាមួយនិងបណ្តាប្រទេសនានា លើសកលលោក និងសំបូរទៅដោយបញ្ញាវ័ន្តវ័យក្មេង តាមរយៈឯកឧត្តមមានការរីករាយខ្លាំងណាស់ ក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការជាមួយនិងប្រទេសកម្ពុជា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងជួយដល់យុវជនជំនាន់ក្រោយរបស់យើង កាន់តែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយខ្លាំងណាស់ ដោយបានអញ្ជើញមកកាន់ទីក្រុងតូក្យូប្រទេសជប៉ុនសាជាថ្មីម្តងទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ សម្តេចតេជោមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចមកកាន់ ប្រទេសជប៉ុននៅពេលនេះ មិនគ្រាន់តែផ្តល់ឱកាសឲ្យរូបសម្តេចធ្វើការជាមួយភាគីជប៉ុន និងថ្នាក់ដឹកនាំ នៃប្រទេសមេគង្គ ដែលទាក់ទិនទៅនិងការរួមគ្នាដោះស្រាយ និងការបង្កើនកិច្ចសហប្រតិបត្តិការសំរាប់តំបន់មេគង្គ ជាមួយនិងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺក្នុងន័យដើម្បីផ្តល់ឱកាសឲ្យរូបសម្តេចបាន ជួបប្រាស្រ័យជាមួយនិងថ្នាក់ដឹកនាំជប៉ុន ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ជប៉ុនឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
សម្តេច មានប្រសាសន៍បន្តថា សម្តេចនិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការ ពង្រីកចំណងទាក់ទងជាមួយនិងប្រទេសជប៉ុន ឲ្យឈានដល់ចំណុចកំពូលថ្មីទៀត ពោលគឺនៅពេលខាងមុខ រូបសម្តេចផ្ទាល់និងធ្វើការជាមួយថ្នាក់ដឹកនាំជប៉ុន ដើម្បីពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ ពីជាដៃគូយុទ្ធសាស្រ្ត ទៅកាន់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ គ្រួបង្វឹក និងក្រុមកីឡាករបាល់ទាត់យុវជនអាយុ ក្រោម១៥ឆ្នាំចំនួន៣២នាក់ ដែលមានវត្តមានចូលរួមប្រកួតកីឡាជាលក្ខណៈមិត្តភាព ក្នុងប្រទេសមេគង្គ ជប៉ុន ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខថ្នាក់ដឹកនាំ គ្រូបង្វិក និងកីឡាករយុវជនទាំង៣២នាក់នោះថា បើទោះបីជាប្រទេសយើងតូច កីឡាកររបស់យើងមានកាយសម្បទានតូចក៏ពិតមែន ប៉ុន្តែនៅពេលចូលរួមប្រកួតគឺយើងមិនត្រូវខ្លបខ្លាចចំពោះ ឥទ្ធិពលអ្វីទាំងអស់ ពោលគឺយើងប្រកួតទៅតាមលក្ខណៈបច្ចេកទេស និងជំនាញដែលយើងមានពិតប្រាកដ។
តាមរយៈកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ សំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរដល់ក្រុមយុវជនវ័យក្មេងរបស់កម្ពុជា ដែលអ្នកទាំងអស់គ្នានេះហើយគឺជាអ្នកបន្តវេន និងជាអ្នកនាំកិត្តិយសជូនប្រទេសជាតិ តាមរយៈកម្ពុជាដែលនឹងជាម្ចាស់ផ្ទះកីឡាស៊ីហ្កេមនៅឆ្នាំ ២០២៣ខាងមុខ។
ដោយបានមានប្រសាសន៍ទៅកាន់កីឡាករវ័យក្មេងទាំងអស់នោះថាជាចៅៗ សម្តេចតេជោ មានប្រសាសន៍ជំរុញលើកទឹកចិត្តដល់កីឡាវ័យក្មេងទាំងនោះ ក៏ដូចជាកីឡាវ័យក្មេងដទៃ ទៀត បន្តខិតខំប្រែងប្រែងពីពេលបច្ចុប្បន្ននេះទៅ ហើយរហូតដល់ឆ្នាំ២០២៣យុវជនវ័យក្មេងទាំងនេះ និងក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្វិតស្វាញ និងនាំជ័យលាភីជូនប្រទេសជាតិ ហើយយុវជនវ័យក្មេងទាំងនេះនឹង ក្លាយទៅជាកីឡាករជម្រើសជាតិ មិនគ្រាប់តែដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះនោះទេ គឺក៏ដើម្បីត្រៀមខ្លួនសម្រាប់ កីឡាអូឡាំពិកនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២០ផងដែរ។ បើតាមគូសបញ្ជាក់ពីអ្នកដឹកនាំក្រុមបានឲ្យដឹងថា ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ បានធ្វើការប្រគួតពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី៥កក្កដា ក្នុងនោះលើកទី១ ក្រុមកម្ពុជាប្រគួតជាមួយនិងក្រុមជម្រើសយុវជនអាយុក្រោម១៥ឆ្នាំ របស់ប្រទេសជប៉ុន ដោយប្រកួតចាញ់ក្រុមជប៉ុន ៥ទល់និង១ ប្រគយចាញ់ក្រុមជម្រើសជាតិវៀតណាម១សូន្យ ចាញ់ក្រុមលីក របស់ជប៉ុន១សូន្យ និងទាត់ស្មើរ២ទល់និង២ជាមួយនិងក្រុមប្រទេសថៃ។
បន្ទាប់ពីការបញ្ចប់ការប្រគួតនេះ ក្រុមយុវជនរបស់កម្ពុជានឹងបន្តស្នាក់នៅហ្វឹកហាត់រយៈពេលប្រមាណ ២សប្តាហ៍ទៀត ក្នុងប្រទេសប្រជប៉ុន ដើម្បីត្រៀមប្រកួតកីឡាបាល់ទាត់អាយុក្រោម១៥ឆ្នាំ សម្រាប់តំបន់អាស៊ីនៅពេលខាងមុខ៕
No comments:
Post a Comment