កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានធ្វើវេទិកាតុមូលមួយ
ដែលមានការចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា,ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
ឯកឧត្តម ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងសម្របសម្រួលដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ប៉ុន្តែ ការបង្តើតជាមន្ទិលសង្ស័យ និងការបន្តបន្ទររឿងព្រំដែននៅតែមិនទាន់ស្ងប់រលត់
ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការបំភ្លឺជាថ្មីម្តងទៀត នៅទីស្តីការគណៈរដ្ឋមន្ត្រី
កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៥។
តាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី
វ៉ា គឹមហុង ក្នុងវេទិការបកស្រាយរឿងព្រំដែននេះ បានឲ្យដឹងថា តាមច្បាប់អន្តរជាតិ
កម្ពុជាទទួលយកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ នៅលើផែនទី ដែលអាណានិគមបារាំងបានបន្សល់ទុកឲ្យ
គឺផែនទី១/១០០.០០០។
ឯកឧត្តម វ៉ា គឹមហុង បានបន្តថា ចំពោះបញ្ហាផែនទីនេះ
មុននិងព្រះមហាវីរក្សត្រ ព្រះអង្គសោយទីវង្គត់ ព្រះបរមរតនៈកោដ្ឋ បានរំលឹកថា ព្រះអង្គធ្លាប់បានសសេរលិខិតទៅវៀតណាម
សូមឲ្យវៀតណាមទទួលយកខ្សែព្រំដែនលើផែនទីដែលបារាំងទុកឲ្យ ចៀសវាងភាពមិនច្បាស់លាស់ណាមួយក្នុងពេលអនាគត
ដែលនាំទៅរកវិបត្តិព្រំដែនរវាងប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ
យើងបានប្រើផែនទីនេះជាគោលការណ៍រួម ដែលឥស្សរៈជនជាន់ខ្ពស់របស់កម្ពុជាទទួលស្គាល់ទាំងអស់គ្នា
ហើយគ្មានផែនទីណា២-៣នោះទេ។
ជុំវិញការបង្ហោះក្នុង Facebook របស់ ឯកឧត្តម អ៊ុំ
សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប ដែលចង់តទល់ដោយផ្ទាល់ជាមួយឯកឧត្តមនោះ
ឯកឧត្តម វ៉ា គឹមហុង បានលើកឡើងថា «គួរតែគោរពតាមនីតិបញ្ញតិច្បាប់
ព្រោះគាត់ជាតំណាងរាស្រ្ត ដូច្នេះគាត់គួរធ្វើលិខិតទៅប្រធានរដ្ឋសភា ដើម្បីសុំការបំភ្លឺពីខាងជំនាញ
ហើយបើខាងសភាយល់ព្រមនិងសំណើរនោះ ឯកឧត្តមនឹងធ្វើការឆ្លើយបំភ្លឺជូន»។
ដោយឡែកជុំវិញការធ្វើស្រែចំការ របស់ប្រជាជនខ្មែរចូលទៅខាងដីវៀតណាម
ឯកឧត្តម វ៉ា គឹមហុង បានពន្យល់ថា អ្នកជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរ បន្ទាប់ពីវាស់វែងជាក់ស្តែងឃើញថា
មានការធ្វើស្រែចំការពីប្រជាជនខ្មែរ ចូលដីវៀតណាត ខាងកម្ពុជាយើង ក៏បានសំរួលឲ្យមានការដោះដូរគ្នាទៅវិញទៅមក
ដែលពេលនោះតាមស្ថានភាពជាក់ស្តែង គឺដោះដូរលើចំនួនដី ១០០ ហិចតា តែដោយថ្មីៗមានការធ្វើចំការចូលទៅខាងដីវៀតណាមចំនួន
១៦.៦ ហិតាទៀត ទើបធ្វើឲ្យមានបញ្ហាកើតឡើង។
ដោយឡែកការលើកឡើងថា សន្ឋិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥
រវាងកម្ពុជា និងវៀតណាម ស្តីពីបញ្ហាព្រំដែន ដោយចោទថាជាសន្ឋិសញ្ញាលក់ដីឲ្យយួននោះឯកឧត្តម
វ៉ា គឹមហុង បានបកស្រាយពន្យល់ថា សន្ធិសញ្ញាឆ្នាំ២០០៥នេះ
មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទេ ផ្ទុយទៅវិញ គឺបានផ្តល់ផលប្រយោជន៍ច្រើនណាស់មកឲ្យកម្ពុជាយ៉ាងច្រើន។
ឯកឧត្តម វ៉ា គឹមហុង បានមានប្រសាសន៍ថា ចំណុចសំខាន់ទី១ ក្នុងសន្ធិសញ្ញាឆ្នាំ២០០៥
ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ក្នុងការចុះសន្ធិសញ្ញានេះ យើងបានទម្លាក់ខ្សែព្រំដែនមកពាក់កណ្តាល
ទឹក ព្រែក ទាំងអស់ពេញផ្ទៃប្រទេស ដែលធ្វើឲ្យប្រជាជនកម្ពុជាមានទឹកប្រើប្រាស់
ដែលពីមុនយើងធ្លាប់តែទិញពីវៀតណាម ដែលខ្សែព្រំដែនដែលបារាំងគូសឲ្យ គឺខាងទឹកឲ្យទៅវៀតណាម
និងដាក់ខ្សែព្រំដែនតែលើត្រើយគោកឲ្យខាងខ្មែរ។ចំណុចសំខាន់ទី២ នៃសន្ធិសញ្ញានេះ
គឺអនុញ្ញាតឲ្យយើងធ្វើសវនកម្ម ផែនទីខ្សែព្រំដែនឡើងវិញ បើខ្សែព្រំដែននោះពិនិត្យឃើញមានកំហុសណាមួយ
យើងអាចស្នើធ្វើឡើងវិញបាន និងអនុញ្ញាតឲ្យយើងកែប្រែឡើងវិញ នូវកន្លែងដែលយើងមានការសង្ស័យដោយសារពីមុនយើងមិនទាន់មានបច្ចេកវិទ្យាទំនើប
ដូចជាផ្កាយរណបជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក៏បានបញ្ជាក់ផងដែរថា
បញ្ហាព្រំដែនមិនមែនជាបញ្ហាបុគ្គលទេ ជាបញ្ហាការពារអធិតេយ្យជាតិ និងការដោះស្រាយជាលក្ខណៈអន្តរជាតិ
ជាមួយប្រទេសជិតខាង ហើយការពិតការកំណត់ខ្សែព្រំដែន មិនគួរជាព្រំដែនហិង្សាទេ ត្រូវតែជាខ្សែព្រំដែនសំរាប់កិច្ចសហប្រតិបត្តិការរវាងតំបន់
និងតំបន់ និងរវាងប្រទេស និងប្រទេស សូមកុំប្រើហិង្សាដើម្បីដោះស្រាយបញ្ហាព្រំដែន៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment