
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង ដែលប្រារព្ធធ្វើឡើងនៅទីក្រុងបាន់ឌុង ជាទីក្រុងដែលមានវ័យចំណាស់ជាងគេ របស់សាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃប្រទេសអាស៊ី‑ អាហ្រ្វិក ទាំង១០៩ប្រទេស ត្រូវបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកត់ក្តៅ និងស្និតស្នាលរ៉ាក់ទាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីក្រុងបាន់ឌុង ពិសេសការធ្វើគារវកិច្ចយ៉ាងស្និតស្នាលបំផុត ពីសមណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពី គ្រប់ស្រទាប់ជាន់ថ្នាក់ ចាប់តាំងពីចំណតអាកាសយានដ្ឋានអន្តរជាតិបាន់ឌុង រហូតដល់សណ្ឋាគារ និងទីកន្លែងដែលគណៈប្រតិភូទាំងអស់ អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃសន្និសីទទីក្រុង បាន់ឌុង។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាប្រទេសប្រជាធិបតេយ្យធំលំដាប់ទី៣ បន្ទាប់ពី ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក និងជាប្រទេសដែលមានកោះច្រើនជាងគេ និងមានប្រជាជនកាន់សាសនាឥស្លាមច្រើនជាងគេ នៅក្នុងពិភពលោក។ ស្ថានភាពសេដ្ឋកិច្ចឥណ្ឌូនេស៊ី ជាប្រទេសមានសេដ្ឋកិច្ច ធំជាងគេនៅអាស៊ីអាគ្នេយ៍ និងមានការរីកលូតលាស់ខ្លាំងនៅក្នុងពិភពលោក។ ឥណ្ឌូនេស៊ី ជាសមាជិកនៃ ក្រុមប្រទេស G-20 និងត្រូវបានរាប់បញ្ចូលជាប្រទេសឧស្សាហកម្មថ្មីថ្មោង ដែលពឹងអាស្រ័យលើទីផ្សារក្នុង ស្រុក។

គណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ី‑ អាហ្រ្វិក សរុប១០៩ប្រទេស អ្នកអង្កេតការណ៍ចំនួន១៦ប្រទេស និងអង្គការអន្តរជាតិចំនួន២៩ ត្រូវបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ នៃការប្រារព្ធខួបលើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី។ គោលបំណងចម្បងនៃការប្រារព្ធពិធីនេះ គឺដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនងរវាងប្រជាជាតិក្នុងទ្វីបអាស៊ី និងទ្វីបអាហ្រ្វិក ឲ្យក្លាយទៅជាដៃគូកាន់តែរឹងមាំជាងមុននិងដើម្បីចែករំលែកបទពិសោធន៍ ក្នុងការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទ្វីបទាំងពីរ។
រយៈពេល៦០ឆ្នាំកន្លងទៅ ថ្មីត្បិតតែសន្និសីទអាស៊ី អាហ្រ្វិក មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ក៏ពិតមែន ប៉ុន្តែបណ្តាអ្នកតាមសភាពការណ៍ និងការវិវត្តន៍របស់តួអង្គមួយនេះ បានវាយតម្លៃថា នៅមានកង្វះខាតផ្ទៃក្នុងជាច្រើនដែលវាកំពុងប្រឈម ជាពិសេសគឺកង្វះខាតយន្តការដំណើរការជាក់លាក់។
នៅក្នុងព្រឹត្តិការណ៍នៃ ការប្រារព្ធរួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់ នៃបណ្តាប្រទេសក្នុងទ្វីបទាំងពីរ គឺអាស៊ីនិងអាហ្រ្វិក បានធ្វើដំណើរដោយថ្មើរជើង តាមរុក្ខវិថីអាស៊ីអាហ្រ្វិក ក្នុងទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា សន្និសីទអាស៊ី អាហ្រ្វិក ឬសន្និសីទទីក្រុងបាន់ឌុង បានប្រារព្ធធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសាឆ្នាំ១៩៥៥ នៅទីក្រុងបានឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានប្រទេសចំនួន២៩ ចូលរួមក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានយាងចូលរួមពីអតីតព្រះករុណា ព្រះបរមរតនកោដិ។
ទ្វីបទាំងពីរគឺអាស៊ី និងអាហ្រ្វិក មានផ្ទៃដីសរុបប្រមាណ ១ភាគ៤នៃផ្ទៃដីពិភពលោកទាំងមូល និងមានប្រជាជនស្មើនិង ៧៥,៣% នៃប្រជាជន ពិភពលោក និងមាន GDP សរុបស្មើនិង២៨,៥% នៃ GDP ពិភពលោក និងក៏ជាទីផ្សារដ៏ធំសម្បើម ហើយក៏ជាប្រភពធនធានដ៏សំបូរផងដែរ។ នៅក្នុងការប្រារព្ធពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង។ នៅក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុងនេះដែរ បណ្តាមេដឹកនាំទាំងអស់ បានឯកភាពគ្នាក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ រវាងប្រទេសនៅទ្វីបអាស៊ី និងអាហ្រ្វិក ពិសេសប្រឆាំងនិងអាណានិគមនិយមចាស់ថ្មី។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន សន្និសីទទីក្រុងបានឌុងនេះដែរ បណ្តាមេដឹកនាំទាំងអស់ បានធ្វើការគូស បញ្ជាក់នូវភាពជាដៃគូយុទ្ធសាស្រ្តថ្មី អាស៊ី អាហ្រ្វិក ជាស្ពានផ្សារភ្ជាប់រវាងប្រទេសអាស៊ី និងអាហ្រ្វិក ដោយផ្អែកលើមូលដ្ឋានកិច្ចសហប្រតិបត្តិការទូលំទូលាយ ប្រកបដយចិរភាព ភាពជាដៃគូស្មើភាព គោរពគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈម។ គាំទ្រអង្គការសហប្រជាជាតិ វេទិកាតំបន់ និងពហុភាគផ្សេងៗទៀត ក្នុងការបំពេញការងារកាន់តែមានប្រសិទ្ធភាព ក្នុងការពង្រឹងសន្តិភាព និងវិបុលភាពនៅអាស៊ី និងអាហ្រ្វិក និងនៅក្នុងតំបន់ផ្សេងទៀត។ ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញឲ្យមានការរីកចម្រើន ក្នុងវិស័យផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទុន តាមរយៈកិច្ចសហប្រតិបត្តិការអន្តរតំបន់ ការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ក្នុងតំបន់រវាងតំបន់និងក្រៅតំបន់ និងការធ្វើឲ្យកាន់តែរស់រវើកនៃវិស័យកសិកម្ម សន្តិសុខស្បៀង កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខថាមពល។ លើកទឹកចិត្តឲ្យមានការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការពង្រឹងទំនាក់ទំនងរវាងធុរៈជន ស្រ្តី និងយុវជន។ ជាមួយនិងការធ្វើឲ្យរីកចម្រើននូវភាពជាដៃគូ បណ្តាមេដឹកនាំទាំងអស់ បានធ្វើការអំពាវនាវឲ្យមានការចូលរួមយ៉ាងសកម្មពីដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់នូវការគាំទ្រនិងការចែករំលែកនូវបទពិសោធន៍និងការផ្ទេរបច្ចេកវិទ្យា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរ នូវកិច្ចសហប្រតិបត្តិការត្បូង ត្បូង ដោយឈរលើមូលដ្ឋានគោលការណ៍ផលប្រ យោជន៍ទៅវិញទៅមក គ្មានលក្ខខណ្ឌ ស្មើភាព គោរពអធិបតេយ្យភាពជាតិ និងការមិនជ្រៀតចូលបញ្ហាផ្ទៃក្នុង។
ជាមួយគ្នានេះមេដឹកនាំទាំងអស់ ក៏បានធ្វើការអំពាវនាវចំពោះបណ្តារដ្ឋមន្រ្តី និងមន្រ្តីនៃក្រុមប្រទេស ទាំងពីរអាស៊ី អាហ្រ្វិក បំពេញការងារឲ្យកាន់តែសកម្ម ដើម្បីធ្វើឲ្យសំរេចនូវកិច្ចសហប្រតិបត្តិការក្នុង៨វិស័យ ដែលកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ ចានផ្តល់អនុសាសន៍នៅទីក្រុងហ្សាកាតាកាលពីឆ្នាំ២០០៩ ក្នុងនោះរួមមានការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខស្បៀង សន្តិសុខថាមពល សហគ្រិនតូចនិងមធ្យម ទេសចរណ៍ បណ្តាញសកលវិទ្យាល័យអភិវឌ្ឍន៍អាស៊ី‑ អាហ្រ្វិក សមភាពយ៉េនឌ័រ និងការលើកកម្ពស់ស្រ្តី។
ជាមួយគ្នានេះក្នុងភាពជាដៃគូយុទ្ធសាស្រ្តនាពេលអនាគត បណ្តាមេដឹកនាំទាំងអស់ បានឯក ភាពគ្នា ក្នុងការពិចារណាក្នុងការបង្កើតបណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពនៅក្នុងតំបន់ទាំងពីរ ដើម្បីសំរួល កិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាព តាមរយៈការចែករំលែកបទពិសោធន៍ មេរៀនដែលទទួល បានការអនុវត្តដ៏ល្អ និងកម្មវិធីបណ្តុះបណ្តាល។ ភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ កសិកម្ម ដែលជាផ្នែកមួយនៃរបៀបវារៈអនាគត ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុចស្បៀង។ ផ្តល់សារៈសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងការជំរុញសេដ្ឋកិច្ច ការពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន។ ប្តេជ្ញាពង្រឹងឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ នៅក្នុងការអភិវឌ្ឍ ការបង្កើនការតភ្ជាប់ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការនាវាចរណ៍។ ផ្តល់សារៈសំខាន់ដល់ការផ្សារភ្ជាប់តំបន់ទាំងពីរ ឲ្យកាន់តែជិតស្និតថែមទៀត តាមរយៈ ការផ្តួចផ្តើមគំនិតដែលមានស្រាប់ (សន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍអាហ្រ្វិក វេទិកាកិច្ចសហប្រតិបត្តិការចិន អាហ្រ្វិក កិច្ចសហប្រតិបត្តិការឥណ្ឌា‑ អាហ្រ្វិក មជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសត្បូង ត្បូង នៃចលនាមិនចូលបក្សសម្ព័ន្ធ ឧបត្ថម្ភដោយប្រទេសឥណ្ឌូនេស៊ី និងប្រុយណេ វេទិកាវៀតណាម អាហ្រ្វិក វេទិកាកូរ៉េ អាហ្រ្វិក ភាពជាដៃគូអាហ្រិ្វក តួគី)។

ជាមួយគ្នានេះមេដឹកនាំទាំងអស់ បាន អះអាងជាថ្មីក្នុងការអនុវត្តទិសដៅ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានស្វាគមន៍ចំពោះប្រទេសឥណ្ឌូនេស៊ី ដែលទទួលបាននូវតំណែងជាប្រធាន សមាគមនៃជាយមហាសមុទ្រឥណ្ឌា និងគាំទ្រឥណ្ឌូនេស៊ី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាទិភាព៦ រួមមាន សុវត្តិភាពនិងសន្តិសុខនាវាចរណ៍ ការសំរួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទុន ការគ្រប់គ្រងជលផល ការគ្រប់គ្រងហានិភ័យដោយគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត និងការផ្លាស់ប្តូរទេសចរណ៍និងវប្បធម៌។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ ក៏បានគូស បញ្ជាក់ពីការធ្វើឲ្យកាន់តែរស់រវើកនូវភាពជាដៃគូយុទ្ធសាស្រ្តថ្មី អាស៊ី អាហ្រ្វិក ដោយធ្វើឲ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការនៃការរៀបចំប្រារព្ធខួប កិច្ចប្រជុំកំពូលអាស៊ី អាហ្រ្វិក រៀងរាល់១០ឆ្នាំម្តង។ ផ្លាស់ប្តូរ សហប្រធានភាពជាដៃគូយុទ្ធសាស្រ្តថ្មីអាស៊ី អាហ្រ្វិក រៀងរាល់៤ឆ្នាំម្តង។ រៀបចំឲ្យមានការផ្លាស់ប្តូរមតិ ថ្នាក់រដ្ឋមន្រ្តី នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងការប្រារព្ធរៀបចំកិច្ចប្រចាំឆ្នាំរបស់សហប្រធាន៕
No comments:
Post a Comment