នៅក្នុងជំនួបពិភាក្សា
រវាងថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរ
គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីវេលាម៉ោង៥
និង៣០នាទី រសៀល
ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា
ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ស ខេង និងឯកឧត្តម សម រង្ស៊ី
បានបង្ហាញពីចំណុចវិជ្ជមានគួរឲ្យកត់សំគាល់
ខណៈដែលភាគីទាំងពីរនៅតែប្រកាន់យកជំហររក្សាវប្បធម៌សន្ទនា
ដើម្បីដោះស្រាយបញ្ហានានា ចៀសវាងការប្រើហិង្សា
និងការវាយប្រហារគ្នាដោយពាក្យសំដី។ល។
នៅក្នុងជំនួបកាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម សម រង្ស៊ី បាននិយាយថា
អ្វីដែលបានសម្រេចជាមួយគ្នា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺបានអនុវត្តត្រឹមត្រូវ
និងសូមថ្លែងអំណរគុណចំពោះសុឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាន់វប្បធម៌សន្ទនា
ដោយបាននាំមកនូវផ្លែផ្កា ជាវប្បធម៌សន្តិភាព សហប្រតិបត្តិការ និងធ្វើការជាមួយគ្នាបានល្អប្រសើរ។
ឯកឧត្តម សម រង្ស៊ី បានបន្តថា ឯកឧត្តមសង្កេតឃើញថា មានបរិយយាកាសល្អរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ
ហើយវប្បធម៌សន្ទនា បានរីកចំរើនល្អមែនទែន។
តាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ឯកឧត្តម សម រង្ស៊ី ក៏ស្នើសុំទៅសម្តេចតេជោនាយករដ្ឋមន្ត្រី
សុំឲ្យមានការដោះលែងសកម្មជនរបស់ខ្លួនដែលត្រូវតុលាការផ្តន្ទាទោស
និងស្នើឲ្យបញ្ចប់សំណុំរឿងចាស់ដែលតុលាការកំពុងបន្តនីតិវិធីបច្ចុប្បន្ននេះ។
ឆ្លើយតបនឹងសំណើររបស់ឯកឧត្តម
សម រង្ស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ស ខេង បានមានប្រសាសន៍ថា ទាក់ទងនឹងសំណើររបស់ ឯកឧត្តម សម រង្ស៊ី
អំពីការដោះលែងអ្នកជាប់នៅក្នុងពន្ធនាគារ
គឺកិច្ចព្រមព្រៀងនយោបាយមិនអាចបញ្ចប់នីតិវិធីរបស់តុលាការបានទេ
ដំណើរការរបស់តុលាការនៅតែបន្តតាមនីតិវិធីដែលច្បាប់បានកំណត់។
ឯកឧត្តម ស ខេង បន្តថា ហើយការស្នើគណបក្សកាន់អំណាច ពិសេសរដ្ឋាភិបាលឲ្យ
លើកលែងទោស ឬបន្ធូរបន្ថយទោសនេះ គឺជារឿងដែល ឯកឧត្តម មិនមានសិទ្ធិសម្រេចទាំងស្រុងទេ
គឺទុកឲ្យរដ្ឋាភិបាល តាមរយៈស្ថាប័នជំនាញ ដើម្បីនឹងធ្វើការសិក្សាបញ្ហានេះ
ឲ្យបានជាក់លាក់ តើអន្តរាគមន៍បែបណា ឬតាមតួនាទីភារកកិច្ចរបស់រដ្ឋាភិបាល
យើងខិតខំធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបានទៅតាមច្បាប់។
គួរកត់សំគាល់ថា ឯកឧត្តម សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ
ហាក់មានជំហររឹងមាំក្នុងការរក្សានូវវប្បធម៌សន្ទនារវាងគណបក្សខ្លួន និងគណបក្សកាន់អំណាច
ខណៈដែលអនុប្រធានបក្សសង្រ្គោះជាតិ គឺឯកឧត្តម កឹម សុខា តែងតែបង្ហាញការមិនពេញចិត្តនឹងវប្បធម៌សន្ទនានេះ
ហើយគេបានដឹងថា ការចចេសរឹងរូស ប្រឆាំងនឹងវប្បធម៌សន្ទនា បានបង្ហាញឲ្យឃើញនូវចេតនាបង្កទំនាស់
របស់ឯកឧត្តម កឹម សុខា តាមរយៈឥរិយាបថប្រឆាំងច្បាប់ ដោយសារមហិជ្ជតាដណ្តើមអំណាច៕


No comments:
Post a Comment