យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា
ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ជំនួយឥតសំណងចំនួន៧,៤លាន
ដុល្លារដល់រដ្ឋាភិបាលកម្ពុជា
ដើម្បីបង្កើនភាពធន់របស់សហគមន៍នៅក្នុងខេត្ដកោះកុង និងមណ្ឌលគិរី
ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។
ជំនួយឥតសំណងដែលមានទំហំទឹកប្រាក់ ៧,៤លានដុល្លារនេះ
គឺទទួលបានហិរញ្ញប្បទានពីមូលនិធិយុទ្ធសាស្ដ្រអាកាសធាតុ នៃមូលនិធិ វិនិយោគអាកាសធាតុ
ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព
លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជា
និង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ឲ្យដឹងទៀតថា ជំនួយឥតសំណងក្នុងទឹកប្រាក់
៧,៤ លានដុល្លារនេះ នឹងបង្កើនបរិមាណទឹកដែលមាន តាមរយៈការសាងសង់ស្រះស្តុកទឹកភ្លៀងទុកចំនួន
៤០ សម្រាប់ច្បារដំណាំតាមផ្ទះ និងការប្រើប្រាស់ដំណាំស៊ាំនឹងគ្រោះរាំងស្ងួត
នៅក្នុងខេត្ដកោះកុង និងមណ្ឌលគិរី ហើយជំនួយឥតសំណងនេះក៏នឹងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពលើផ្ទៃដី
២៥០ ហិចតា និងផ្ដល់ការគាំទ្រដល់ការអនុវត្ដប្រព័ន្ធប្រពលវប្បកម្មស្រូវ ដែលនឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនចំនួន
១០០០ គ្រួសារ។
សេចក្តីប្រកាសព័ត៌មាននេះក៏បានបញ្ជាក់ថា ការផ្ដល់មូលនិធិនេះនឹងជួយការពារដីកសិកម្ម
៧៥០ ហិចតា ពីការជ្រាបចូលនៃទឹកប្រៃ តាមរយៈការសាងសង់ជាទំនប់ទប់ទឹកសមុទ្រ
និងការផ្ដល់ដំណាំធន់នឹងជាតិអំបិល ដល់ប្រជាពលរដ្ឋចំនួន ៤០០ គ្រួសារ នៅក្នុងខេត្ដកោះកុង។
នៅក្នុងខេត្ដមណ្ឌលគិរី គម្រោងនេះនឹងធ្វើពិពិធកម្មប្រភពចំណូល ដល់ប្រជាពលរដ្ឋចំនួន
៩០០ គ្រួសារ នៅក្នុងករណីដែលដំណាំរបស់ពួកគេមិនបានផ្ដល់ផល តាមរយៈការស្ដារ
និងអភិរក្សដីព្រៃទំហំ ៩០០០ ហិចតា។ សេចក្តីប្រកាសបន្តថា មេរៀនដែលទទួលបានពីការអន្ដរាគមន៍ទាំងនេះ
នឹងចងក្រងទុកជាឯកសារ ដើម្បីផ្ដល់ការគាំទ្រដល់អនុសាសន៍គោលនយោបាយស្ដីពីភាពធន់ទៅនឹង
អាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានដកស្រង់របាយការណ៍ហានិភ័យពិភពលោក
ឆ្នាំ២០១២ ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេសចំនួន
១៥ ដែលមានហានិភ័យខ្ពស់ជាងគេ ក្នុងការទទួលរងផលប៉ះពាល់ដោយសារការ
ប្រែប្រួលអាកាសធាតុ និងមានសមត្ថភាពទាប ក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
។
របាយការណ៍ដដែលបន្តថា នៅក្នុងខេត្ដកោះកុង និងមណ្ឌលគិរី ការកើនឡើងនូវសីតុណ្ហភាព
និងហានិភ័យខ្ពស់នៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលគេរំពឹងថានឹងកើតមានឡើង
បង្កការគំរាមកំហែងដល់សន្ដិសុខស្បៀង និងរបរកសិកម្ម ដែលជារបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment