ដើម្បីសំដែងការព្រួយបារម្ភ ជុំវិញការចាប់ខ្លួនអ្នកកាសែតពីររូប
នៅខេត្តព្រះវិហារកាលពីពេលថ្មីកន្លងទៅនេះ ក្លឹបអ្នកកាសែតកម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍មួយ
នៅថ្ងៃទី ៣ មីនា ម្សិលមិញ ដោយបានបង្ហាញពីការព្រួយបារម្ភ អំពីសុវត្ថិភាពអ្នកកាសែតកម្ពុជា
ដែលកំពុងរងការប្តឹងប្តល់ និងត្រូវបានចាប់ខ្លួន។
ក្លឹបអ្នកកាសែតកម្ពុជា បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង
ចំពោះសេរីភាព និងសុវត្តិភាពអ្នកសារព័ត៌មាន បន្ទាប់ពីទទួលដំណឹងថា សាលាដំបូងខេត្តព្រះវិហារ
បានចេញដីកាចាប់ខ្លួនអ្នកកាសែតជាបន្តបន្ទាប់ ដោយចោទពីបទ " កំហែងយក
" ក្នុងករណីដឹកឈើនៅឃុំឈានមុខ
ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោយពេលតុលាការឃុំខ្លួន អ្នកកាសែត AKP និងអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍អប្សរា។
ក្លឹបអ្នកបានសង្កេតឃើញថា តុលាការខេត្តព្រះវិហារ
មានឆន្ទានុសិទ្ធិ ក្នុងការចាត់ការតាមនីតិវិធី ក្នុងដែនអំណាចរបស់ខ្លួន
ប៉ុន្តែចំណាត់ការប្រឆាំងអ្នកកាសែត នៅពេលនេះ ហាក់ធ្វើឡើងដោយខ្វះតម្លាភាព
ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងអយុត្តិធម៌ចំពោះអ្នកសារព័ត៌មាន ខណៈដែលអ្នកប្តឹងគឺក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ទាំងនោះ
មិនត្រូវបានតុលាការចាត់វិធានការណាមួយ ប្រឆាំងពួកគេនោះទេ។
ក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកការចាប់ខ្លួន និងការកោះហៅអ្នកសារព័ត៌មានជាបន្តបន្ទាប់នេះ
គឺជាការគំរាមកំហែង និងរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព របស់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ
ចំណែកឯក្រុមឈ្មួញរកស៊ីឈើល្មើសច្បាប់បែរជាអាចប្រកបមុខរបរយ៉ាងសកម្ម
និងដោយសុវត្ថិភាពទៅវិញ៕
អត្ថបទ៖
ច័ន្ទ ទេវី

No comments:
Post a Comment