នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥
ក្រុមការងារកសាងសហជីពខ័ណ្ឌដង្កោ បានរៀបចំកម្មវិធីសំណេះសំណាលមួយ ដោយមានការចូលរួមពីកម្មករ
កម្មការីនីប្រមាណជិត៥០០នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ
ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមការងារសហជីព
អគ្គិសនីកម្ពុជា និងអភិបាលខ័ណ្ឌដង្កោ។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហភាពសហជីពជាតិកម្ពុជា
បានមានប្រសាសន៍ថា
ការជួបជុំគ្នានេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយគោលការណ៏ថ្មីរបស់រាជរដ្ឋាភិបាលលើការបញ្ចុះតម្លៃអគ្គិសនីសម្រាប់កម្មករនៅក្នុងរាជធានីភ្នំពេញ
១គីឡូវ៉ាត់ម៉ោង គឺរដ្ឋគិតតម្លៃតែត្រឹម៦១០រៀលប៉ុណ្ណោះ
បើក្រោម៥០គីឡូវ៉ាត់ និងបញ្ហាប្រាក់អប្បបរមាកម្មករ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត
។
លោក សោម អូន បានថ្លែងថា តាមអ្វីដែលលោកបានដឹង
កម្មករប្រើប្រាស់ភ្លើងគិតជាមធ្យមប្រចាំខែ
គឺម្នាក់ៗប្រើអស់ប្រមាណពី២០ ទៅជាង៣០គីឡូវ៉ាត់ តែប៉ុណ្ណោះ ក្នុង១ខែៗ។
ដោយឡែក បញ្ហាប្រាក់ខែថ្មី សម្រាប់ដើមឆ្នាំ២០១៥នេះ
ក៏ត្រូវបានលោក សោម អូន លើកឡើងក្នុងឱកាសជួបជុំគ្នានេះដែរ
ដោយលោកបានបញ្ជាក់ថា ចាប់ពីដើមមករានេះទៅ
ប្រាក់ខែគោលទាបបំផុតរបស់កម្មករមានចំនួន១២៨ដុល្លារ ។
អំពីបញ្ហាប្រាក់ខែកម្មករនេះដែរ លោក សោម អូន នៅបានឲ្យដឹងទៀតថា
ជាគោលការណ៍របស់រាជរដ្ឋាភិបាល រៀងរាល់១ឆ្នាំ ម្តង គេនឹងចរចាពីបញ្ហានេះ
គឺមិនមែនកើតឡើងដោយសារការទាមទាររបស់អ្នកណាម្នាក់
ទើបមានការចរចារឿងតម្លើងប្រាក់ខែកម្មករទេ គឺឲ្យតែដល់ពេលវេលា
គឺគណៈកម្មការត្រីភាគីរបស់រាជរដ្ឋាភិបាលត្រូវតែចរចា ។ ក្នុងន័យនេះ
ឆ្នាំ២០១៥ តម្លើងបាន២៨ដុល្លារ ឆ្នាំ២០១៦ ចរចាសារជាថ្មីទៀត
គឺរៀងរាល់ឆ្នាំខាងមុខនឹងមានការចរចាតម្លើងប្រាក់ឈ្នួលជាបន្តបន្តាប់។
ក្រៅពីនេះ គឺអំពីបញ្ហា ការប្រើប្រាស់ទឹករបស់កម្មករ
លោក សោម អូន ក៏បានជម្រាបបងប្អូនកម្មករដែរថា
អីឡូវនេះរាជរដ្ឋាភិបាល បាន
និងកំពុងជម្រុញឲ្យខាងរដ្ឋករទឹកខិតខំពិភាក្សាគ្នា ដើម្បីរកវិធីបញ្ចុះតម្លៃទឹកឲ្យបានសមរម្យជូនកម្មករដែរ
ធ្វើយ៉ាងម៉េចឲ្យបានចុះតម្លៃទាប។
លោក នុត ពុធដារ៉ា អភិបាលខ័ណ្ឌដង្កោ
ក៏បានថ្លែងឲ្យដឹងផងដែរថា
ការអនុវត្តគោលនយោបាយបញ្ចុះតម្លៃអគ្គីសនីក្នុងតម្លៃទាបជូនដល់បងប្អូនកម្មករ
កម្មការីនីនេះ គឺដើម្បីចូលរួមកាត់បន្ថយការចំណាយពាក់ព័ន្ធនឹងថ្លៃភ្លើងជូនដល់កម្មករ
ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ
ជាពិសេស
សម្រាប់បងប្អូនកម្មករក្នុងរាជធានីភ្នំពេញ បានមួយកម្រិត៕



No comments:
Post a Comment