នៅព្រឹកថ្ងៃច័ន្ទ
ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្តេចបានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការងារ
និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ពិនិត្យមើលការធ្វើការថែមម៉ោងរបស់កម្មការិនីនៅតាមរោងចក្រនានា
ដើម្បីធានាថាការងារថែមម៉ោង ត្រូវបានគោរពតាមច្បាប់ និងមិនប៉ះពាល់ដល់សុខភាពរបស់កម្មករ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃនេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាជាតិ
កម្ពុជាដើម្បីស្រ្តី និងក្រសួងការងារ ឲ្យពិនិត្យការងារថែមម៉ោងនេះ ដោយសារសម្តេចសង្កេតឃើញថាកម្មករចូលចិត្តធ្វើការងារថែមម៉ោង
ហើយការងារថែមម៉ោងនេះមិនគោរពទៅតាមច្បាប់ការងារ និងកំពុងប៉ះពាល់ដល់សុខភាពរបស់កម្មករ។
សម្តេចបន្តថាតាមច្បាប់ការងារ ការងារថែមម៉ោងអាចធ្វើទៅបានក្នុងរយៈពេល២ម៉ោងតែប៉ុណ្ណោះ
តែកម្មករខ្លះធ្វើទៅដល់៤ម៉ោង។ លោកបន្តថាភាគីរោងចក្រត្រូវការកម្មករធ្វើការងារថែមម៉ោង
ស្របពេលដែលកម្មករចង់ធ្វើការងារថែមម៉ោង ដើម្បីរកលុយបន្ថែមនឹងប្រាក់ឈ្នួលអប្បបរមា១២៨ដុល្លារ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា«នៅពេលប្រជុំក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
ខ្ញុំករុណាខ្ញុំក៏ឲ្យអនុសាសន៍ទៅក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី
ហើយក្រសួងការងារ ឲ្យធ្វើការបញ្ចុះបញ្ចូលទាំងកម្មករ កម្មការិនី
និងទាំងថៅកែរោងចក្រ ឲ្យប្រយ័ត្នប្រយែងនឹងការធ្វើការថែមម៉ោង»។
សម្តេចនាយករដ្ឋមន្រ្តីបន្តអំពាវនាវឲ្យកម្មការិនីគិតគូពីបញ្ហា
ធ្វើការថែមម៉ោងនេះ និងតែត្រូវយល់ដឹងពីផលលំបាកលើបញ្ហាសុខភាពទៅថ្ងៃក្រោយ។
សម្តេចក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើបញ្ហាទាំងនេះផងដែរ។
គួរបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជំរុញឲ្យកម្មករកម្មការិនីកម្ពុជារស់នៅក្នុងជីវភាពសមរម្យ
តាមរយៈការតំឡើងប្រាក់បៀរវត្ស សមរម្យ ប្រចាំឆ្នាំ ការគិតគូរពីការចំណាយប្រចាំថ្ងៃ
ដូចជាទៅលើថ្លៃអគ្គិសនី ថ្លៃទឹក និងថ្លៃផ្ទះជួល ក៏ដូចជាការគិតគូរផងដែរពីបញ្ហាសុខភាពរបស់កម្មករ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment