លោក
សោម អូន ប្រធានក្រុមប្រឹក្សាសហភាពសហជីពជាតិកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ពាក់ព័ន្ធនឹងការងារគោលនយោបាយថ្មីបីចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការគិតគូរជាក់ស្តែងដល់បងប្អូនកម្មករ ដែលកំពុងតែដំណើរការ
គឺក្នុងនោះរួមមានការបញ្ចុះតំលៃភ្លើង ថ្លៃទឹក និងថ្លៃផ្ទះជួល បានជួយកាត់បន្ថយការចំណាយរបស់កម្មករមួយចំនួនធំ។
ពាក់ព័ន្ធ
នឹងការបញ្ចុះតំលៃអគ្គិសនី ការងារតបណ្តាញនេះកំពុងតែដំណើរទៅមុខយ៉ាងលឿន
ដែលមានកិច្ចសហការរវាង អាជ្ញាធរដែនដី
ម្ចាស់ផ្ទះជួល និងជាមួយបងប្អូនកម្មករ
ដោយឡែកបច្ចុប្បន្ននេះ រដ្ឋាករទឹកក៏កំពុងតែប្រជុំពិភាក្សាធ្វើយ៉ាងណាដើម្បីបញ្ចុះតំលៃ
ទឹកជូនទៅដល់បងប្អូនកម្មករនិយោជិក ក៏ដូចជាសិស្សនិស្សិតដែលជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោក សោម អូន បានបញ្ជាក់ថា ចំពោះគោលនយោបាយថ្មីទាំងបីចំណុចខាងលើនេះ ខាងសហជីព ក៏ដូចជាបងប្អូនកម្មករទាំងអស់
គឺយើងស្វាគមន៍និងគាំទ្រ ចំពោះដំណោះស្រាយជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា
ពាក់ព័ន្ធទៅនិងបញ្ហាជីវភាពរបស់កម្មករ។
យើងដឹងហើយថាបញ្ហាភ្លើងនេះ
ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាកន្លងមក ម្ចាស់ផ្ទះជួល បានលក់ជូនកម្មករ
ក៏ដូចជាសិស្សនិស្សិតដែលជួលផ្ទះ ក្នុងតំលៃថ្លៃ គឺក្នុងចន្លោះពី ១៥០០-៣០០០រៀល។
នៅក្នុងដំណោះស្រាយជំហានទី១នេះ រាជរដ្ឋាភិបាលបានចំណាយថវិការបស់រដ្ឋជាង២លានដុល្លារដើម្បីតបណ្តាញថ្មី
ក៏ដូចជាដាក់កុងតឺថ្មី ជូនទៅដល់បងប្អូនកម្មករ ក៏ដូចជាសិស្សនិស្សិតដែលជួលផ្ទះនៅរាជធានីភ្នំពេញ។
លោក
សោម អូន បានលើកឡើងថា ផ្ទះជួលទាំងអស់ក្នុងរាជធានីភ្នំពេញមានប្រមាណជាជាង៩ម៉ឺនបន្ទប់
ហើយមកដល់ពេលនេះ តាមតួលេខដែលខាងអគ្គិសនីកម្ពុជាបានផ្សាយកន្លងមក គឺដំណើរការតបណ្តាញថ្មីបានប្រហែលជា១ម៉ឺនបន្ទប់ហើយ។
បើគិតពីរយៈពេលនៃដំណើរការ ដែលចាប់ផ្តើម ពីថ្ងៃទី២៩ ខែមករា មកដល់ពេលនេះ គឺជាដំណើរការមួយលឿនហើយក្នុងរយៈពេលប្រហែលជា២ខែកន្លះ
នឹងអាចចប់នៅក្នុងរាជធានីភ្នំពេញនេះបើតាមការវាយតំលៃរបស់លោក។ លោក សោម អូន
បន្តថា តំលៃអគ្គិសនី៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង គឺតាមការសិក្សារបស់ក្រុមសហជីពរបស់លោក
ឃើញថាតំលៃនេះបងប្អូនកម្មករ ស្ទើរតែ៩៩%ដែលគាត់ទទួលបាន ដោយសារការកំណត់តំលៃ៦១០ត្រឹមកំរិត៥០គីឡូវ៉ាត់ម៉ោងនេះ
គឺបងប្អូនកម្មយើងគាត់ភាគច្រើនគឺមិនអាចប្រើដល់៥០គីឡូនោះទេ ជាមធ្យមក្នុងមួយខែគាត់អាចប្រើក្នុងកំរិតច្រើនបំផុតត្រឹម
៣០គីឡូជាង ដូច្នេះតំលៃ៦១០រៀលជាតំលៃគិតគូរ ជាក់ស្តែងទៅដល់បងប្អូនកម្មករយើងគាត់និងទទួលបាននូវការកាត់បន្ថយចំណាយយ៉ាងច្រើន។
អ្វីដែលលោកបារម្ភគឺពាក់ព័ន្ធទៅនឹងបញ្ហាបង់ប្រាក់ប្រហែលជាមានការលំបាកខ្លះ
នៅពេលដំបូង ប៉ុន្តែក្រោយមកទៀតអាចទៅជាទម្លាប់។ ការបង់នេះគោលការណ៍អគ្គិសនីគឺឲ្យបងប្អូនកម្មករនៅតាមផ្ទះជួល
បង់ដោយខ្លួនឯង ដូចជា១បន្ទប់មានគ្នាពី៤-៥នាក់ មានតំណាងម្នាក់ឈរឈ្មោះ ហើយដំបូងគាត់ត្រូវបង់លុយកក់ឲ្យអគ្គិសនីចំនួន
៣០៥០០រៀល សំរាប់តបណ្តាញ ហើយរៀងរាល់ខែគាត់ត្រូវបង់ដោយខ្លួនឯង។ ហើយការបង់នេះបើសិនជាបងប្អូនយើងមានការយឺតយ៉ាវខាងអគ្គិសនីអាចនឹងកាត់ផ្តាច់
ដែលនេះជាច្បាប់របស់អគ្គិសនី ចឹងហើយខាងសហជីពក៏បានផ្សព្វផ្សាយតាមផ្ទះជួលធ្វើយ៉ាងណាឲ្យបងប្អូនកម្មករគិតគូរពីបញ្ហាហ្នឹង
ចៀសវាងកើតមានបញ្ហាលំបាកដោះស្រាយ។ ការបង់នេះទៀតសោត គឺមិនពិបាកទេគាត់អាចបង់តាមវីង
ដែលនៅជិតផ្ទះរបស់គាត់ គឺងាយស្រួលនឹងចំណាយប្រហែលជា២០០០រៀលប៉ុណ្ណោះ។
លោក សោម អូន បន្តថា តាមការគណនាជាបឋម បើសិនជាកម្មករប្រើ៣០គីឡូពីមុនគាត់ចំណាយប្រហែលជា
៥-៦ម៉ឺនរៀល ហើយបើគិតតំលៃ៦១០រៀលនេះ គាត់ចំណាយប្រហែលតែ២ម៉ឺនរៀលប៉ុណ្ណោះ
ដែលកាត់បន្ថយបានប្រមាណជា២-៣ម៉ឺនរៀលក្នុងមួយខែ។
លោក
សោម អូន បន្តឲ្យដឹងថា គោលការណ៍ទី២ដែលជាការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជាឲ្យខាងរដ្ឋាករទឹក
គឺធ្វើការយ៉ាងណាដើម្បីបញ្ចុះតំលៃលក់នេះទៅដល់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះត្រូវកំណត់តំលៃមួយលក់ជូនទៅម្ចាស់ផ្ទះជួលជាកម្មករ
និងសិស្សនិស្សិតក្នុងតំលៃមួយថោកសមរម្យ។ លោកបន្តថា ជាក់ស្តែងក្រុមការងារសហជីពបានសហការជាមួយរដ្ឋាករទឹក
និងសាលារាជធានីភ្នំពេញ ដែលបានចាប់ផ្តើមធ្វើការប្រជុំជាមួយនិងម្ចាស់ផ្ទះជួល
ហើយមានការចូលរួមពីសហជីពដើម្បីធ្វើការដោះស្រាយបញ្ហានេះ។ លោក សោម អូន
បន្តថា ចំពោះចំណុចនេះ បងប្អូនកម្មករយើងមានការសប្បាយចិត្តថែមទៀតទៅលើអ្វីដែលអគ្គិសនីបានកំណត់ចុះរួចទៅហើយ។
បញ្ហាទឹកនេះមានការលំបាក និងស្មុគស្មាញជាងភ្លើងពីព្រោះតំបន់ខ្លះរដ្ឋាករទឹក
គឺមិនទាន់តបណ្តាញ ទៅដល់ទេ គឺមានន័យថាតំបន់ហ្នឹង ម្ចាស់ផ្ទះជួលត្រូវទិញទឹកគេប្រើ
ដោយតំលៃក្នុងមួយម៉ែត្រគូបប្រហែល ២០០០-២៥០០រៀល ដូច្នេះគាត់មិនអាចយកទៅលក់ឲ្យកម្មករក្នុងតំលៃប្រហែលជា១១០០-១២០០ទេ។ ក្រោយពិភាក្សាជាមួយរដ្ឋាករទឹក
បានសម្រេចជាបណ្តោះអាសន្ន សិនថា ប្រហែលជាតំបន់ដែលអត់ទាន់មានបណ្តាញទឹករដ្ឋទៅដល់គឺមិនទាន់អនុវត្តនូវតំលៃ
ថោកនេះបានទេ ប៉ុន្តែដោយឡែកសំរាប់តំបន់ដែលប្រើប្រាស់ទឹករដ្ឋហើយ គឺនឹងអនុវត្តនៅក្នុងតំលៃមួយគឺរដ្ឋលក់ឲ្យម្ចាស់ផ្ទះជួលក្នុង១ម៉ែត្រគូប
១០៣០រៀល ហើយឲ្យម្ចាស់ផ្ទះលក់បន្តពី១១០០-១២០០រៀល គឺខាងរដ្ឋាករទឹកបានគិតគូររួចជាស្រេចទុកសំរាប់ប្រាក់ចំណេញសមរម្យដល់ម្ចាស់ផ្ទះជួលដែលមិនហួសហេតុពេក។
ដោយឡែកចំណុចទី៣ពាក់ព័ន្ធទៅហ្នឹងថ្លៃផ្ទះជួលវិញ គឺដោយនៅពេលដែលតំឡើងប្រាក់ខែអប្បបរមាម្តងៗគាត់តែងតែបារម្ភទៅលើថ្លៃផ្ទះឡើងថ្លៃ
តំលៃដឹកជញ្ជូនដែលគាត់ធ្វើដំណើរទៅមកប្រចាំខែឡើងថ្លៃដែរ
ប៉ុន្តែនៅពេលថ្មីៗនេះ សម្តេចតេជោ បានមានប្រសាសន៍ថា នៅក្នុងរដ្ឋសភា
កំពុងតែធ្វើច្បាប់មួយ ដើម្បីគ្រប់គ្រងទៅដល់ផ្ទះជួលធ្វើយ៉ាងណាកុំឲ្យឡើងថ្លៃ
ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ ហើយបើសិនជាដោះស្រាយបានចំណុចនេះមួយទៀតគឺពិតជាល្អសំរាប់កម្មករយើង។
គួរបញ្ជាក់ថា
បីចំណុចខាងលើនេះ គឺជាចំណុចដែលពាក់ព័ន្ធនឹងថវិកា ក៏ដូចជាការចំណាយជាប្រចាំថ្ងៃរបស់កម្មករ
ដែលនេះគឺជាការកែសម្រួលដល់ជីវភាពកម្មករនៅក្នុងរាជធានីភ្នំពេញ។ តាមតួរលេខដែល
លោក សោម អូន ជម្រាបជូន បានឲ្យដឹងថា ចំនួនកម្មករសរុបក្នុងវិស័យកាត់ដេរ
សម្លៀកបំពាក់ និងស្បែកជើង ក្នុងរាជធានីភ្នំពេញមានប្រមាណជា៤០ម៉ឺននាក់ និងមានបន្ទប់ជួលប្រមាណជា៩ម៉ឺនបន្ទប់
ដែលភាគច្រើនស្ថិតនៅក្នុងខ័ណ្ឌដង្កោ ខ័ណ្ឌឬស្សីកែវ និងខណ្ឌសែនសុខច្រើនជាងគេ។
អត្ថបទដោយ៖
ច័ន្ទ ទេវី
No comments:
Post a Comment