ប្រទេសកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយភេរវកម្មដ៏ព្រៃផ្សៃ នៅប្រទេសបារាំងនាសប្តាហ៍មុននេះ ដែលបានបង្កឱ្យជនជាតិបារាំងស្លូតត្រង់បាត់បង់ជីវិត របួសជាច្រើននាក់ និងមានការតក់ស្លុតយ៉ាងខ្លាំងក្លា ហើយដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរដល់តម្លៃមូលដ្ឋាន នៃសេរីភាពបញ្ចេញមតិ និងសិទ្ធិប្រជាធិបតេយ្យ។
នេះជាខ្លឹមសារដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចារនៅក្នុងសៀវភៅចូលរួមមរណទុក្ខ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្នុងឱកាសដែលសម្តេច អមដំអមដំណើរដោយសមាជិកជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធនៅក្នុងស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ ចំពោះពលរដ្ឋបារាំង ដែលបានស្លាប់ និងរបួសក្នុងអំពើភេរវកម្មនៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥។
សម្តេចតេជោបានសរសេរក្នុងនាមសម្តេចផ្ទាល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាថា នៅក្នុងកាលៈទេសៈប្រកបដោយក្តីរន្ធត់នេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ និងជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងអំពើហិង្សាគួរឱ្យស្អប់ខ្ពើមនេះ និងសូមសម្តែងនូវសាមគ្គីភាព និងសមានចិត្តដ៏ជ្រាលជ្រៅជាមួយនឹងរដ្ឋាភិបាល និងប្រជាជនបារាំង៕




No comments:
Post a Comment