យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ (GMAC) ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹងថា មានកត្ដាសំខាន់ពីរយ៉ាង ដែលធ្វើឲ្យរោងចក្រមួយចំនួនផ្លាស់ប្ដូរពីកម្ពុជា ទៅកាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងនោះរួមមានបញ្ហាតំឡើងប្រាក់ឈ្នួល និងការតវ៉ារបស់ក្រុមកម្មករ និងក្រុមសហជីពជាដើម។
លោក ខេន លូ បញ្ជាក់បន្ថែមថា ការផ្លាស់ប្ដូរកន្លែងរកស៊ីនេះ គឺជាសិទ្ធិរបស់អ្នកវិនិយោគទុន និងម្ចាស់រោងចក្រ ព្រោះកន្លែងណាដែលរកស៊ីចំណេញអ្នកវិនិយោគទុននឹងទៅហើយ។ ការអះអាងរបស់លោក បែបនេះបានធ្វើឡើង បន្ទាប់ពីរយៈពេលចុងក្រោយនេះ មានព័ត៌មានថា មានបណ្ដារោងចក្រកាត់ដេរប្រមាណជា ៣០០រោងចក្រ អាចនឹងធ្វើការផ្លាស់ប្ដូរទីតាំងពីកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ការផ្លាស់ប្ដូរបស់អ្នកវិនិយោគទុនបែបនេះមានគោលដៅតែមួយគត់ គឺស្វែងរកប្រាក់ចំណេញឲ្យបានច្រើន។ ប្រទេសដែលពួកគេអាចទៅរកស៊ីនោះរួមមាន៖ ប្រទេសបង់ក្លាដែស វៀតណាម និងមីយ៉ាន់ម៉ា ប៉ុន្ដែមិនអាចទៅប្រទេសថៃទេ ព្រោះតម្លៃពលកម្មថ្លៃ។
បើយើងពិនិត្យមើលទៅ ហេតុផលដែលធ្វើឲ្យរោងចក្រជាច្រើនមានបំណងចង់ដកការវិនិយោគរបស់ខ្លួនទៅប្រទេសជិតខាងក្នុងតំបន់នោះ ដោយសារតែការទាមទារដោយគ្មានហេតុផលរបស់ក្រុមសហជីពមួយចំនួនតូចក្នុងការតម្លើងប្រាក់ខែយ៉ាងគំហក និងការកៀរគរបងប្អូនកម្មករ កម្មការិនី ឲ្យធ្វើបាតុកម្មជាច្រើនលើកជាច្រើនសារ ទៅតាមចិត្តចង់របស់ខ្លួន ដោយក្រុមសហជីពមួយចំនួនតូចនោះ មិនដែលគោរពទៅតាមលក្ខខណ្ឌនៃការសម្រេចតាមមតិភាគច្រើនក្នុងកិច្ចប្រជុំស្ដីអំពីការតំឡើងប្រាក់ខែម្ដងណានោះទេ។ ទោះបីជារបៀបវារៈនៃកិច្ចប្រជុំគេសម្រេចតាមមតិភាគច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមសហជីពប្រឆាំងទាំងនោះ ក៏ប្រកាន់នូវគោលគំនិតក្រុមខ្លួនដែរ។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានសម្ដែងនូវក្ដីបារម្ភចំពោះការតម្លើងប្រាក់ឈ្នួលខ្ពស់សម្រាប់អនុវត្តឆ្នាំក្រោយ និងការដឹកនាំធ្វើបាតុកម្ម កូដកម្មដោយខុសច្បាប់របស់ក្រុមសហជីព ដែលជាមូលហេតុនាំឲ្យសមាជិកសមាគមកាត់ដេរមួយចំនួនអាចនឹងធ្វើការផ្លាស់ប្ដូរទីតាំងទៅប្រទេសមួយចំនួន។ ដោយលោកបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានសហជីពម្នាក់ អ្វីដែលកើតឡើងលើការបារម្ភរបស់សមាគមកាត់ដេរ អាចនឹងប៉ះពាល់ទៅដល់ការងាររបស់កម្មករយើងជាច្រើននាក់។
.jpg)
ពាក់ព័ន្ធនឹងការព្រួយបារម្ភខាងលើនេះ លោក សោម អូន បានសម្លឹងឃើញនូវចំណុចអាទិភាព ៣ គឺ៖
ទីមួយ រាជរដ្ឋាភិបាលត្រូវកោះប្រជុំក្រុមការងារទី៨ (ក្រុមការងារវិស័យឯកជន) ដើម្បីពិភាក្សា និងពិនិត្យទៅលើកង្វល់ភាគីសមាគមកាត់ដេរ និងស្វែងរកវិធីដោះស្រាយធ្វើយ៉ាងណាឲ្យវិស័យកាត់ដេររបស់យើងមានស្ថិរភាព និងបន្ដការវិនិយោគនៅកម្ពុជាបន្ដទៀត។
ទីពីរ ទាំងនិយោជក និងសហជីព ត្រូវអង្គុយសន្ទនាគ្នា ស្វែងរកនូវដំណោះស្រាយរួម ជៀសវាងការធ្វើបាតុកម្ម កូដកម្ម ដោយខុសនីតិវិធីច្បាប់ ហើយនិយោជកក៏ត្រូវគោរពច្បាប់ឲ្យបានពេញលេញដែរ។
និងទីបី ភាគីទាំងបី មានរាជរដ្ឋាភិបាល និយោជក និងសហជីព ត្រូវស្វែងរកដំណោះស្រាយរួមមួយ ក្នុងការថែរក្សានូវវិស័យកាត់ដេរ និងធ្វើយ៉ាងណាកុំឲ្យមានការផ្លាស់ទីតាំងទៅប្រទេសផ្សេង៕
ដោយ វិវឌ្ឍ
No comments:
Post a Comment