ឯកឧត្តម គីម ហានស៊ូ (KIM
HAN SOO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា
ដែលត្រូវបញ្ចប់អណត្តិការទូត
បានថ្លែងការកោតសរសើចំពោះការរីកចម្រើនរបស់កម្ពុជា។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម
និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថា ឯកឧត្តម គីម
ហានស៊ូ បានមានប្រសាសន៍ថា រយៈពេល ២ឆ្នាំ ៩ខែ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបានចាត់ទុកថា ជាពេលវេលាដ៏មានតម្លៃជាទីបំផុតសម្រាប់រូបលោក ក្នុងការបំពេញបេសកម្មការទូតនៅកម្ពុជាសម្រាប់រូបឯកឧត្តម ហើយក្នុងរយៈពេលនេះ
លោកជាសាក្សី
ដែលបានមើលឃើញពីការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច
ទាំងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងកម្ពុជា
និងកូរ៉េ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា
ដែលបញ្ចប់អណត្តិការទូត បានមានប្រសាសន៍ថា ឯកឧត្តមមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលប្រទេសកូរ៉េ បានក្លាយទៅជាប្រទេសលេខ៥ ក្នុងការផ្តល់កិច្ចសហការ និងជំនួយដល់ប្រទេសកម្ពុជា និងក៏មានអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោគទុនកូរ៉េ បានមកធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាកត្តាចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ) និងខិតខំជំរុញបន្ថែមទៀត។ ពាក់ព័ន្ធជាមួយចលនាភូមិថ្មី
សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបានធ្វើការសិក្សាហើយអំពីចលនាភូមិថ្មី
ដែលអាចយកមកអនុវត្តន៍ទទួលបានជោគជ័យនៅកម្ពុជា ព្រោះចលនានេះ គឺគ្របដណ្តប់លើគ្រប់វិស័យ រួមទាំងប្តូរចរិតរបស់មនុស្សផងដែរ។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់ឯកឧត្តម គីម ហានស៊ូ (KIM HAN SOO)
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា
ដែលត្រូវបញ្ចប់អណត្តិការទូត ដែលបានផ្តល់កិច្ចសហប្រតិបត្តិការពេញទំហឹង
ក្នុងការជួយជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងបានជូនពរដល់ឯកឧត្តមឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត
ក្នុងបេសកកម្មការទូត៕



No comments:
Post a Comment