
គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពនៅរសៀលថ្ងៃទី២៥
ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូល
ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
(CLV)
លើកទី៨ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ
នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា
ឆ្នាំ២០១៤ នេះ។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម កៅ គឹមហួន
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងអំពីលទ្ធផលនៃកិច្ចប្រជុំថា
កិច្ចប្រជុំកំពូល (CLV) លើកទី៨ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
បានចេញនូវសេចក្តីថ្លែងការណ៍រួមដែលមាន ១០ចំណុច។ ក្នុងនោះកិច្ចប្រជុំបានពិនិត្យមើលឡើងវិញពីសមិទ្ធផលនៃកិច្ចប្រជុំកំពូល
(CLV) លើកទី៧ ដោយជំរុញអភិវឌ្ឍន៍នូវផែនការមេនៃការអភិវឌ្ឍតំបន់អភិវឌ្ឍត្រីកោណអភិវឌ្ឍនេះ
ដើម្បីតភ្ជាប់ក្របខណ្ឌអនុតំបន់នៃប្រទេសទាំងបី ព្រោះថាឆ្នាំក្រោយនេះ
(២០១៥) គឺជាឆ្នាំដែលត្រូវធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដើម្បីកាត់បន្ថយគម្លាតរវាងប្រទេសអ្នកមាន
និងអ្នកក្រីក្រនៅក្នុងតំបន់។
ប្រមុខរដ្ឋាភិបាលទាំងបី បានឯកភាពឱ្យគណៈកម្មការសម្របសម្រួលនៃ CLV ធ្វើការរួមប្រជុំ២ ឆ្នាំម្តង រីឯយន្តការផ្សេងទៀតបន្តជាធម្មតា
ប៉ុន្តែពង្រឹងកិច្ចសហប្រតិបត្តិការនៃយន្តការក្របខ័ណ្ឌតំបន់អភិវឌ្ឍន៍ត្រីកោណ។
មេដឹកនាំទាំងបីប្រទេសបានឯកភាពគ្នាឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងទិសដៅដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ
ដែលនេះជាទិសដៅមួយសំខាន់ណាស់ និងជំរុញវិស័យឯកជនដើម្បីចូលរួមក្នុងការអភិវឌ្ឍននៅក្នុងតំបន់ត្រីកោណនេះ ជាពិសេសបានសង្កត់ទៅលើការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍តំបន់ត្រីកោណនេះ។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបី
ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងសកម្មភាពផ្សេងៗទៀត
ដែលខុសច្បាប់ដែរ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីបានជំរុញ ធ្វើយ៉ាងណាឱ្យរដ្ឋមន្ត្រីកសិកម្ម
ប្រទេសទាំងបីបន្តពិភាក្សាគ្នា និងបញ្ចប់របាយការណ៍វិស័យកសិកម្មក្នុងតំបន់ត្រីកោណនេះ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានពង្រឹងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធ្វើយ៉ាងណាឱ្យ កិច្ចសហប្រតិបត្តិការនេះឡើងដល់កម្រិតថ្មី តាមរយៈការបង្កើនល្បឿន នៃការតភ្ជាប់តាមរយៈច្បាប់ ប្រជាជន និងប្រជាជន និងបានដាក់ការងារឱ្យគណៈកម្មការសម្របសម្រួលរួមនេះ
ដើម្បីរៀបចំធ្វើផែនការ សកម្មភាពសម្រាប់ការតភ្ជាប់ឱ្យបានឆាប់
ដើម្បីដាក់ជូនប្រមុខរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំកំពូល CLV នៅឆ្នាំ២០១៦។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលCLV សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក៏បានចូលជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាមទាំងបានអញ្ជើញជួបសំដែងការគួរសមជាមួយឯកឧត្តម
ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
នៅក្នុងជំនួបជាមួយឯកឧត្តម ថងស៊ីង ថាំម៉ាវង្ស ឯកឧត្តម
កៅ គឹមហ៊ួន បានឲ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលបាន អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលកម្ពុជា
ឡាវ វៀតណាម លើកទី៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់
របស់សម្តេចនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ត្រីកោណនៃប្រទេសទាំងបី
ឲ្យកាន់តែមានការរីកចំរើនទ្វេឡើងថែមទៀត។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកសំណើរអំពីការបង្កើន ការបន្តផ្តល់អាហា រូប ករណ៍ដល់និស្សិតនៃប្រទេសកម្ពុជា
និងប្រទេសឡាវ ឱ្យមានការកើនឡើង សំដៅធ្វើយ៉ាងណាពង្រឹងការតភ្ជាប់រវាងប្រជាជន
និងប្រជាជននៃប្រទេសទាំងពីរឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ករណីនេះ
ឯកឧត្តម កៅ គឹមហ៊ួន បានឲ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានឯកភាពទៅនឹងសំណើរនេះ
ដោយបានស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ(ឡាវ-កម្ពុជា) រៀបចំនូវឯកសារក្នុងការតម្លើងនៃចំនួនអាហារូបករណ៍ដល់និស្សិត
នៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ភាគីឡាវ ជំរុញឲ្យមានការកសាងស្ពានឆ្លងកាត់
ទន្លេល្ពៅ ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរឲ្យបានឆាប់តាមតែអាចធ្វើទៅបាន
ហើយបញ្ហានោះក៏ត្រូវបានការឯកភាពពីភាគីឡាវ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងសាធា រណការ
នៃប្រទេសទាំងពីរសិក្សាឲ្យបានហ្មត់ចត់មុននិងធ្វើការសាងសង់។ ក្នុងជំនួបពិភាក្សានោះដែរ
ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាទាក់ទិនទៅនិងទំនាក់ទំនងទ្វេភាគី
ពហុភាគី និងបញ្ហាតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ហើយប្រមុខដឹកនាំទាំងពីរបានឯកភាពរួមគ្នា ក្នុងការរៀបចំប្រារព្ធខួប៦០ឆ្នាំ
នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ឲ្យបានអធឹកអធមនៅពេលខាងមុខ។
ដោយឡែកនៅរសៀលថ្ងៃដដែលនោះ
ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម
ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម កៅ
គឹមហ៊ួន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា
វៀតណាម បានឯកភាពគ្នា ក្នុងការបញ្ចូលខ្លឹមសារសំខាន់ ដែលទាក់ទិនទៅ និងការជំរុញការតភ្ជាប់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
កម្ពុជា ឡាវ វៀតណាម នៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ
វៀតណាមលើកទី៨ ដែលនឹងប្រកាសដាក់ចេញនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ ក្រៅពីនេះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ
(កម្ពុជា-វៀតណាម) ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុត
ក្នុងការខិតខំរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាង ជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យឈានដល់
៥ពាន់លានដុល្លានៅឆ្នាំ២០១៥ និងជំរុញឲ្យមានអ្នកវិនិយោគវៀតណាមមកកាន់កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។
ក្នុងជំនួបពិភាក្សានោះដែរ សម្តេចតេជោក៏បានស្នើដល់ភាគីវៀតណាម
ជំរុញការកសាងកំណាត់ផ្លូវជាតិលេខ៧៨ ដែលនៅសេសសល់ ឲ្យបានហើយរួចរាល់ ដើម្បីរួមចំណែកដល់ការតភ្ជាប់នៃប្រទេសទាំងពីរ
ក៏ដូចជាការតភ្ជាប់សំរាប់ប្រទេសក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ទាំងមូលផងដែរ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម
ក៏បានពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនឹងទំនាក់ទំនងទ្វេភាគី ពហុភាគី
និងបញ្ហាតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីវៀតណាមមានប្រសាសន៍ជំរាបជូន
សម្តេចតេជោដែរថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៤ខាងមុខ ប្រមុខរដ្ឋវៀតណាម
នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋនៅកម្ពុជា ហើយជាមួយគ្នានេះ ឯកឧត្តមប្រមុខរដ្ឋវៀតណាម
នឹងយាងព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ
សម្តេចយាងទៅបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅដើមឆ្នាំ២០១៥។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយឯកឧត្តម
ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
ឯកឧត្តម កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា
នៅក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធានាធិបតីឡាវ ឯកឧត្តមប្រធានាធិបតីបានស្វាគមន៍ចំពោះការអញ្ជើញចូលរួមរបស់សម្តេចតេជោក្នុងកិច្ចប្រជុំកំពូល
CLV ដោយមានប្រសាសន៍ថា អ្វីដែលសំខាន់គឺប្រទេសទាំងបីត្រូវបន្តធ្វើការរួមគ្នានៃស្មារតីសហប្រតិបត្តិការ
និងមិត្តភាព។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមតិរបស់សម្តេចតេជោ
ដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះ និងមានសង្ឃឹមថា ប្រទេសទាំងបីនឹងបន្តធ្វើការរួមគ្នា
ទោះបីជាមានការលំបាក ប៉ុន្តែគួរតែខិតខំ ជាពិសេសក្នុងប្រមូលធនធានពីខាងក្រៅដើម្បីមកអភិវឌ្ឍន៍តំបន់ត្រីកោណនេះ។
ឯកឧត្តមបានកោតសរសើរដល់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋា ភិបាលកម្ពុជា
ដែលទទួលបានជោគជ័យនាពេលកន្លងមកនេះ ពិសេសក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដែលបានទទួលគណៈប្រតិភូកម្ពុជា និងបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ព្រះករុណាព្រះមហាក្សត្រ និងបានពាំនាំនូវការអញ្ជើញរបស់ព្រះមហាក្សត្រ
ចំពោះឯកឧត្តមប្រធានាធិបតីទៅធ្វើទស្សនកិច្ចនៅកម្ពុជានៅឆ្នាំ២០១៥
ខាមុខនេះ។ សម្តេចតេជោបានជម្រាបជូនឯកឧត្តមប្រធានាធិបតីថា សម្តេចរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល CLV ជាពិសេសដោយសារកិច្ចប្រជុំនេះ បានផ្តោតទៅ លើការតភ្ជាប់
និងការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ៕


No comments:
Post a Comment