
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចថ្មើរជើងលេខ៧០នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ចោមចៅ រាជធានីភ្នំពេញ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០បានបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ លើការកសាងអង្គភាព ការហ្វឹកហ្វឺនបង្កើនសមត្ថភាពកងទ័ព ការជួយប្រជាពលរដ្ឋមូលដ្ឋាន និងការថែទាំនិងធានាជីវភាពរស់នៅ សុខភាពឱ្យកងទ័ពបានល្អប្រសើរ ភារកិច្ចស្នូលរបស់កងពលតូចថ្មើរជើងលេខ៧០គឺ អនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិអគ្គមេបញ្ជាការដើម្បី បង្កើនប្រសិទ្ធភាពក្នុងការដឹកនាំបញ្ជាកងទ័ពលើការងារការពារសុវត្ថភាពទីតាំង ទីស្តីការ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល បញ្ជាការដ្ឋានកងទ័ព រាជធានីភ្នំពេញ គេហដ្ឋានថ្នាក់ដឹកនាំ និងឃ្លាំងសម្ភារៈ អាវុធយុទ្ធភណ្ឌផ្សេងៗការពារសុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រឹទ្ធសភាចល័តអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបអំពើវិច្ឆេទកម្ម វិទ្ធង្សនាដែលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ ។
បន្ថែមលើនេះអង្គភាពក៏បានសហការ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងចល័តកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមន្តរាយ គ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ,ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្មគ្រប់ប្រភេទ អន្តរាគមន៍ចល័តកម្លាំងប្រយុទ្ធការពារ អធិបតេយ្យភាពបូរណភាពដែនដី។ ក្រៅពីនេះ កងពលតូចលេច៧០ក៏មានភារកិច្ចផ្សេងៗទៀតដែលអគ្គមេបញ្ជាការប្រគល់ឱ្យ។ លោកមេបញ្ជាការបានឱ្យដឹងដែរថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះក្រោមការដ៏ឈ្លាសវៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាការដ្ឋានកងពលតូចលេខ៧០សម្រេចបាននូវសមិទ្ធផលជាច្រើន គឺការកសាងបាននូវអគារចំនួន១២៨ខ្នងក្នុងនោះ អគារដែលមានកំពស់១ជាន់ស្មើ១០៦ខ្នង អគារ២ជាន់១៧ខ្នង៣ជាន់៥ខ្នង សាលប្រជុំតូច ធំ អគារជួសជុលចម្រុះ ធនមធ្យមនិងរោងបាយ។ បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុង និងបេទីមក្នុងទីបញ្ជាការដ្ឋានកងពល(ចោមចៅ) បានចំនួន២១ខ្សែស្មើនឹង៦៣.៣៨៥ម៉ែត្រ។ មានសាលា ហ្វឹកហ្វឺនចំនួន២តំបន់ ។ តំបន់ទី១ នៅតំបន់អភិវឌ្ឍន៍មានអគារចំនួន៦ខ្នងមានទីលានបាញ់គ្រាប់ពិតបានប្រគល់ជូនបញ្ជាការដ្ឋានជាតិប្រយុទ្ធប្រឆាំងភេរវកម្ម -តំបន់ទី២ គឺសាលាហ្វឹកហ្វឺននិងទីលានបាញ់គ្រាប់ពិតថ្នាក់កងអនុសេនាធំវាយលុកដែលមានទីតាំងស្ថិតនៅតំបន់ភ្នំធំ ឃុំក្រាំងអំពិល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ មានវិសាលភាពនិងជាមូលដ្ឋានសម្រាប់កងយោធពលខេមរភូមិន្ទ។

កងពលទទួលបាននូវការផ្តល់សំភារៈ និងការបណ្តុះបណ្តាលពីអង្គការJPR នូវរថយន្តពន្លត់អគ្គីភ័យ,រថយន្តសង្គ្រោះបន្ទាន់សរុបចំនួន៣២គ្រឿងនិងអូប័រប្រភេទអគ្គីភ័យ ចំនួន៦គ្រឿងធ្វើសេវាសង្គ្រោះមនុស្សធម៌ជូនប្រជាជនយ៉ាងទាន់ពេលវេលានៅតាមបណ្តាខណ្ឌ និងស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលជាប្រចាំ។
បន្ទាប់ពីមានក្បួនព្យុះហយាត្រារបស់កងពល តូចថ្មើរជើងលេខ៧០បានបញ្ចប់រួចសម្តេចតេជោ បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពរបស់កងពលតូច ថ្មើរជើងលេខ៧០ដែលបានធ្វើពលីកម្មឆ្លងកាត់គ្រប់ឧបសគ្គក្នុង បុព្វហេតុការពារ និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ក្នុងពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបាននូវស្នាដៃនិងសមិទ្ធផលជាច្រើនជូនជាតិ។ សម្តេច បានវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការរងនាយទាហាន និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន មោះមុត មានវិន័យមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយគ្រប់កាលៈ ទេសៈតែងស្ថិតនៅជាកំលាំងស្នូល ក្នុងការទ្រទ្រង់ ការថែរក្សាការពារដល់សុខសន្តិភាពស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងបុព្វហេតុការពារឯករាជ្យជាតិអធិបតេយ្យភាព បូរណៈភាពដែនដី សម្បត្តិវប្បធម៌ និង ការអភិវឌ្ឍជូនជាតិមាតុភូមិ ដែលសក្ដិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។ សម្តេចមានមានប្រាសសន៍បន្តថា តាមរយៈនេះ យើងអាច មើលឃើញយ៉ាងប្រត្យក្សនូវគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់កង យោធពលខេរភូមិន្ទដែលតែងបានបូជាសាច់ស្រស់ឈាមស្រស់ហ៊ានធ្វើពលី កម្មដល់ជីវិតក្នុង ការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងបុព្វហេតុជាតិនិងប្រជាជនគ្រប់ដំណាក់កាល ។
តាមរយៈកម្មវិធីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវការគាំទ្រ និងបន្តយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយជីវភាព ថវិកា របបឧបត្ថម្ភផ្សេងៗការបំពាក់សំភារៈ ស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់នូវកិត្តិយសនិងការគោរព ដោយសេចក្តីថ្លៃ ថ្នូរចំពោះកងយោធពលខេរភូមិន្ទដោយឥតរាថយ ក្នុងន័យតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្ដុង្គឧត្ដមរបស់កងយោធពលខេរភូមិន្ទ។

ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមេបញ្ជាការ, បញ្ជាការរង, មន្ត្រីរាជការនិងសប្បុរសជននានាដែលមានគុណបំណាច់ដ៏ថ្លៃថ្លាបានរួមចំណែកក្នុងការការពារជាតិមាតុភូមិ និងកសាងអង្គភាពកងពលតូចថ្មើរជើងលេខ៧០ឱ្យរីកចំរើនមកដល់សព្វថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយកដ៏ឧត្ដុង្គឧត្ដម បំពាក់គ្រឿងឥស្សរិយយសថ្នាក់ជាតូបការ ជូនឯកឧត្តមម៉ៅ សុផាន់,ឯកឧត្តម លោកជំទាវអ្នកឧកញ៉ាសរុបមានចំនួន១៥នាក់, គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ជូនសប្បុរសជនអន្តរជាតិសរុបចំនួន៧គ្រឿង, គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍សរុបចំនួន៤គ្រឿង ,គ្រឿងឥស្សរិយយសសុវត្ថារ៉ាថ្នាក់មហាសេរីវឌ្ឍន៍ចំនួន១គ្រឿង និងគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន១គ្រឿងត្រូវបានបំពាក់ជូនដល់មន្ត្រីរាជការនិងសប្បុរសជននានាមួយចំនួនទៀតផងដែរ៕






No comments:
Post a Comment