
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ ក្រោមប្រធានបទ ភាពជាដៃគូទទួលខុសត្រូវ ដើម្បីកំណើន ប្រកបដោយចីរភាព និងសន្តិសុខ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីវេលារសៀលថ្ងៃទី១៦តុលា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និសីទមីឡង់ប្រទេសអ៊ីតាលី។ ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងមេដឹកនាំនៃប្រទេសក្រូអាត និងប្រទេសកាហ្សាក់ស្ថាន ដែលនិងចូលជាសមាជិកពេញសិទ្ធិថ្មីរបស់ ASEM បានយាង និងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០របស់ខ្លួន ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពី ឯកឧត្តម ម៉ាតតេអូ រិនហ៊្សី (Matteo Renzi) នាយករដ្ឋមន្រ្តីអ៊ីតាលី ឯកឧត្តម ហ្សូហ្សេ មានុអែល បារ៉ូសូ (Jose Manuel Barroso) ប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម ហ៊ើម៉ាន់ វ៉ាន់ រុមពុយ (Her man Van Rompuy) ប្រធានក្រុមប្រឹក្សាអឺរ៉ុប។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំង៥៣ របស់អាស៊ី-អឺរ៉ុប ដែលបានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០នេះ មានថ្នាក់ប្រមុខរដ្ឋចំនួន១៥រូប ថ្នាក់ប្រមុខរដ្ឋាភិបាលមានចំនួន២៩រូប និងថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីចំនួន៩រូប។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ ឯកឧត្តម ហ៊ើនម៉ាន់ វ៉ាន់ រុមពុយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាប្រធានកិច្ចប្រជំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ មានប្រសាសន៍ថា ប្រធានបទនៃកិច្ចប្រជុំកំពូលនេះ គឺថា គ្មានកំណើនដោយចីរភាពទេ ប្រសិនបើគ្មានសន្តិសុខ ហើយផ្ទុយមកវិញគ្មានសន្តិសុខទេ ប្រសិនបើគ្មានកំណើនដោយចីរភាព។

គោលដៅ សំខាន់របស់អាស៊ី-អឺរ៉ុប គឺពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើឲ្យមានកំណើនឡើងវិញ។ ដោយមានសំណើរពីភាគីថៃ នៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan O Cha) នាយករដ្ឋមន្រ្តីថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ដោយសេចក្តីសោមនស្សរីករាយ ដោយបានជួបពិភាក្សាការងារទ្វេភាគី ជាមួយនិងឯកឧត្តមឧត្តមសេនីយ៍ បន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ។ ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា មានប្រសាសន៍ថ្លែងនូវការកោតសរសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនិងយោគយល់ចំពោះសភាពការណ៍ ដែលកើតមានឡើងនៅក្នុងប្រទេសថៃកាលពីពេលកន្លងមក តាមរយៈនោះឯកឧត្តមនាយករដ្ឋមន្រ្តីបានផ្តល់នូវសេចក្តីសង្ឃឹមថា ប្រទេសយើងទាំងពីរកម្ពុជា ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាថា នឹងមិនត្រូវទុកបញ្ហាព្រំដែនដែលនៅសេសសល់ក្លាយជាឧបសគ្គ ដល់ការធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងនៃវិស័យដទៃទៀតរបស់ប្រទេសទាំងពីរនោះឡើយ។ ជាមួយគ្នានេះយើងត្រូវខិតខំពង្រីកកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងនោះបញ្ហាសំខាន់គឺខិតខំជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួនពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានស្នើជាមតិជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា រាជរដ្ឋាភិបាលថៃ មានគោលនយោបាយនិងគោលបំណងក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់មួយចំនួននៃព្រំដែនកម្ពុជា ថៃ ពិសេសនៅតំបន់ប៉ោយប៉ែតដើម្បីធ្វើការអភិវឌ្ឍ សំរាប់ធ្វើជាតំបន់ពាណិជ្ជកម្ម សណ្ឋាគារ ទីក្រុង បង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងការបង្កើតឡើងនូវរោងចក្រខ្នាតតូច ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន និងពលករកម្ពុជាអាចរកការងារក្នុងតំបនសេដ្ឋកិច្ចពិសេស។ ក្នុងជំនួបពិភាក្សាគ្នានោះដែរភាគីថៃបានសន្យាផងដែរថា រដ្ឋាភិបាលថៃនឹងជួយសំរួលដល់ការ ផ្តល់នូវភាពអនុគ្រោះផ្នែកច្បាប់ទន្លាប់ដល់ពលករកម្ពុជា ដែលចូលទៅបំរើការងារក្នុងដែនដីដ៏ជ្រៅរបស់ប្រទេសថៃ។
ជាមួយគ្នានេះដែរឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីគោលបំណងនៃការរៀបចំមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងការទំនាក់ទំនងផ្លាស់ប្តូរមុខទំនិញ នៃប្រទេសទាំងពីរ ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចធ្វើការផ្លាស់ប្តូរមុខទំនិញ និងការប្រាស្រ័យទាក់ទង់គ្នាកាន់តែជិតស្និត។ ក្នុងជំនួបពិភាក្សា គ្នានោះដែរប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកនូវ កិច្ចសហប្រតិបត្តិការក្នុង ការទប់ស្កាត់ការឆ្លងដែនកាប់ឈើខុសច្បាប់ ការគាំពារថែរក្សានិរន្តរភាពព្រៃឈើនៅតាមតំបន់ព្រំដែន ការទប់ស្កាត់រួមគ្នាក្នុងការបង្រ្កាប់បទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសការរិៈរកនូវគ្រប់មធ្យោបាយគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទេសចរណ៍វប្បធម៌ កីឡា និងភាពរីកចំរើនរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចតេជោ និងរាជដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការដោះលែងទណ្ឌិត វីវៈស៊ុមខ្វាឃីត ដែលនោះគឺជាកាយវិការដ៏សប្បរសធម៌បំផុត របស់ភាគីកម្ពុជា ក្នុងការជួយដល់ភាគីថៃ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ពេលនេះគឺជាពេលវេលាដ៏សំខាន់ណាស់ ក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលយើងបានសំរួលនិងខិតខំធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបំរើឲ្យផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា យើងមិនត្រូវទុកឲ្យឧបសគ្គបន្តិចបន្តួច ធ្វើឲ្យរាំងស្ទះដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពនៃប្រទេសទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នានោះទេ ពោលគឺយើងត្រូវតែបង្កើតនូវស្មារតីថ្មី ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរ ដោយសារយើងមានមោទនភាពថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ វាបានឈានដល់ជាង៤ពាន់លានដុល្លាអាមេរិក និងចំនួនទេសចរណ៍នៃប្រទេសទាំងពីរក៏មានការកើនឡើង ផងដែរ។
ដោយមានការគោរពអញ្ជើញ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមនាយករដ្ឋមន្រ្តីថៃបានសន្យាថា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៣០-៣១ ខែតុលា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត៕
No comments:
Post a Comment