ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រុមការងារគណៈកម្មការចំរុះទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ា ដឹកនាំដោយឯកឧត្តម ប៉ាល់ ច័ន្ទតារ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម សេង សាវន ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានដោះស្រាយវិវាទដីធ្លីខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានចុះទៅដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយឈ្មួញ នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីចំនួន ០៥ ភូមិ ក្នុងនោះមាន ៖ ភូមិស្លែងមានជ័យ ភូមិកាកាប ភូមិប្រាសាទ ភូមិស្វាយ ឃុំឈ្វាំង និងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១៣០ នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ចំនួន១៣៤ គ្រួសារ លើផ្ទៃដីទំហំ ១៥៥ ហិកតា ដែលមានទំនាស់ជាមួយក្រុមហ៊ុនលោកស្រី លឹម គា លើបញ្ហាទិញ-លក់ ដោយអ្នកខ្លះមិនទាន់បានទទួលប្រាក់គ្រប់ចំនួន និងអ្នកខ្លះទៀតត្រូវគេរំលោភយកដីទាំងស្រុង និងយកទៅលក់បន្តទៅអ្នកផ្សេង។
ទំនាស់ដីធ្លីនេះ បានកើតមានឡើងចាប់តាំងពីឆ្នាំ១៩៩៨មកម៉្លេះ និងបន្តរហូតមកដល់បច្ចុប្បន្ន ដែលក្នុងនោះមានការប្តឹងផ្តល់គ្នាឡើងទៅតុលាការ និងប្រជាពលរដ្ឋមួយចំនួនត្រូវបានចាប់ឃុំខ្លួន ហើយក៏មានការប្តឹងទាមទារស្វែងរកដំណោះស្រាយរហូតមកដល់សាលាខេត្តកណ្តាល ប៉ុន្តែ នៅពេលចុងក្រោយនេះ ប្រជាពលរដ្ឋក៏បានយកពាក្យបណ្តឹងពាក់ព័ន្ធមកស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី។
ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងថា ការដែលក្រុមការងារចម្រុះចុះមកជួបនេះ គឺក្នុងគោលបំណងដើម្បីស្តាប់សំណូមពររបស់ប្រជាពលរដ្ឋនូវបញ្ហាដែលកើតមានឡើង និងធ្វើការសិក្សា រកវិធានការដោះស្រាយជូន ដោយអនុវត្តតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ។
តំណាងប្រជាពលរដ្ឋចំនួន ១៥ នាក់ បានលើកឡើងថា ៖ ភាគីក្រុមហ៊ុន មិនទាន់បានឲ្យប្រាក់គ្រប់ចំនួន ហើយថែមទាំងបានប្តឹងប្រជាពលរដ្ឋទៅតុលាការ ដោយចោទថា ប្រជាពលរដ្ឋក្លែងបន្លំឯកសារ និងលើកឡើងថា អ្នកទិញអត់ទាន់ទទួលដី និងបានបង្ខំឲ្យប្រជាពលរដ្ឋទាំង ១៣៤ គ្រួសារ ផ្តិតមេដៃជូនថា បានលក់ដី ហើយនិងបានទទួលលុយគ្រប់ចំនួនដើម្បីបញ្ចប់ការតវ៉ា។
ប្រជាជនម្នាក់ទៀត បានចោទទៅលើរដ្ឋអំណាចមូលដ្ឋានថា បានលួចលក់ដីរបស់គាត់ឲ្យទៅក្រុមហ៊ុនរបស់លោកស្រី លឹម គា នេះ និងប្រជាជនមួយចំនួនទៀត បានសំណូមពរឲ្យអភិបាលខេត្តកណ្តាល ចាត់វិធានការទប់ស្កាត់លោកស្រី លឹម គាំ កុំឲ្យប្តឹងពួកគាត់ទៅតុលាការជាបន្តទៀត។
សំណូមពរ ប្រជាពលរដ្ឋខ្លះ បានសុំឲ្យលោកស្រី លឹម គា បង់លុយឲ្យពួកគាត់ឲ្យបានគ្រប់ចំនួន និងប្រជាពលរដ្ឋខ្លះទៀត បានសុំយកដីរបស់ពួកគាត់ត្រឡប់មកវិញ។
ឯកឧត្តម ផៃ ប៊ុនឈឿន បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យរក្សាភាពស្ងប់ស្ងាត់ កុំទៅធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ ព្រោះបញ្ហាខាងលើនេះ ឯកឧត្តម រួមជាមួយក្រុមករងារ នឹងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជ្រាបជាជំហានទី១ និងជាជំហានបន្ទាប់ នឹងធ្វើការជាមួយភាគីក្រុមហ៊ុនរបស់លោកស្រី លឹម គា ដើម្បីធ្វើការដោះស្រាយនូវបញ្ហានេះជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានទំនាស់ទាំងអស់។
ឯកឧត្តម ផៃ ប៊ុនឈឿន ក្នុងនាមក្រុមការងារចម្រុះ បានសន្យាថា នឹងត្រឡប់មកជួបបងប្អូនប្រជាពលរដ្ឋ ជាថ្មីម្តងទៀតនៅពេលក្រោយ ហើយនឹងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ចប់ ជាចុងក្រោយ៕






No comments:
Post a Comment