នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ មហាសន្និបាតកាកបាទក្រហមកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិទី៦។ ការជ្រើសតាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិទី៦នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមប្រចាំភូមិភាគ ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំភូមិភាគ កាកបាទក្រហមវៀតណាម ចិន និងមីយ៉ាន់ម៉ា ដែលបានអញ្ជើញចូលរួម និងជាពិសេសរាជរដ្ឋាភិបាល។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតកាកបាទក្រហមកម្ពុជា នៅសាលសន្និសីទចតុម្មុខ នារៀសលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសាជាថ្មី ជាប្រធានក្រហមកម្ពុជាក្នុងអាណត្តិទី៦នោះ។
“ខ្ញុំសូមសម្តែងនូវការអបអរសាទរផងដែរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានអង្គមហាសន្និបាតបានផ្តល់នូវជំនឿ និងសេចក្តីសុខចិត្តជាថ្មីជ្រើសតាំងជាប្រធានកាកបាទក្រហមកម្ពុជា ដើម្បីបន្តគ្រប់គ្រង និងដឹកនាំកាកបាទកម្ពុជាក្នុងអាណត្តិទី៦នេះជាបន្តទៀត។ ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សមាជិក សមាជិកាទាំងអស់ នៃគណៈកម្មាធិការកណ្តាល ដែលបានជាប់ឆ្នោតក្នុងអាណត្តិថ្មីនេះ ក៏ដូចជា ឥស្សរជន អគ្គហិរញ្ញិក អគ្គលេខាធិការ និងអគ្គលេខាធិការរង ដែលត្រូវបានទទួលការឯកភាពចាត់តាំងនៅពេលនេះផងដែរ”។ សូមបញ្ជាក់ថា សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាអាណត្តិទី៦ មានចំនួន ២៥រូប និងមានសមាជិកបម្រុងចំនួន ៣រូប។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយសុទ្ធិដ្ឋិនិយមថា ខ្ញុំមានជំនឿយ៉ាងមុតមាំថា សមាជិកគណៈកម្មាធិការកណ្តាល ក៏ដូចជាឥស្សរជនអគ្គហិរញ្ញិក អគ្គលេខាធិការ និង អគ្គលេខាធិការរង មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់នឹងបន្តនូវកិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែសកម្មខ្លាំងក្លា ក្នុងបុព្វហេតុដើម្បីបន្តកសាងសមត្ថភាពថ្មីបន្ថែមទៀត លើការងារមនុស្សធម៌ឲ្យឆ្លើយតបបានទៅនឹងគ្រោះមហន្តរាយនានា ជាពិសេសការជួយរំលែកនូវទុក្ខលំបាករបស់ប្រជាជនរងគ្រោះនៅទូទាំងប្រទេស។ ដោយអំពាវនាវសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលដ៏ដូចជា ឥស្សរជនអគ្គហិរញ្ញិក អគ្គលេខាធិការ និងអគ្គលេខាធិការរង មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់បន្តពង្រឹង និងពង្រីកការទទួលខុសត្រូវលើគ្រប់ផ្នែកនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជួយគាំទ្រទាំងផ្នែកគោលនយោបាយ ច្បាប់ យន្តការគាំទ្រនានា ព្រមទាំងសម្ភារ និងថវិកាក្នុងការជំរុញ និងលើកទឹកចិត្តដល់កាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ២០១១-២០១០ របស់ខ្លួន ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀតនៅអាណត្តិថ្មីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខ្ញុំសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា នឹងប្តេជ្ញាចិត្តបន្តពង្រឹងការដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ មានអភិបាលកិច្ចល្អ និងពង្រឹងសាមគ្គីភាព ឯកភាព មានកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបដល់ការងារជួយសង្គ្រោះជីវិតមនុស្ស ការងារដោះស្រាយបញ្ហាប្រឈមមុខនានា ការលើកតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ឲ្យសក្ដិសមជាសមាគមជាតិនាំមុខគេ ក្នុងវិស័យមនុស្សធម៌នោះ។
នៅក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិទី៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍សន្យាថា ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តបន្តពង្រឹងការដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ មានអភិបាលកិច្ចល្អ និងពង្រឹងសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិ ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ព្រោះថា ការឆ្លើយតប ការងារជួយសង្គ្រោះ ការងារដោះស្រាយបញ្ហាប្រឈម ពុំមានតួអង្គណាម្នាក់ ស្ថាប័នណាមួយឬប្រទេសណាមួយអាចធ្វើបានដោយម្នាក់ឯងទេ។
សម្រាប់ការងារមនុស្សធម៌ក្នុងអាណត្តិថ្មី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា យើងនឹងបន្ត ការលើកទឹកចិត្ត និងការគាំទ្រដល់ក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ដើម្បីធានាបាននូវការពង្រឹងកិត្តិនាម កិត្យានុភាព របស់កាកបាទក្រហមកម្ពុជា ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន អាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចការមនុស្សធម៌ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ដើម្បីឲ្យសក្ដិសមជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដោយប្រការផ្សេងៗនោះ៕
No comments:
Post a Comment