Tuesday, August 05, 2014

សម្តេច​​តេជោ​យក​​ចិត្ត​ទុក​​ដាក់​បញ្ហា​​ទឹក​​ជំនន់ និង​ការ​​កសាង​ធន​​ធាន​​មនុស្សក្នុង​​ពិធី​​ចែក​​សញ្ញា​ប័ត្រ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដាស់​តឿន​ជាថ្មី​ទៀត​ឲ្យ​ក្រ​សួង​អប់រំ​យុវជន និង​កីឡា ​​បន្ត​ជំរុញ​បណ្តា​គ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​នៅក្នុង​ប្រទេស​ ទាំង​រដ្ឋ និង​ឯកជន​ បន្ត​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​នៅ​ពេល​ដែល​សហគមន៍​អាស៊ាន ​នឹង​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​នោះ​។

នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​០៤ ​ខែសីហា ឆ្នាំ​២០១៤​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​រដូវ​វស្សា​នេះ​ផង​ដែរ ពិសេស​បញ្ហា​ទឹក​ជំនន់​ទន្លេមេគង្គ ជំនន់​ទឹក​ភ្លៀង ឬ​ខ្យល់ព្យុះ គឺជា​ស្ថាន​ភាព​ធម្មជាតិ​។

ក្នុងបញ្ហានេះ ​សម្ដេចតេជោ​បាន​អំពាវនាវ​ចំពោះ​អាជ្ញាធរ​គ្រប់​ថ្នាក់ នៅ​តាម​តំបន់​មាន​ការ​រង​គ្រោះ ដែល​មិន​ត្រឹម​តែ​នៅតាម​ដង​ទន្លេ​មេគង្គ ទន្លេ​បាសាក់ ទន្លេសាប​ទេ ប៉ុន្តែ​នៅ​តាម​បណ្ដា​ដៃ​ព្រែក​ដទៃទៀត ក៏ត្រូវ​ប្រុង​ប្រយ័ត្នដែរ។ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​លើកឡើងថា​ នេះ​ជា​ស្ថាន​ភាព​ធម្មជាតិ ប៉ុន្តែ​នៅ​ពេល​ដែល​ធម្មជាតិ​កើត​ឡើង​ដូច្នេះ យើង​ក៏ត្រូវ​ប្រឈម​ដោះ​ស្រាយ​ជាមួយ​នឹង​ឧបសគ្គ​ដែល​បង្ក​ដោយ​ធម្មជាតិ​ដែរ។ សម្ដេចបន្តថា «ពលរដ្ឋ​យើង​ធ្លាប់​មាន​បទ​ពិសោធន៍​ហើយ, អាជ្ញាធរ​យើង​ក៏ធ្លាប់​មាន​បទពិសោធន៍​ដែរ ក៏ប៉ុន្តែ​យើង​ចង់​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​ដល់​ជីវិត​សម្រាប់​ពលរដ្ឋ​របស់​យើង»​។

ដោយ​យោង​តាម​របាយការណ៍ អំពី​ស្ថានភាព​ទឹក​ជំនន់ ផ្ដល់​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុ​និយម​សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើការ​វាយ​តម្លៃ​ថា សភាពការណ៍​ទាក់​ទង នឹង​ទឹក​ជំនន់​បាន​ប៉ះពាល់​មក​ដល់​យើង​ក៏ធ្ងន់ ហើយ​ក្រៅពី​បណ្ដាខេត្ត​នៅ​ជាប់​ដងទន្លេ ដែលរង​ការ​ប៉ះ​ពាល់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​នោះ ក៏​នៅ​មានខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ប៉ះ​ពាល់ ដោយ​ជំនន់ទឹ​ក​ភ្លៀង ដូចជា​រតនគិរី មណ្ឌល​គិរី កំពង់​ធំ ព្រះ​វិហារ ជារួម​សរុប ១៣ខេត្ត បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង ដែល​ទាមទារ​ឱ្យ​មាន​ការ​ដោះ​ស្រាយ។ ទោះជា​យ៉ាងណា សម្ដេចតេជោ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ទប់រក្សាទឹក​ដែល​ឡើង​ក្នុង​ពេលនេះ​ទុក សម្រាប់​ធ្វើ​ស្រូវ​ប្រាំង បង្ការ​ក្រែង​នៅ​ពេល​រដូវ​បុណ្យភ្ជុំ​ខាង​មុខ គ្មាន​ភ្លៀង និង​គ្មាន​ទឹក​ឡើង​ម្ដង​ទៀត។

ទាក់​ទង​នឹង​បញ្ហាព្យុះ​នោះវិញ ដែល​របាយការណ៍​របស់​ក្រសួងធនធាន​ទឹក និង​ឧតុនិយម​ធ្វើ​ការ​ព្យាករណ៍​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​លើក​ឡើងថា​ «...ព្យុះ​ក្នុង​១ឆ្នាំ មាន​ប្រមា​ណ​ជា​២៥​ឥឡូវ ទើប​នឹង​មាន​ព្យុះ​១២​ទេ ដូច្នេះ​ទាមទារ​ឱ្យ​គ្រប់​ទីកន្លែង​ទាំង​អស់ មាន​ការប្រុង​ប្រយ័ត្ន ហើយ​អំពាវនាវ​ចំពោះ​ពលរដ្ឋ ក៏​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ខ្លួនឯង, ក្រុម​គ្រួសារនីមួយៗ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឯង ព្រោះ​មិន​អាច​អាជ្ញាធរ​ទៅដោះ​ស្រាយ​បញ្ហា​ជួស​បានទេ ឧទាហរណ៍ មិនត្រូវ​ទុក​កូន​ដែល​មិនចេះ​ហែល​ទឹក​ឱ្យនៅផ្ទះ​តែ​ម្នាក់​ឯងទេ...»។ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្នុងប៉ុន្មាន​ថ្ងៃនេះ​យើង​ទើប​តែ មាន​ស្លាប់ មនុស្ស​តែ​៤​នាក់​ទេ ប៉ុន្តែ​បើចៀសវាង​បាន​កុំឱ្យមាន​ការស្លាប់​ពេល​ជំនន់​ម្ដងៗ, យើង​បារម្មណ៍​ចំពោះ​ការ ស្លាប់​នេះ។ ក្នុងនេះដែរ សម្ដេច​អំពាវនាវ ក្រើន​រម្លឹកដល់អ្នក​ធ្វើដំណើរ​តាម​ទូក តាម​កាណូតឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន សម្ដេច​ក៏​អំពាវនាវ ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ចំពោះ​សត្វ​អាសិ​រពិស មាន​ដូចជា សត្វ​ពស់ និង​សត្វក្អែប​ជាដើម ដែល​នៅ​ក្នុង​រដូវទឹក​ជំនន់​ម្ដងៗ​វាតែង​តែ​ឡើង​ទៅរក​ទី​ទួលសុវត្ថិភាព ឬ​ឡើង​តាមផ្ទះ​ពលរដ្ឋ។

ទាក់​ទង​នឹង​តួនាទី​វិស័យ​អប់រំ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស សម្តេច​តេជោ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​បាន​មក​ដល់​ពេលនោះ​លំហូរ​ទំនិញ លំហូរ​មនុស្ស សេវា​នឹង​ចាប់ផ្តើម ដូច្នេះ​យើង​ត្រូវ​ខិតខំ​បង្កើត​ឡើង​នូវ ឱកាស​សម្រាប់​យើង ។

សម្តេចតេ​ជោ​ថ្លែងថា ប្រទេសជាតិ​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ទៅ​បាន​វា​ចំណុះ​ទៅលើ​បញ្ហា​សន្តិភាព ស្ថិរភាព ហើយក៏​វា​ចំណុះ​ទៅលើបញ្ហា​ដទៃៗ​ទៀត ក្នុង​នោះ​កត្តា​ធនធានមនុស្ស​គឺ​ជា​គន្លឹះ​សំខាន់ នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​វា​គ្មាន​ជម្រើស​ណា​ល្អជា​ហ្នឹង​ទៀត​ទេ ហើយ​ដំណាក់​កាល​សេដ្ឋកិច្ច​ចំណេះដឹង ចំណេះធ្វើ​គឺជា​ដំណាក់កាល​ដ៏​សំខាន់​នៅក្នុង​ពេលនេះ​។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ក្រុមហ៊ុនដែល​មក​វិនិយោគ​នៅកម្ពុជា ​គេ​មិន​ចង់​យក​មនុស្ស​មកពី​ក្រៅប្រទេស​ទេ គេ​ចង់បាន​មនុស្ស​ក្នុងស្រុក ដូច្នេះ​យើង​ត្រូវ​ខិតខំ​ធ្វើការ​បណ្តុះ​បណ្តាល ដើម្បី​បម្រើ​ឲ្យ​ទីផ្សារ​ការងារ​ក្នុងស្រុករបស់​យើង។ នៅ​ពេល​ដែល​សមាហ​រណ​កម្ម​មកដល់ យើង​ក៏​មាន​តម្រូវការ​ទៅ វិញ​ទៅមក។ ទាក់​ទង​បញ្ហា​នេះ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្រាប់​ខ្ញុំៗ​មើល​ឃើញ​ថា បើ​យោង​ទៅ​លើ​ទម្លាប់​ទឹក​មិនដែល​ហូរ ឡើង​ទួល​ទេ ទឹក​ហូរ​ពី​ទីទួល​ចុះ​មក​ទី​ទាប មានន័យថា បើសិនជា​កម្ពុជា​យើងមាន​មនុស្ស​ដែល​ពូកែ យើង​នឹង​អា​ចរក​ការងារ​នៅ​ខាងក្រៅ​វិញ​បាន ប៉ុន្តែ​អ្នក​នៅខាងក្រៅ​មិន​ចង់​មក​រក​ការ​ងារ​នៅ​ខាងក្នុង​ទេ លើកលែងតែ​ក្រុមហ៊ុន​នោះ​គេ​ត្រូវ​ការ​ព្រោះ​ស្ថានភាព​បៀវត្ស​មិន​ដូចគ្នា​ទេ​។  នៅ​ប្រទេស​របស់​យើងៗ​ទទួល​ស្គាល់​ថា​វា​មាន(បៀរវត្ស)​ចំនួន​ទាប​ជាង ប៉ុន្តែ​ទាប​របស់ ប្រទេស​កម្ពុជា ​វា​ខ្ពស់​ជាង​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ក្នុង​តំបន់​ឧស្សាហកម្ម​កែច្នៃ​សម្រាប់ ការ​នាំ​ចេញ​ដែល​បៀវត្ស​ខ្ពស់​ជាង​នៅ​កន្លែង​ដទៃ ហើយ​ដែល​វិនិយោគ​ដោយជប៉ុន ដែល​ទទួល​បាន​ប្រាក់ខែ​តែ​៧០​ដុល្លារ និងទើបតែ​ដំឡើង​ក្នុង​ពេល​ថ្មីៗ​ទៀត​ផង។ ជាទូទៅ​កម្មករ កម្មការិនី​នៅ​បង់​ក្លា​ដែ​ស​ទទួល​បាន​បៀវត្ស​៦៥​ដុល្លារអាមេរិក។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ឥឡូវ​កម្មករ កម្មការិនី​នៅ​កម្ពុជា​ទទួល​បាន​បៀវត្ស​អ​ប្បរមា ​១០០​ដុល្លារ​អាមេរិក ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុងតែ​រក​វិធី​ដើម្បី​ដំឡើង​បៀវត្ស​ឲ្យ​កម្មករ កម្មការិនី​របស់​យើង​ជា​បន្ត​ទៀត។

ទាក់​ទង​នឹងព័ត៌មាន​ស្តីពី​ការ​វិវត្តន៍​ប្រែ​ប្រួល​នៃ​ចរន្ត​សេដ្ឋកិច្ច​អន្តរជាតិនា​ពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​រួម​គ្នា​ដោយ​ប្រទេស​ ចំនួន​០៥​គឺ​ចិន រុស្ស៊ី ប្រេ​ស៊ី​ល អាហ្វ្រិក​ខាងត្បូង និង​ឥណ្ឌា ក្នុង​ការ​ដាក់​ទុន​បង្កើត​ធនាគារ​ដ៏​ធំ​មួយ​នោះ។ សម្តេច​តេជោនាយករ​ដុ្ឋ​មន្ត្រី​បាន​ធ្វើការ​សន្និដ្ឋាន​វាយ​តម្លៃ​​ថា ការ​កើតឡើង​នូវ​ធនាគារ​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ផ្តាច់​មុខ​របស់​ស្ថាប័ន​មួយចំនួន ​ត្រូវបាន​កាត់បន្ថយ និង​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ​បាន​កាន់តែ​ច្រើន។

នៅ​ក្នុង​វិស័យ​ធនាគារ​នេះ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ឥឡូវនេះ​ការ​ផ្តួចផ្តើម​គំនិត​ដើម្បី​បង្កើត​ឡើង​នូវ​ធនាគារ​មួយទៀត​ដែល​បូក​បញ្ចូល​ដោយ​ចិន កូរ៉េខាងត្បូង និងបណ្តា​ប្រទេស​អាស៊ាន​​កំពុង​តែ​ធ្វើការ​ចរចា​ដែល​កម្ពុជា​គឺជា​សហ​ស្ថាបនិក​មួយ ក្នុងចំណោមសហ​ស្ថាបនិក ដើម្បី​បង្កើត​នូវ​ធនាគារ​នេះ។ ទាក់​ទង​នឹង​បញ្ហា​នេះ ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា យើង​មិនបាន​បំភ្លេច​ចោល​នូវ​តួនាទី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នោះ​ទេ ប៉ុន្តែ​វា​នឹង​មាន​ធនា​គារ​ច្រើនជាង​មួយ​ដើម្បី​ងាយស្រួល​យើង​រក​ទុន ឯ​ធនាគារ​ដ៏​ធំ​មួយទៀត​នៅ​អាមេរិក វា​មិន​មែន​ជំនួ​ស​តួនាទី​ទាំងស្រុង​របស់​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ទេ ប៉ុន្តែ​វា​ក៏បាន​បន្ថែម​នូវ​កម្លាំង​ដើម្បី​ជួយ​ទៅដល់​បណ្តា​ប្រទេស​ទន់ខ្សោយ ដោយ​កាត់បន្ថយ​ការ​ពឹង​ពាក់​ទៅលើ​កន្លែង​ណា​តែមួយ​នោះ ដែល​ចំណុច​ទាំងនេះ​ជាចំណុច​ដែល​ទាមទារ​នូវ​ធនធាន​ខួរក្បាល​របស់​យើង​ច្រើនណាស់។

សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍ដោយ​សុទ្ធិដ្ឋិនិយម​​ថា ប្រ​សិន​បើ​នៅ​ពេល​នោះ​កម្ពុជា​យើង​មានធនធានមនុស្ស ដែល​ធន​ល្មម​នឹង​អាច​ដើរ​តួនាទី​នៅក្នុង​ក្រប​ខណ្ឌ​នៃ​ធនាគារបែបនេះ យើង​ក៏​បញ្ជូន​ទៅ​ធ្វើការ ដូច​ដែល​ជនជាតិ​កម្ពុជា​យើង​ធ្លាប់​ធ្វើការ​នៅ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធ្វើជា​អគ្គ​លេខាធិការរង​អាស៊ាន​រួច​ហើយ​នោះ។ សម្តេច​តេ​ជោ​ថ្លែង​ថា ការអភិវឌ្ឍន៍​ធនធានមនុស្ស​ត្រូវតែ​បន្ត​ធ្វើ ហើយ​មិនមែនត្រឹមតែ​បញ្ចប់​ការសិក្សា​ត្រឹមតែ​ការ​ទទួល​សញ្ញាបត្រ​ហើយ​គិតថា​ចប់​នោះ​ទេ ការវិវត្តន៍​មួយថ្ងៃៗ សភាពការណ៍​នៅ​លើ​ពិភព​លោក​វា​ទាមទារ​ឲ្យ​យើង​វិភាគ​គ្រប់ជ្រុងជ្រោយ ហើយ​ប្រសិនបើ​សាកលវិទ្យាល័យ​នីមួយៗ​អាច​ឈាន​ទៅដល់ បង្កើត​ក្រុម​វិភាគ​ជា​ការ​ល្អ​ដើម្បី​រួម​វិភាគ​ទាន​ជាមួយ​រាជរដ្ឋាភិបាល​ លើ​បញ្ហា​នេះ​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​ប័ត្រ​នេះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ ឯកឧត្តម មិន ឃិន ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​បន្ត​ចាត់វិធានការ​ទៅលើ​បុគ្គល ធាន វុទ្ធី ដែល​បាន​តាំង​ខ្លួន​ជា​ព្រះ​សិ​អា​មេត្រី ​នៅ​វត្ត​ទួលរា​ជា​ ស្ថិត​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ដែល​បានបោកប្រាស់​ពលរដ្ឋ​ខ្មែរ និង​បង្ខំ​ឲ្យ​ព្រះសង្ឃ​ថ្វាយបង្គំ​ខ្លួន ​នាំឲ្យ​មាន​ការ​អាប់ឱន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ បាន​ព្រមាន​វាយ​ខ្នោះ​ជាមុន​ទៅ​លើ​រាល់​បុគ្គល​ទាំងឡាយ ​ដែល​បំពាន​ច្បាប់ និង​សាសនា មុននឹង​ធ្វើការ​សួរនាំ​ជា​ក្រោយ ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​វិធានការណ៍​ស្របតាម​ស្តង់ដារ​របស់​អាមេរិក និង​មិន​រំលោភ​ដល់​សិទ្ធិមនុស្ស​ឡើយ៕

No comments:

Post a Comment