
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍លើកទឹកចិត្តក្រុមកាយរិទ្ធិកម្ពុជា ក៏ដូចជាកាយរិទ្ធិក្នុងពិភពលោកឲ្យជួយលើកកម្ពស់សង្គមជាតិ ដោយជំរុញឲ្យយុវជនងាកមករកការងារសង្គម ដើម្បីប្រយោជន៍ខ្លួនឯង និងសង្គមជាតិទាំងមូល។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាកាយរិទ្ធិថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) ស្តីពីការគាំទ្រមនុស្សពេញវ័យ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ផ្តល់ជាអនុសាសន៍ថា មនុស្សចាស់ត្រូវជួយយុវជន ឲ្យមានទំនួលខុសត្រូវចំពោះការងារ ព្រោះថាការងារក្រុមកាយរិទ្ធិនឹងទទួលបានការអប់រំក្រៅប្រព័ន្ធ ដែលផ្តល់ជំនាញឱកាស ឲ្យពួកគេកសាងខ្លួន តាមរយៈការអប់រំ ការហ្វឹកហាត់ និងធ្វើការងារជួយសង្គមជាតិ។ ការសំខាន់គឺការផ្តល់បទពិសោធន៍ល្អរបស់មនុស្សចាស់ ទៅដល់យុវជនជំនាន់ក្រោយ សម្រាប់ការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាប្រធានកាយរិទ្ធិជាតិកម្ពុជាផងដែរ បានលើកឡើងនូវពាក្យស្លោក “គ្មានយុវជន គ្មានកាយរិទ្ធិ” ដោយឯកឧត្តមបញ្ជាក់ថា កាយរិទ្ធិគឺជាចលនាសម្រាប់ប្រជាជនវ័យក្មេង ដែលត្រូវបានរៀបចំដឹកនាំគាំទ្រ ដោយបណ្តាយុវជនពេញវ័យ និងបណ្តាអ្នកដឹកនាំ។ ចលនាកាយរិទ្ធិមិនអាចមានការរីកចម្រើន ដោយគ្មានការគាំទ្រ និងរួមវិភាគទានទាំងស្មារតី និងគំនិតប្រាជ្ញា ពីមនុស្សពេញវ័យបានឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងដែរថា នៅពេលខាងមុខឆាប់ៗនេះ អង្គការកាយរិទ្ធិពិភពលោក នឹងចុះហត្ថលេខាជាមួយអង្គការយូណេស្កូ ដើម្បីឲ្យកាយរិទ្ធិចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌពិភពលោក។ ដោយរំលឹកឡើងអំពីខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទជាសម្បត្តិបេតិកភណ្ឌជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្វាគមន៍ការបោះជំរំរបស់កាយរិទ្ធិនៅក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា សិក្ខាសាលាកាយរិទ្ធិថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) បានប្រារព្ធធ្វើនៅរាជធានីភ្នំពេញរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧មិថុនា ក្រោមប្រធានបទ ស្តីពី “ការគាំទ្ររបស់មនុស្សពេញវ័យ” ដោយមានប្រតិភូកាយរិទ្ធិ ៣៦នាក់ មកពី ១១ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួម។

លោក ចូហ្វ រីហ្សាល ប៉ាងហ្គីលីណាន់ (Jose Rizal Pangilinan) នាយកតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការចលនាកាយរិទ្ធិពិភពលោក បានចាត់ទុកថា សិក្ខាសាលាកាយរិទ្ធិថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) ជាការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាសម្រាប់ជំរុញការអនុវត្តគោលនយោបាយចលនាកាយរិទ្ធិពិភពលោក ធ្វើឲ្យយុវជនយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងសង្គម។ លោក ចូហ្វ រីហ្សាល ប៉ាងហ្គីលីណាន់ (Jose Rizal Pangilinan) បានកោតសរសើការរីកចម្រើនចលនាកាយរិទ្ធិកម្ពុជា ក៏ដូចជាការរៀបចំធ្វើបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូបានល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះ ពីអង្គការកាយរិទ្ធិកម្ពុជា។

សូមបញ្ជាក់ថា នេះជាលើកទី៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់ចលនាកាយរិទ្ធិពិភពលោក ដែលបច្ចុប្បន្នមានសមាជិកប្រមាណ ៤០លាននាក់ មកពី ១៦២ប្រទេស។ ក្នុងនោះចលនាកាយរិទ្ធិជាតិកម្ពុជាបានចូលជាសមាជិក នៅក្នុងឆ្នាំ២០០៨ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចលនាកាយរិទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥៦។ បច្ចុប្បន្នចលនាកាយរិទ្ធិជាតិកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគរុគណ មានសមាជិកជាង ១៥០០០នាក់៕
No comments:
Post a Comment