សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអសាទរ ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិភាក្សារវាងស្ថាប័នអយ្យការនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ដែលបានឈានទៅដល់ការចុះអនុស្សរណៈជាមួយគ្នា ហើយក៏បានស្នើសុំឲ្យស្ថាប័ន ទាំងពីរបន្តសហការជាមួយគ្នាបន្តទៀត។
ប្រសាសន៍ស្វាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឡើង ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តម Khamsane Souvong អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៤ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តម Khamsane បានជម្រាបសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ គឺជាដំណើរទស្សនកិច្ចលើកទី១ ហើយក៏ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលបើកឲ្យទូលាយនូវទំនាក់ទំនងរវាងស្ថាប័នរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការកំពូលអមតុលាការកំពូលកម្ពុជា។
ឯកឧត្តម Khamsane ឲ្យដឹងពីទំនាក់ទំនងរវាងស្ថាប័នអយ្យការនៃព្រះរាជាណាចក្រកម្ពុជាថា កាលពីម្សិលមិញ (១៩មិថុនា) ស្ថាប័នទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងល្អ ហើយក៏បានឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈ ដែលក្នុងនោះមានអត្ថន័យ ដោយមានការព្រមព្រៀងគ្នាក្នុងការផ្លាស់ប្ដូរទស្សនកិច្ច បទពិសោធន៍ ក៏ដូចជាផ្លាស់ប្ដូរនូវការ បណ្ដុះបណ្ដាលមន្ត្រីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ល្អ និងបានព្រមព្រៀងគ្នាធ្វើការជំរុញឲ្យមានការអនុវត្តច្បាប់ ដែលមានស្រាប់នៅតាមព្រំប្រទល់របស់ប្រទេសទាំងពីរ ដែលអ្វីៗទាំងនេះ គឺធ្វើយ៉ាងណាចូលរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង រវាងប្រទេសទាំងពីរ៕
No comments:
Post a Comment