ដោយចាត់ទុកទិវាវប្បធម៌ជាតិ ៣មីនា ជាចលនាសកម្មមួយទៀត ក្នុងការបណ្តុះគំនិតអប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីតម្លៃវប្បធម៌ជាតិ សកម្មភាពសិក្សាស្រាវជ្រាវ និងស្វែងយល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ បានមានប្រសាសន៍ជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយកចិត្តទុកដាក់ ប្រកាន់យកវិធានការច្បាប់ឱ្យបានហ្មឺងម៉ាត់ ដើម្បីលើកកម្ពស់មោទនភាព និងកិត្យានុភាពជាតិ ដោយត្រូវទប់ស្កាត់ឲ្យបាននូវការលួចចម្លងស្នាដៃសិល្បៈបរទេស ក៏ដូចជាយកចិត្តទុកដាក់បំផុសលើវប្បធម៌ម្ហូបខ្មែរផងដែរ។
ដោយមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន អមដំណើរ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៦ ឆ្នាំ ២០១៤ ក្រោមប្រធានបទ៖ “អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌ជាតិ” នៅសាលសន្និសីទចតុមុខ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំនៅតែយល់ថា ទោះបីជាទិវានេះត្រូវបានរំលឹកឡើងតែក្នុងរយៈពេលមួយថ្ងៃក៏ពិតមែន ប៉ុន្តែស្មារតីនៃទិវាវប្បធម៌ជាតិនេះនឹងមានអត្ថិភាពគ្របដណ្តប់ ទៅលើចិត្តគំនិត ឥរិយាបថ និងសកម្មភាពអនុវត្តន៍របស់ប្រជាជនយើងពីគ្រប់មជ្ឈដ្ឋានក្នុងការ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ជាតិនៅក្នុងគ្រប់ពេល វេលា ទាំងបច្ចុប្បន្ន និងតទៅអនាគត។
សម្តេចតេជោថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមី នាជារៀងរាល់ឆ្នាំដើម្បី ប្រារព្ធទិវាវប្បធម៌ជាតិនេះនៅទូទាំងប្រទេសក្នុងគោលបំណងបំផុស មនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដ៏សម្បូណ៌បែបរបស់ជាតិដល់ប្រជា ជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលតាមរយៈទិវានេះបានលើកទឹកចិត្តឲ្យធ្វើការផ្សព្វផ្សាយបញ្ជ្រាប និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរ ដ៏សម្បូណ៌បែប ដើម្បើឲ្យស្រទាប់យុវជន និងប្រជាជនចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ដែលជាដួងព្រលឹងជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរនោះ។
សម្តេចតេជោបានមានប្រសាសន៍លើកទឹកចិត្តថា ត្រូវខិតខំបង្កើតផលិតផលវប្បធម៌ថ្មីឲ្យបានច្រើន ដែលនឹងបម្រើឲ្យផលប្រយោជន៍ថែមទៀត ដល់សង្គមជាតិ និងប្រជាជន ប៉ុន្តែដាច់ខាតមិនអាចអភិវឌ្ឍវប្បធម៌សិល្បៈ ដែលប្រាសចាកពីទម្រង់ នៃវប្បធម៌ជាតិ ប្រាសចាកពីសេចក្តីថ្លៃថ្នូរ និងគុណធម៌របស់មនុស្សជាតិបានឡើយ។
ក្នុងគោលដៅបន្តផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សិល្បៈដ៏ល្អផូរផង់របស់កម្ពុជា និងការលើកកម្ពស់ជីវភាពរបស់សិល្បៈករ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ខ្ញុំគាំទ្រចំពោះកម្មវិធីទៅសម្តែងនៅតាមបណ្តាប្រទេសនានា (របស់សិល្បៈករខ្មែរ) ប៉ុន្តែត្រូវមានយន្តការគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត។ ព្រមជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបណ្តាផលិតកម្មនៅកម្ពុជា លុបបំបាត់ចោលនូវវប្បធម៌ លួចចម្លងកម្មសិទ្ធិបញ្ញា ក៏ដូចជា ការលួចចម្លងពីបរទេសផងដែរ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា “សូមកាត់បន្ថយ និងចៀសវាងការលួចចម្លងទាំងដុលនូវ ស្នាដៃសិល្បៈរបស់បរទេស។
សម្តេចតេជោបានមានប្រាសន៍បញ្ជាក់ថា កុំភ្លេចថា ការលួចចម្លង គឺជាទោសកំហុសមួយ ហើយលើសពីនេះទៅទៀត ជាភាពអាបឱនមួយរបស់ជាតិ ហើយជាទង្វើមួយដែលប្រឆាំងនឹង “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” និង “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ” ដូច្នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវប្រកាន់យកវិធានការច្បាប់ឲ្យបានហ្មឹងម៉ាត់ ដើម្បីលើកកម្ពស់មោទនភាព និងកិត្យានុភាពជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំថា ដើម្បីមានស្នាដៃល្អ ត្រូវមានជំនាញ និងចំណេះដឹងច្បាស់លាស់ ប្រកបដោយគុណភាព ដូច្នេះក្រសួងវប្បធម៌ត្រូវបង្កើតវគ្គបណ្តុះបណ្តាល វគ្គបំប៉ន ឬវគ្គវិក្រឹត្យការឲ្យបានច្រើន ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន រាជធានី-ខេត្ត ពិសេសខេត្តណា ដែលមានសក្តានុពលវប្បធម៌ និងទេសចរណ៍។
ក្រៅពីជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុវត្តច្បាប់កម្មសិទ្ធបញ្ញា ដើម្បីលើកស្ទួយកិត្យានុភាពវប្បធម៌ និងគំនិតច្នៃប្រឌិតរបស់ខ្មែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការយកចិត្តទុកដាក់លើវប្បធម៌ម្ហូបខ្មែរ ដូចជា ត្រសក់ចាវ ម៉ាំល្ហុង និង ត្រីឆ្អើរ ជាដើម ដែលត្រូវធ្វើឲ្យវាក្លាយទៅជាអត្តសញ្ញាណមួយរបស់ខ្មែរ ដែលអាចពង្រីកទៅជាឧស្សាហកម្មម្ហូបខ្មែរ ដែលត្រូវបានធ្វើពាណិជ្ជកម្មនៅទូទាំងប្រទេស និងពិភពលោកផងដែរ។
ដោយបានលើកឧទាហរណ៍ពីគីមជី ដែលជាម្ហូបប្រពៃណីរបស់ប្រជាជនកូរ៉េ សម្តេចតេជោ បានមានប្រសាសន៍អំពីម្ហូបខ្មែរថា ចំណុចនេះយើងមិនត្រូវមើលរំលងទេបណ្តាប្រទេសនិមួយៗ គេបានខិតខំណាស់ នៅពេលដែលយើងបានទៅដល់ប្រទេសគេៗ ក៏ចាប់ផ្តើមដាក់ម្ហូបជាប្រពៃណីរបស់គេមក ទទួលយើង។ សម្តេចតេជោបានបន្តថា ដូចនេះពេលជប់លៀងម្តងៗយើងក៏អាចបង្ហាញ ម្ហូបរបស់យើងដែរ ដើម្បីឲ្យគេឃើញពីម្ហូបរបស់យើង ដែលមានត្រសក់ចាវ ម៉ាំល្ហុង និងត្រីឆ្អើរ។
ជាមួយនឹងការលើកឡើងឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ កន្លងទៅនេះកម្ពុជាសម្រេចបានចំនួនភ្ញៀវទេសចរ អន្តរជាតិមកទស្សនាកម្ពុជាប្រមាណជាង ៤លាននាក់ ក្នុងអត្រាកំណើន ១៧,៥% ធៀប នឹងឆ្នាំ ២០១២ ហើយនៅក្នុង ក្នុងឆ្នាំ ២០១៣ កន្លងទៅកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៦% ក៏ដូចជារំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចរក្សាបានក្នុងអត្រាកំណើនលើសពី ៧% សម្រាប់ ឆ្នាំនេះ និងក្នុងរយៈពេលមធ្យមទៅមុខទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កត់សំគាល់ថា "ទាំងអស់នេះជាទិដ្ឋភាពដែលយើង អាចមើលឃើញអំពីភាពប្រទាក់ក្រឡាគ្នារវាងវិស័យវប្បធម៌ ទេសចរណ៍ និងសដ្ឋកិច្ច ។ ដូច្នេះគឺជាការចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយក ចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារ និងអភិរក្សឲ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្ត អភិវឌ្ឍន៍សម្បត្តិវប្បធម៌ទាំងអស់នោះឲ្យកាន់តែមានជីវិតរស់រវើកថែម ទៀតផង"។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន សូមចូលរួមធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌នេះឲ្យបានសកម្ម ផុលផុសទាំងក្នុង និងក្រៅប្រទេស និងបានឧទ្ទិសទិវាវប្បធម៌ជាតិ៣ មីនាលើកទី១៦ ជាថ្ងៃរំលឹកដល់គុណូបការៈបុព្វបុរស និងដូនតាខ្មែរ និងសូមឲ្យទិវានេះ ស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនគ្រប់រូបប្រកបដោយមនសិការចូលរួម ថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានវឌ្ឍនភាពជានិច្ចនិរន្តរ៍៕
No comments:
Post a Comment