ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យឯកសារ និងកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន៧ យ្យប្រជាមានិតឡាវ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងប្រទេសឡាវរយៈពេល២ថ្ងៃ (ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ ២០១៤)។ ប្រមុខរដ្ឋាភិបាលទាំងពីរ កម្ពុជា និង ឡាវ ក៏បានឯកភាពគ្នាជំរុញឲ្យក្រុមការងាររបស់ប្រទេសទាំងពីរ ពន្លឿនកិច្ចការបោះបង្គោលព្រំដែនឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបានក្នុងពេលខាង មុខនេះ។ នេះបើតាមការឲ្យដឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៤។
ទាក់ទងនឹងកិច្ចការព្រំដែនរវាងប្រទេសកទាំងពីរ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នោះ ថា គណៈ កម្មការសម្របសម្រួលព្រំដែនកម្ពុជា-ឡាវ គ្រោងធ្វើការប្រជុំនៅថ្ងទី ២១ និង ២២ ខែ កុម្ភៈឆ្នាំ ២០១៤ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលមាន ប្រវែង ៥៤០ គីឡូម៉ែត្របានបញ្ចប់នៅពេលខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះប្រទេសទាំងពីរ(កម្ពុជា-ឡាវ) បានធ្វើការបោះបង្គោលព្រំដែនបាន ចំនួន ១២១ កន្លែងរួចហើយ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៃរដ្ឋាភិបាលទាំងពីរ កម្ពុជា-ឡាវ នៅក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ថងស៊ីង ថាំម៉ាវង្ស បានមានប្រសាសន៍ចាត់ទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសឡាវនៅពេលនេះគឺ ជាការបន្តធ្វើវិភាគទានក្នុងការអភិវឌ្ឍ និងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរឡាវ-កម្ពុជា ហើយនៅក្នុងជំនួបចរចារទ្វេភាគីប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាលពីពេលកន្លងមក។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់នូវខ្សែកាប្លិ៍អុបទិកនៃប្រទេសទាំងពីរ ដែលនោះគឺជាការរួមចំណែកដល់ការពង្រីកទំនាក់ទំនង និងការតភ្ជាប់ប្រកបដោយភាពជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ទាក់ទិននឹងការជំរុញឲ្យមានការពង្រីកការហោះត្រង់ នៃប្រទេសទាំងពីរឲ្យមានចំនួនទ្វេដង សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យមានការបង្កើតឡើងនូវគណៈកម្មាធិការចម្រុះ នៃប្រទេសទាំងពីរ ក្នុងការកសាងស្ពានឆ្លងកាត់ប្រទេសទាំងពីរក្នុងភូមិសាស្រ្តខេត្តព្រះវិហារកម្ពុជា ជាមួយខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ ដែលកិច្ចការដ៏មានសារសំខាន់នេះថ្នាក់ដឹកនាំទាំងពីរបានប្រគល់ភារកិច្ចឲ្យរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរធ្វើការពិភាក្សាគ្នាបន្ត។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់សមភាគីឡាវ ធ្វើយ៉ាងណាជំរុញឲ្យមានការដឹកជញ្ជូនតាមផ្លូវគោក ឲ្យកាន់តែមានចំនួនច្រើនជាងមុន ក្នុងន័យជំរុញកំណើននៃវិស័យទេសចរណ៍ និងការដឹកជញ្ជូនពាណិជ្ជកម្ម។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍នូវសេចក្តីសម្រេចរបស់ប្រទេសឡាវ ក្នុងការបង្កើត ការិយាល័យអគ្គកុងស៊ុលរបស់ប្រទេសឡាវ ក្នុងខេត្តសៀមរាប ហើយក្នុងជំនួបនោះប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពីការជំរុញឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរធ្វើការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើដល់សមភាគីឡាវ ធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យមានការកើនឡើងទ្វេដង ពោលគឺទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលមានត្រឹមតែប្រមាណ ១០ លានដុល្លារក្នុងឆ្នាំ ២០០០ ឲ្យកើនដល់ ២០ លានដុល្លារនៅឆ្នាំ២០១៤ ឬឆ្នាំ២០១៥ ខាងមុខនេះ។
ក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នោះដែរ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការកាប់ឈើខុសច្បាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការជំរុញឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ នៃអាជ្ញាធរខេត្តតាមព្រំដែន ពិសេសការឯកភាពគ្នាក្នុងការបង្កើតឡើងនូវសម្ព័ន្ធមេត្រីភាពរវាងទីក្រុង និងទីក្រុង ខេត្ត និងខេត្ត។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏ បានធ្វើការពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនឹងការជំរុញកិច្ចសហប្របត្តិការ ក្នុងតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម តំបន់ត្រីកោណមរកតកម្ពុជា ឡាវ ថៃ កិច្ចសហប្រតិបត្តិការនៃប្រទេសអេកម៉ិក-មេគង្គ និងបញ្ហាដទៃទៀត ដែលមានផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវមានប្រសាសន៍ថា ប្រទេសឡាវ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលតាមរយៈនេះភាគីឡាវ នឹងជំរុញឲ្យការនាំចូលប្រភពថាមពលអគ្គិសនីពីឡាវ មកកាន់ប្រទេសកម្ពុជាឲ្យមានការកើនឡើងពី ១១៥ គីឡូវ៉ុលដល់ ១៣០ គីឡូវ៉ុល រួមទាំងការការសាងបណ្តាញបញ្ជួនអគ្គិសនីឲ្យកាន់តែទូលំទូលាយថែមទៀត។ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរក៏បានពិភាក្សាលើបញ្ហាសង្គម វប្បធម៌ សិល្បៈ សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការជំរុញឲ្យមានការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវបានទទួលយកការអញ្ជើញរបស់ សម្តេចតេជោ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយជ្រើសរើសពេលវេលាដ៏សមស្របណាមួយ។
ឯកឧត្តម កៅ គឹមហ៊ួន បានឲ្យដឹងទៀតថា ក្នុងឱកាស ស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងវៀងច័ន្ទ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជុំម៉ាលី សាយ៉ាសន (Choummaly Sayasone) អគ្គលេខាបក្សប្រជាជនបដិវត្តន៍ ឡាវនិងជាប្រធានរដ្ឋឡាវ នៅវិមានរដ្ឋឡាវ ដែលឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានសំដែងនូវការអបអរសាទរជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ពីការបោះឆ្នោតសកលកាលពីពេលថ្មីៗកន្លងទៅ ពិសេសឯកឧត្តមសូមចូលរួមអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជាថ្មីជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ ឯកឧត្តមក៏បានអបអរសាទរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានសំដែងនូវការអបអរសាទរផងដែរ ដោយបានជួបពិភាក្សាគ្នាជាមួយសម្តេចតេជោសាជាថ្មីម្តងទៀត ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ នឹងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។
ឯកឧត្តមប្រធានរដ្ឋឡាវបានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅ ពេលនេះគឺជាការពូនផ្តុំនូវទំនាក់ទំនងទ្វេភាគីសម្រាប់ប្រជាជាតិនៃ ប្រទេសទាំងពីរ កម្ពុជា-ឡាវ។
ក្នុងឱកាសជួបសម្តែងការគួរសមជាមួយឯកឧត្តមប្រធានរដ្ឋឡាវ ក្នុងព្រះបរមនាមព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគោរពអញ្ជើញឯកឧត្តម ជុំម៉ាលី សាយ៉ាសន ប្រធានរដ្ឋឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជាក្នុងគោលដៅជំរុញ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជា-ឡាវនោះ។
ដោយឡែក ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកជំទាវ ប៉ានី យ៉ាថរូ (PanyYathotou) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានសភាឡាវជាមួយនឹងការពាំនាំ នូវការជូនពរពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកជំទាវប្រធានសភាឡាវ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំសភាឡាវ ដែលបានគាំទ្រចំពោះគម្រោងនានារបស់រដ្ឋាភិបាលឡាវ ដែលជំរុញឲ្យមានការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ។
លោកជំទាវប្រធានសភាឡាវមានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់បំផុត ចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីមកកាន់ប្រទេសឡាវនៅពេលនេះ។ លោកជំទាវ មានប្រសាសន៍បន្តថា ក្នុងនាមសភា និងប្រជាជនឡាវលោកជំទាវសូមសំដែងនូវការគាំទ្រ និងចូលរួមអបអរសាទរជូនចំពោះ សម្តេចតេជោដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត។
សូមបញ្ជាក់ថា ឯកសារ និងកិច្ចព្រមព្រៀងសំខាន់ៗទាំង ៧ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពនៃប្រមុខរដ្ឋាភិបាលទាំងពីរ កម្ពុជា-ឡាវ នោះរួមមាន៖
ទី១-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតអគ្គកុងស៊ុលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចុះហត្ថលេខារវាង ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយ និងឯកឧត្តមបណ្ឌិត ថោងលួន ស៊ីសូលីទ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស។
ទី២-កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំសម្រាប់ឆ្នាំ ២០១៤-២០១៨ ចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយឯកឧត្តមបណ្ឌិត ផាន់ខាំ វោផាវ៉ាន់ រដ្ឋមន្រ្តីក្រសួងអប់រំនិងកីឡា។
ទី៣-កិច្ចព្រមព្រៀងស្តីពី ការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទចុះហត្ថលេខារវាងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញជាមួយឯកឧត្តម សុកាន់ មាហាឡាត អភិបាលក្រុងវៀងច័ន្ទ។
ទី៤-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យច្បាប់ និងយុត្តិធម៌ចុះហត្ថលេខាដោយឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ចាលឺន យៀប៉ាវហឺ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ទី៥-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ២០១៤-២០១៧ ចុះហត្ថលេខាដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បសែងខាំ វង្សដាឡា រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍។
ទី៦-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អេកសាវ៉ាង វង្សវិជិត រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ទី៧-ផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៤ រវាងក្រសួមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចុះហត្ថលេខាដោយឯកឧត្តម ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ។
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៥៦ បានផ្តាច់ទំនាក់ទំនងការទូតនៅខែមេសា ឆ្នាំ១៩៧៥ និងបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញនៅខែមករាឆ្នាំ១៩៧៩។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ។
លើវិស័យទេសចរណ៍ក្នុងរយៈពេល ១១ ខែឆ្នាំ ២០១៣ ភ្ញៀវទេសចរឡាវមកទស្សនាប្រទេស កម្ពុជាមានចំនួន ៣៧៦ ២២៦ នាក់ជាមួយគ្នានេះពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល៦ខែ ឆ្នាំ ២០១៣ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសឡាវមានទំហំ ១៩៦ ៦១៤ ដុល្លារ និងការនាំចូលពីឡាវ មកកាន់កម្ពុជាមានទំហំ ២ ៦៧៧ ៥៤១ ដុល្លារ ដោយឡែកលើការអភិវឌ្ឍធនធានមនុស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សានៅឡាវមានចំនួន ៥៧ នាក់ និងនិស្សិតឡាវដែលកំពុងសិក្សានៅកម្ពុជា មានចំនួន ៤៣ នាក់៕
No comments:
Post a Comment