Sunday, December 15, 2013

បទ​អត្ថាធិប្បាយ​៖ ​សេចក្តី​ប្រកាសរួម ដើម្បី​ដំ​ណោះ​​ស្រាយ​បញ្ហា​ជាតិ​ ​ ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​គណបក្សប្រឆាំង​



បទ​អត្ថាធិប្បាយ​៖
​សេចក្តី​ប្រកាសរួម ដើម្បី​ដំ​ណោះ​​ស្រាយ​បញ្ហា​ជាតិ​
​ ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​គណបក្សប្រឆាំង​

          សេចក្តី​ប្រកាសរួម​ នៃ​ជំ​នួប​កំ​ពូល​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្សសង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ កន្លង​ទៅ នៅ​មន្ទីររដ្ឋសភា​ ត្រូវ​បាន​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាន់​ឈ្លី និង​បាន​បង្កើត​ឡើង​នូវបញ្ហា​ថ្មី​ៗបន្ថែម​ទៀត​ជាច្រើន​។
តើការ​ព្រម​ព្រៀង​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ដោយ​មាន​ទាំង​ការ​ចុះ​ហត្ថលេខាជា​សាក្សី​​​ពី​​មេដឹក​នាំ​គណបក្ស​ប្រឆាំងផង​នោះ​ វា​គ្រាន់​តែជា​នយោបាយ​ឡប់​ឡែ​ ឬ​ក៏​ពួក​បក្សប្រឆាំង​ជា​ក្រុម​ប្រភេទមនុស្សដែលមាន​តែ​ការ​ភូត​កុហក់ ដើម្បី​កេង​ចំ​ណេញ​នយោបាយ​?។
          ជានិច្ច​កាល​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង សម រង្ស៊ី និង​ កឹម សុខា តែង​តែ​និយាយថា ​គោរព​តាម​ឆន្ទៈប្រជាពល​រដ្ឋ​ និង​ថា ​ប្រជា​ពល​រដ្ឋជា​អ្នក​មិន​ឱ្យ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ មិន​ឱ្យ​ចូល​ប្រជុំ​សភា និង​ប្រាប់​ថា ត្រូវ​តែ​ធ្វើ​បាតុកម្ម​........។ល។  បន្ថែម​ពី​លើ​នេះ កាលពី​មុន​នោះ ពួក​គេស្រែក​ថា គណបក្ស​គេម្តងបាន​៦៣អាសនៈ ម្តងថាបាន​ ៧៣ និងក្រោយ​មក​ថា បាន៧៥​អាសនៈ ។​ បន្ទាប់​មក​ទៀត ទា​ម​ទារឱ្យ​ផ្ទៀង​ផ្ទាត់​ រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​។ ដល់​ពេល​​គជប និងក្រុម​ប្រឹក្សាធម្មនុញ្ញ រក​មិន​ឃើញ​អំពី​ភាព​មិន​ប្រក្រតី​ និង​ថែម​ទាំង​បាន​ចេញ​ផ្សាយ​សៀវ​ភៅ​ «ស » ​ជា​សាធារណៈទៀត​នោះ ក៏មិនឃើញ​​មាន​ប្រតិកម្ម​អ្វី​តប​តអស់​មួយ​រយៈ​មក​នេះ។
អី​ឡូវ​ មាន​របាយការណ៍​ពី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំ​នួន ​​ជាអង្គការ​សម្ព័ន្ធ​មិត្ត​ បាន​ជួយ​បន្ទរថា គេរក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំ​វិញ​ការ​បោះ​ឆ្នោត​ទៀត​ ស្រប​ពេល​ដែល​គណបក្ស​ខ្លួន​ជា​បក្ស​ចាញ់​ឆ្នោត​ផង​នោះ  កឹម សុខា ក៏​ឆក់​យក​របាយការណ៍​នោះ​ យក​មកចិញ្ចឹមចលនាតវ៉ា​ប្រឆាំង​ជាមួយ​លទ្ធផល​ឆ្នោត​ជា​ថ្មី​ទៀត​ ដោយទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ និង​បាន​និយាយ​បំ​ភ្លើសថា ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ គឺ​មិន​មែន​នៅ​ពេល​ខាង​មុខទេ គឺ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ និង​ទាម​ទារ​យក​ជ័យ​ជំ​នះ​ឱ្យ​បានមក​វិញ​​​។ តាមរយៈការ​ចេញ​ផ្សាយ​នូវ​របាយការ​ណ៍​ អំពី​ការ​បោះ​ឆ្នោតក្នុង​ខណៈនេះ ត្រូវ​បាន​គេគិត​​ថា អង្គការ​មួយ​ចំ​នួន​បានស្ថិត​នៅ​ពី​ក្រោយ​ការ​ផ្សំ​គំ​និត​ ដោយ​សហការ​ផ្តល់​ជំ​នួយ​សម្រាប់​ការ​គាំ​ទ្របក្សនយោបាយ​ប្រឆាំង​ ដើម្បី​​ជំ​ទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត​ នៅ​ពេល​ដែល​រាជ​រដ្ឋាភិបាល​ និង​រដ្ឋសភា បាន​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​មុខក្នុង​កិច្ច​ការ​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ហើយ​នោះ​។
ចំ​ណែក​ឯ លោក សម រង្ស៊ី វិញ​ត្រូវបាន​បណ្តាញ​ផ្សព្វ​ផ្សាយ​មួយចំ​នួន​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា ចាប់​ពី​ថ្ងៃទី​១៥ ខែ​ធ្នូ​តទៅ គណបក្សសង្គ្រោះ​ជាតិ​នឹង​រៀប​ចំ​បាតុកម្ម​រៀង​រាល់​ថ្ងៃ​ ឥត​ឈប់​ទេ ដើម្បី​ទាម​ទារ​ជាដាច់​ខាត​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ក្នុង​ពេល​ឆាប់​ៗខាង​មុខនេះ។
យោងតាម​ការ​ផ្លាស់​ប្តូរជំ​ហរឥត​ឈប់​ឈនេះ ក្រុម​អ្នក​វិភាគ​មួយ​ចំ​នួន​បាន​និយាយថា ការ​ធ្វើ​នយោបាយគ្មាន​ភាព​ច្បាស់​លាស់ ប្រៀប​ដូច​មនុស្សប្រមឹក « ស្វាងតឹង​ ស្រវឹង​ធូរ» បែប​នេះ វាគ្រោះ​​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ជាតិ ដែល​បញ្ហា​ទាំង​អស់​នោះ គណបក្ស​ប្រឆាំង​​គួរ​តែ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំ​នួប​កាលពី​ថ្ងៃ​ទី​១៦ ​ខែកញ្ញា កន្លង​ទៅ​ ប៉ុន្តែ ពួក​គេបាន​ខកខាន។
បើងាក​មក​ពិនិត្យ​ឡើង​វិញ​​ ​ ​​អំពីខ្លឹម​សារ​នៃ​សេចក្តី​ប្រ​កាសរួមនៃ​ជំ​នួប​កំ​ពូល​រវាង​មេដឹក​នាំ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរកាលពី​ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៣   គឺបាន​បញ្ជាក់​យ៉ាង​ច្បាស់​ ​អំ​ពី​ការ​ព្រម​ព្រៀង​គ្នាលើ​ចំ​នុច​អាទិ​ភាព​ចំ​នួន​៣ សម្រាប់​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ ក្នុង​នោះ​រួម​មាន​៖ ទី១‑ គណបក្ស​ទាំង​ពីរប្តេជ្ញា អនុវត្ត​ដោយ​​ហ្មត់​ចត់​តាម​ព្រះ​រាជសាររបស់​ព្រះ​មហាក្សត្រ​ចុះ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បាន​អំ​ពាវ​នាវ​ដល់​ជន​រួម​ជាតិ​ទាំងមូល​អត់​ធ្មត់​ជាអតិ​បរិមា ដើម្បីបញ្ចៀសអស្ថិរភាព​នៃ​ជាតិ​យើង ព្រម​ទាំង​រក្សាភាព​ថ្លៃ​ថ្នូ​រ និង​ភាព​ស្ងប់​ស្ងៀម​ ដើម្បី​ទុ​ក​ឱកាស​រក​ដំ​ណោះ​ស្រាយ​​បញ្ហាជាតិ​ទាំង​អស់​គ្នា​ ទី​២‑ ភាគី​ទាំង​ពីរព្រម​ព្រៀង​គ្នា​ នឹង​បង្កើត​យន្ត​ការ​មួយ​ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ និង​ទី៣‑ ភាគី​ទាំង​ពីរ នឹង​បន្ត​ជួប​ចរចាគ្នា​តទៅ​ទៀត​ តាម​គ្រប់កម្រិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​។
បន្ទាប់​ពី​ចេញ​សេចក្តី​ប្រកាសរួម​នេះ​រួច​មក ប្រជាពល​រដ្ឋ​ខ្មែរ     ហាក់​ដូច​ជា​មាន​​នូវ​សេចក្តី ​​សង្ឃឹម​ដ៏​មុត​មាំថា អំ​ណឹះ​តទៅ អ្នក​នយោបាយទាំង​ពី​រគណបក្ស​ធំ​ៗ ​បាន​មូរមាត់ ​​រួប​រួម​ឯកភាព​គ្នាជា​ធ្លុង​មួយ​​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា ហើយ​ប្រាកដជានឹង​​បញ្ចៀសបាន​នូវ​ការ​ឈ្លោះ​ទាស់​ទាញ​គ្នា​ និង​បញ្ឈប់​ការ​បង្កើត​ឧបសគ្គ​ ឬ​ក៏វិបត្តិ​ដល់​សង្គម​ទៀត​ហើយ។
គេក៏​បាន​ដឹង​ដែរថា ឆ្លើយ​តប​នឹង​គោល​បំ​ណង​ដ៏​ពិសិដ្ឋ​នេះ រាជ​រដ្ឋាភិបាល​ ក៏​បានយក​ការ​ឯកភាព​គ្នា​នេះ​ ដោយ​ចេញ​ជា​សេចក្តី​ប្រកាសព័ត៌មាន​ជា​បន្ទាន់​អំពី​កិច្ច​ការ​ចាំ​បាច់​មួយ​ចំ​នួន​​ នៃ​ដំ​ណើរការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ក្នុង​ន័យ​ថា ការ​បោះ​ឆ្នោត​កន្លង​មក​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ជា​ស្ថាពរហើយ​ ហើយ​រាជ​រដ្ឋាភិបាល​ក៏​បាន​ចាប់​ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​អាណត្តិ​ទី​៥ លើ​ការ​ងារ​ជា​អាទិ​ភាព​នានាជា​ច្រើន​ផង​ដែរ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​កែ​ទម្រង់​ដ៏​ស៊ី​ជម្រៅ​ លើ​ផែន​ការ​ កសាង និង​អភិវឌ្ឍ​ជាតិឱ្យ​បាន​សំ​បូររុង​រឿង​ជា​លំ​ដាប់​។
ចំពោះ​ ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត រាជ​រដ្ឋាភិបាល​ បាន​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​មហាផ្ទៃ​រៀបចំ​សិក្ខាសាលា នៅ​មុន​បំ​ណាច់​ឆ្នាំ​២០១៣ ដើម្បី​ប្រមែប្រមូល​មតិ​យោ​បល់​ និង​អនុសាសន៍​នានាពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ សំ​ដៅ​កសាង​ឱ្យ​បាន​នូវ​ក្រប​ខ័ណ្ឌ​កំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​នីតិរដ្ឋ​។      សិក្ខាសាលា​នោះ​ ​នឹង​បើក​ទូ​លាយ​ឱ្យ​មាន​ការ​ចូល​រួម​ពី​តំ​ណាង​ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិ​​ នី​តិប្រតិបត្តិ តំ​ណាង​គណ​បក្ស​នយោបាយ​ គជប សង្គម​ស៊ី​វិល​ អង្គការ​អន្តរជាតិ​ ដៃ​គូ​អភិ​វឌ្ឍ​ន៍ ស្ថាប័ន និង​អ្នក​ពាក់​ព័ន្ធ​​ដទៃ​ទៀត។
ប៉ុន្តែ ជា​អកុសល ថ្នាក់​ដឹក​នាំ​គណបក្សសង្គ្រោះ​ជាតិ​ បានចុះ​ហត្ថលេខានឹង​ដៃ​ បែរ​ជា​ជា​ជាន់​ឈ្លីនឹង​ជើង តាម​រយៈ​ការបង្កើន​ល្បឿន​ធ្វើ​មហាបាតុកម្ម​ម្តង​ហើយ​ ម្តង​ទៀត ឥត​ឈប់​ឈរ  និង​បាន​ប្រកូក​ប្រកាស   ញុះ​ញង់​ប្រជា​ពល​រដ្ឋ​ឱ្យ​ងើប​ឡើង​ប្រឆាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​​ទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​បណ្តេញ​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​ចេញ​ពី​ដំ​ណែង ។
ប្រសិន​បើមេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​មាន​ភាព​ស្មោះ​ត្រង់​ នឹង​ប្រជា​ពល​រដ្ឋ ហើយ​ជា​អ្នក​មាន​នូវ​សច្ចៈធម៌​មែន​នោះ​ ពួក​គេនឹង​អនុវត្តតាម​ស្មារតី​នៃ​សេចក្តី​ប្រកាសរួម​នោះ​ដោយ​​បង្ហាញ​នូវ​សុឆន្ទៈពិត​ប្រាកដក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ពី​ព្រោះ​ទ្វាសម្រាប់​ការ​ចរចានៅ​បន្ត​បើក​ចំ​ហរនៅ​ឡើយ ដែល​មិន​គួរ​នឹង​គណបក្ស​ប្រឆាំង​សម្រេច​ជ្រើ​សរើសយក​ការ​ធ្វើ​បាតុកម្ម​ ដើម្បី​ដាក់​គំ​នាប​លើ​គណបក្ស​ដែល​មាន​អាសនៈច្រើ​ននៅ​ក្នុង​រដ្ឋសភានោះ​ទេ។ នោះ អាច​ថា ​ជា​កំ​ហុសផ្នែក​យុទ្ធសា​ស្ត្រ​មួយ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ការដឹក​នាំ​នយោបាយ​ ដោយ​ការ​ប្រើ​វិធី​ « ប្លន់ច្បាមយក​អំ​ណាចក្រៅ​រង្វង់​ច្បាប់»។​​
តើ​ឯណាទៅ​ជា​សុចរិត​ភាព និងការ​គិតគូរតម្កល់​ផល​ប្រយោជន៍​ជាតិ​ ដែល​គណបក្ស​ប្រឆាំង​ប្រកាសថា ខ្លួន​ជា​អ្នក​គោរព​ឆន្ទៈរាស្ត្រ និង​គោរព​ច្បាប់​នោះ​ ? ការ​ពិត​ គឺ​គ្មាន​សោះ​ឡើយ​ ពួក​គេមាន​តែ​នយោបាយ​ភូត​កុហក់តែប៉ុណ្ណោះ សូម្បី​ តែ​ព្រះ​រាជ​សាររបស់​​ព្រះ​មហាក្សត្រ ដែល​លោក សម រង្ស៊ី  កឹម សុខា និង​គណៈប្រតិភូ​របស់​ខ្លួន​ ​បាន​ចុះ​ហត្ថលេខា លើសេចក្តី​ប្រកាសរួម​ ថា គោរព និង​អនុវត្ត​​តាម​ ​ក៏​ត្រូវ​បាន​ជាន់​ឈ្លីដែរ ចុះ​ការ​សន្យាផ្សេង​ៗទៀត​ រួម​ទាំង​ទង្វើ​បំ​ពាន​ច្បាប់​ផងនោះ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ អាចនឹង​មិន​ខ្លាចញញើត​ក្នុង​ការ​ប្រព្រឹត្ត​​ឡើយ។


អត្ថបទ៖ ពូន សំ​រេច

No comments:

Post a Comment